អង់គ្លេស៖  កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតឡានដ៏ល្បីមួយនៅអង់គ្លេសម៉ាក Bentley បានរកឃើញនូវបច្ចេកវិទ្យាថ្មីមួយ ដោយពួកគេបានបង្កើតចំណតរថយន្ត ដែលអាចឱ្យរថយន្តសាកអាគុយ ដោយប្រើបន្ទះថាមពលព្រះអាទិត្យដ៏ធំជាងគេនៅចក្រភពអង់គ្លេស ដោយគ្រាន់តែចតឡាននៅក្រោមដំបូលចំណតរថយន្តប៉ុណ្ណោះ។ 

ក្រុមហ៊ុន Bentley បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនក៏មានបំណងសាងសង់កំពង់ផែមួយផ្សេងទៀត ដើរដោយថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតនៅចក្រភពអង់គ្លេសនាទីក្រុង Crewe ផងដែរ ដោយរួមបញ្ចូលបន្ទះថាមពលពន្លឺព្រះអាទិត្យចំនួន ១០ ០០០ផ្ទាំង ដែលអាចបង្កើតថាមពលអគ្គិសនីបាន ២.៧ មេហ្គាវ៉ាត់ជារៀងរាល់ថ្ងៃ ដែលត្រូវបានគេប៉ាន់ប្រមាណថា នឹងគ្របដណ្តប់បាន ២៤ភាគរយ ឱ្យរថយន្តដំណើរការបានដោយការសាកអាគុយ ដែលអាចជំនួសការបំភាយឧស្ម័នកាបូនឌីអុកស៊ីតចំនួន ៣ ៣០០តោនក្នុងមួយឆ្នាំៗបានផងដែរ ។

ចំណតរថយន្តដែលអាចសាកអាគុយដោយប្រើពន្លឺព្រះអាទិត្យដែលមានចំនួន ១ ៣៧៨ ទៀត នឹងត្រូវបានក្រុមហ៊ុន Bentley គ្រោងនឹងសាងសង់បន្តបន្ទាប់ទៀត បើសិនជាមានការគាំទ្របន្ថែមពីក្រុមហ៊ុន Innovate នៅចក្រភពអង់គ្លេស ដែលជាទីភ្នាក់ងាររដ្ឋាភិបាល បង្កើតឡើងដើម្បីគាំទ្រដល់វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជំនាន់ក្រោយ សម្រាប់ប្រជាជនអង់គ្លេសទាំងមូល។

នេះក៏មិនមែនជាលើកទីមួយដែរដែល Bentley  ធ្វើការស្រាវជ្រាវលើថាមពលព្រះអាទិត្យ។ ក្រុមហ៊ុនផលិតរថយន្តនេះ មានបន្ទះស្រូបពន្លឺព្រះអាទិត្យចំនួន ២០ ៨១៥ ដែលដាក់នៅលើរោងចក្ររបស់ខ្លួនដែលអាចផលិតបាន ៥ មេហ្កាវ៉ាត់ និងគ្របដណ្តប់ ៤០ភាគរយនៃតម្រូវការថាមពលរបស់ក្រុមហ៊ុន Bentley  កាលពីឆ្នាំ ២០១៣ មកម្ល៉េះ។ 

ឥឡូវពួកគេក៏បានបង្កើតជាចំណតរថយន្ត ដែលអនុញ្ញាតឱ្យរថយន្តអាចសាកអាគុយបានទៀត ដែលវាពិតជាជួយកាត់បន្ថយការប្រើប្រាស់សាំងច្រើន ដែលអាចបង្កជាឧស្ម័នមិនល្អដែលប៉ះពាល់ដល់បរិស្ថាន ហើយគេចាត់ទុកថាជាបច្ចេកវិទ្យាមួយដែលអស្ចារ្យសម្រាប់ចក្រភពអង់គ្លេសទាំងមូល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]