ឫស្សីត្រូវបានគេស្គាល់ថា ជាប្រភេទរុក្ខជាតិមានសារៈប្រយោជន៍សំខាន់បំផុត ដែលជាទូទៅត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើផ្ទះ តុ  ទូ ឬគ្រឿងសង្ហារឹមជាច្រើនផ្សេងៗទៀត។ ម្យ៉ាងវិញទៀតនៅពេលដែលវាទើបតែដុះលូតលាស់ ឬហៅថាទំពាំង អ្នកក៏អាចយកវាធ្វើជាម្ហូបអាហារដ៏មានរសជាតិឆ្ងាញ់ និងផ្តល់អត្ថប្រយោជន៍ដល់សុខភាពទៀតផង។

អ្វីដែលកាន់តែពិសេសទៅទៀតនោះ ស្លឹកឬស្សីក៏អាចយកមកធ្វើជា តែ សម្រាប់ព្យាបាលជំងឺមួយចំនួនផងដែរ។ នេះក៏ព្រោះវាជាប្រភពនៃសារធាតុចិញ្ចឹមល្អៗជាច្រើន។ 

រូបភាពតំណាង

ហេតុនេះ យើងនឹងបង្ហាញអំពីវិធីធ្វើ តែស្លឹកឬស្សី ដូចខាងក្រោម៖

• ដំបូងអ្នកត្រូវយកស្លឹកឬស្សី(ស្រស់ ឬក្រៀម) ចំនួនសមល្មម ឬ ១ស្លាបព្រាកាហ្វេ ដាក់នៅក្នុងប៉ាន់តែ ឬឆ្នាំង ហើយចាក់ទឹក ២ ឬ៣ពែងចូល រួចដាក់ដាំរហូតវាពុះ។

• បន្ទាប់មកទុកវារយៈពេល ៣ ទៅ ៥នាទី (អ្នកអាចទុករយៈពេល១០នាទី ប្រសិនបើអ្នកចង់បានរសជាតិតែ ដែលមានរសជាតិខ្លាំង) រួចហើយស្រង់យកស្លឹកឬស្សីចេញ ដើម្បីទទួលទាន។ ជាមួយគ្នានេះផងដែរ អ្នកអាចបន្ថែមទឹកឃ្មុំបន្តិច ឬក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារធម្មតាបន្តិច (Lemon រកទិញនៅផ្សារទំនើប)  បើអ្នកចង់ទទួលបានរសជាតិបន្ថែម។

រូបភាពតំណាង

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ តែស្លឹកឬស្សីចំពោះសុខភាព៖

១/ ជួយឲ្យធ្មេញរឹងមាំ

ក្រៅពីទទួលទានទឹកដោះគោដើម្បីឲ្យធ្មេញរឹងមាំ  តែឬស្សីក៏អាចផ្តល់អត្ថប្រយោជន៍ដល់ការថែរក្សាសុខភាពធ្មេញឲ្យរឹងមាំបានដែរ ព្រោះវាមានផ្ទុកសមាសធាតុស៊ីលីកា (Silica) ដែលជាអ្នកដើរតួនាទីដោះស្រាយបញ្ហានេះ។

២/ កាត់បន្ថយកម្រិតជាតិស្ករក៏ដូចជាការពារពីជំងឺទឹកនោមផ្អែម

តែស្លឹកឬស្សី មានផ្ទុកទៅដោយជាតិកាកសរសៃ ដែលដើរតួនាទីក្នុងការកាត់បន្ថយជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព។ ហេតុនេះវាអាចជួយឲ្យរាងកាយមានកម្រិតជាតិស្ករក្នុងឈាមទាប ដែលធ្វើឲ្យអ្នកមានហានិភ័យនៃការកើតមានជំងឺទឹកនោមផ្អែមក៏ទាបទៅតាមនោះផងដែរ។ 

រូបភាពតំណាង

៣/ ជួយសម្រួលដល់ដំណើរការនោម

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺតែឫស្សីមានតួនាទីក្នុងការព្យាបាលបញ្ហាប្លោកនោម និងជួយធ្វើឲ្យប្រសើរឡើងនូវបញ្ហាដែលទាក់ទងទៅនឹងតម្រងនោម។ ដូច្នេះអ្នកអាចទទួលទាន តែស្លឹកឬស្សី បានជារៀងរាល់ថ្ងៃដើម្បីការពារពីបញ្ហាទាំងនេះ។

៤/ ព្យាបាលរបួសស្រាលៗ រលាក ឬហើម

តែស្លឹកឬស្សី ត្រូវបានគេប្រើចាប់តាំងពីសម័យបុរាណមក ហើយវាត្រូវបានគេជឿជាក់ថាប្រភេទភេសជ្ជៈ ដែលជួយកាត់បន្ថយការឈឺចាប់ដូចជានៅពេលមានរបួសណាមួយកើតឡើង។ 

គួរបញ្ជាក់ផងដែរថា ការរលាកនេះ អ្នកចាំបាច់ត្រូវធ្វើការព្យាបាលឲ្យបានលឿន ព្រោះវាអាចបំផ្លាញរាងកាយ និងធ្វើឲ្យមានហានិភ័យនៃជំងឺបេះដូង និងជំងឺធាត់ហួសប្រមាណ។ 

រូបភាពតំណាង

៥/ ទប់ស្កាត់រ៉ាឌីកាល់សេរី និង ជួយបំបាត់ភាពតានតឹង

តែឬស្សី មិនត្រឹមតែអាចជួយទប់ស្កាត់រ៉ាឌីកាល់សេរីប៉ុណ្ណោះទេ វាថែមទាំងអាចជួយកាត់បន្ថយការកើតមានកោសិកាមហារីកនៅក្នុងខ្លួនទៀតផង។ ម្យ៉ាងវិញទៀត វាក៏អាចជួយបំបាត់ភាពតានតឹងបានដែរ។

៦/ ជួយធ្វើឲ្យស្បែក ក្រចក និង សក់មានសុខភាពល្អ

ជាការពិត អ្នកចាំបាច់ត្រូវទទួលទានសារធាតុចិញ្ចឹម ដូចជាវីតាមីនផ្សេងៗ ដែលរាងកាយត្រូវការ តាមរយៈរបបអាហារ ឬវិធីដទៃទៀត ដើម្បីថែរក្សាស្បែក ក្រចក និង សក់ឲ្យមានសុខភាពល្អ ចៀសពីការខូចខាត។ ប៉ុន្តែនៅពេលនេះអ្នកអាចទទួលទាន តែឬស្សី ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងអស់នេះបន្ថែមទៀត៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]