(ភ្នំពេញ)៖ តារាសម្ដែងស្រីដើមទ្រូងទ្រលុកទ្រលន់ កំពុងត្រូវប៉ាន់នឹងតួជំទាវ កញ្ញា ហេង ស្រីពេជ្រ ក្រៅពីមមាញឹកនឹងការសម្ដែងខ្សែភាពយន្ត គេសម្គាល់ឃើញថា តារាសម្ដែងសំបូរសាច់រូបនេះ ក៏ហាក់មានទឹកមាត់លេបច្រើន ក្នុងការសម្ដែង MV បទចម្រៀងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខណៈថ្មីៗនេះ បណ្ដាគ្រប់ផលិតកម្ម បានទាក់ទងឲ្យនាងថតចម្រៀង ដើម្បីត្រៀមបញ្ចេញលើទីផ្សារ ទាំងបទញាក់កន្ត្រាក់អារម្មណ៍ និងគ្រប់ចង្វាក់ប្រពៃណី ជាញឹកញាយ នាឱកាសចូលឆ្នាំថ្មី។

ជាក់ស្ដែងបទចម្រៀងមួយបទ មានចំណងជើងថា «ចាហួយអូនធំ» ដែលជាការបកស្រាយរបស់លោក អ៊ូវ៉ាវ និងជាបទបែបកំប្លុកកំប្លែង របស់ផលិតកម្ម សាន់ដេ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រ ខណៈដែលកញ្ញា ហេង ស្រីពេជ្រ ជាតួអង្គសម្ដែងយ៉ាងសំខាន់ ក្នុងរឿងនេះ ពិតជាមានភាពទាក់ទាញខ្លាំងមែនទែន។

ជាការពិតណាស់ នៅក្នុងចំណោមអ្នកសិល្បៈរួមជំនាន់ជាមួយ ត្រូវបានគេមើលឃើញថា តារាសម្ដែងស្រី ហេង ស្រីពេជ្រ ស្ថិតនៅក្នុងចំណោមអ្នកសិល្បៈ ដែលមានទេពកោសល្យផ្នែកសម្ដែងខ្ពស់ ថែមទាំងអាចសម្ដែងបានស្ទើរតែគ្រប់ទម្រង់។ ជាក់ស្ដែង កាលពីកន្លងទៅនាងបានចូលរួមសម្ដែង នៅក្នុងខ្សែភាពយន្ត មានដូចជា រឿង «ម្ចាស់ចំការ», «សង្រ្គាមមរតក» និង រឿង «លោហិតរនាំងស្នេហ៍» ជាដើម។ ក្រោយពេលចូលឆ្នាំ នាងក៏ត្រៀមថតរឿងចំនួន២ទៀត ប៉ុន្តែសុំលាក់ចំណងជើងសិន។ អ្វីកាន់តែពិសេសជាងនេះទៅទៀត គឺតារាសម្ដែងរូបនេះ តែងតែបានក្ដោបក្ដាប់តំណែង តួជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ធ្វើជាជំទាវ កាចឆ្នាសឆ្នើម ដែលនេះគឺជាតួសម្ដែងមួយ ដែលស័ក្ដិសមនឹងនាងបំផុត។

ថ្លែងប្រាប់តាមរយៈសារអេឡិចត្រូនិច ហេង ស្រីពេជ្រ បានបញ្ជាក់ប្រាប់គេហទ័រកម្សាន្ត Khmer Takling ថា «ចាសបង.! ខ្ញុំត្រៀមសម្ដែង នៅក្នុងរឿងចំនួន ២ តែសុំលាក់ចំណងជើងសិន ចាំពេលសម្ដែងហើយ ចាំជម្រាបជូនប្រិយមិត្ត នាពេលក្រោយ»។ នាងបញ្ជាក់ទៀតថា មួយរយៈនេះ កាន់តែរវល់ខ្លាំងណាស់ ព្រោះកៀកចូលឆ្នាំ ខាងផលិតកម្មផ្សេងៗ ទាក់ទងឲ្យសម្ដែង ពេលខ្លះស្ទើរតែដកខ្លួន ធ្វើការផ្ទាល់ខ្លួន មិនចង់បានទេ ព្រោះត្រូវចំណាយពេលថត នៅតាមបណ្ដារខេត្ត ខ្លះក៏ថតនៅភ្នំពេញ។

ងាកមកចាប់អារម្មណ៍ នឹងជីវិតឯកជនរបស់ ហេង ស្រីពេជ្រ វិញ ទោះបីជាវ័យរបស់នាង រាងជ្រេបន្តិចក្ដី ប៉ុន្តែនាងបានអះអាងថា ពុំទាន់គិតគូ ពីអនាគត ឬយកប្ដីនៅពេលនេះទេ ដោយចង់បន្តសាងកេរ្តិ៍ឈ្មោះ ក្នុងវិស័យសិល្បៈឲ្យល្បីរន្ទឺជាងនេះ និងទុកពេលសម្រាប់់ខ្លួនឯង ឲ្យនៅសប្បាយបានយូរ ពោលគឺគូអនាគត ចាំគិតជាក្រោយទៀត ក៏មិនហួសពេលដែរ។

គួរបញ្ជាក់ថា ហេង ស្រីពេជ្រ ត្រូវបានគេដឹងថា សព្វថ្ងៃនេះបេះដូងរបស់នាង គឺនៅទំនេរស្អាត តែក៏មិនមែនមានន័យថា នាងបិទបេះដូងមិនទទួលយកស្នេហានោះទេ ដោយនាងធ្លាប់បង្ហើបថា ប្រសិនបើមានបុរសណា ដែលល្អមានការងារមួយ ដែលសមរម្យ ស្រឡាញ់កញ្ញា និងមិនប្រកាន់ថា នាងជាអ្នកសិល្បៈ នាងនឹងទទួលដោយមិនគិតថា បុរសនោះត្រូវតែសង្ហា ឬក៏ជាអ្នកមានខ្លាំងអ្វីនោះទេ គឺសំខាន់នៅលើនិស្ស័យ និងការចេះយោគយល់គ្នាទៅវិញទៅមក៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ស្រីពេជ្រ