(ភ្នំពេញ)៖ តារាសម្តែង និងម៉ូឌែលអ្នកនាង សូ ដានីតា បាននិយាយទាំងអារម្មណ៍ក្តុកក្តួល និងហួសចិត្ត ក្រោយពេលបានដឹង និងឃើញពីស្ថានភាពធ្លាក់ខ្លួន របស់តួសម្តែងជើងចាស់ លោក ចៅ ចាន់ណារី ដែលកំពុងតែមានការលំបាក សម្រាប់ជីវភាពប្រចាំថ្ងៃ ខណៈដែលអាជីពសិល្បៈ ត្រូវបាត់បង់ស្ទើរទាំងស្រុង។

បង្ហោះភ្ជាប់ជាមួយការអំពាវនាវ ស្នើឲ្យម្ចាស់ផលិតកម្មភាពយន្តក្នុងស្រុក ផ្តល់ឱកាសសម្រាប់ លោក ចៅ ចាន់ណារី, តារាស្រី សូ ដានីតា បាននិយាយថា «ក្នុងនាមនាងខ្ញុំជាសិល្បការិនី ១រូប កាលបើឃើញតារាជើងចាស់ និងតារាសិល្បៈរៀមច្បង ធ្លាក់ខ្លួនបែបនេះ ក្នុងចិត្តពិតជាពិបាកទទួលយកណាស់ ព្រោះមិនស្មានថា អ្នកសិល្បៈជំនាន់មុន ដែលល្បីល្បាញបែជាធ្លាក់ខ្លួន ដោយនឹកស្មានមិនដល់!»។

កញ្ញា សូ ដានីតា បានបន្តថា «ខ្ញុំស្មានតែតារាជំនាន់មុនៗ គាត់ទៅរស់នៅក្រៅប្រទេសអស់ហើយ តែដល់ពេលឃើញរូបគាត់ នឹងស្ថានភាពរបស់លោកពូ ចៅ ចាន់ណារី បែបនេះ ខ្ញុំពិតជាអាណិតគាត់ខ្លាំងណាស់។ នាងខ្ញុំចង់សុំអំពាវនាវ ដល់គ្រប់បណ្តាផលិតកម្មទាំងអស់ សូមមេត្តាជួយហៅគាត់ថត សារជាថ្មីផង ទោះបីគាត់មានវ័យចំណាស់បន្តិចមែន តែគាត់អាចដើរតួឪពុកបាន ហើយម្យ៉ាងទៀតទេពកោសល្យសម្តែង របស់គាត់នៅតែមាន!»។

តារាសម្តែងអ្នកនាង សូ ដានីតា បានបន្ថែមថា «នាងខ្ញុំសង្ឃឹមថា គ្រប់បណ្តាលផលិតកម្ម នឹងមិនមើលរំលងលោកពូឡើយ ហើយនាងខ្ញុំក៏សង្ឃឹមថា ថ្ងៃណាមួយនាងខ្ញុំ នឹងបានជួបនឹងសម្តែងជាមួយលោកពូ ចៅ ចាន់ណារី មិនខានឡើយ។ សូមជួយស៊ែផងបងប្អូន ព្រោះខ្ញុំចង់ឲ្យគ្រប់ផលិតកម្ម គាត់បានឃើញ!»៕

សូ ដានីតា
សូ ដានីតា
ចៅ ចាន់ណារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា