ភ្នំពេញ៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ អង្គការមូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជាប្រកាសអំពីការចាប់ដៃគូជាផ្លូវការ សម្រាប់រយៈពេល៣ឆ្នាំជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ក្នុងគោលបំណងពង្រឹងការអាន និងបង្កើនសៀវភៅជាភាសាខ្មែរ ដើម្បីជម្រុញទម្លាប់នៃការអានសៀវភៅអេឡិចត្រូនិច។

នៅក្នុងរយៈពេលបីឆ្នាំ ក្រុមហ៊ុន ស្មាត អាស្យាតា នឹងឧបត្ថម្ភដល់កម្មវិធីហាក់កាស្សនចំនួន៥ និងកម្មវិធីបកប្រែសៀវភៅចំនួន១ ដើម្បីលើកទឹកចិត្តដល់អ្នកនិពន្ធ វិចិត្រករ និងអ្នករចនាទំព័រក្នុងការសហការគ្នា បង្កើតសៀវភៅអានសម្រាប់កុមារ។ យុទ្ធនាការតាមបណ្តាញសង្គមនឹងធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការនេះ។ 

នៅក្នុងកម្មវិធីនេះដែរ អង្គការមូលនិធិអាស៊ី ក៏បានសម្ពោធបណ្ណាល័យឌីជីថល និងកម្មវិធីបកប្រែជាផ្លូវការរបស់គម្រោង «តោះអាន!» ក្នុងគោលបំណងបង្កើនចំនួនសៀវភៅរឿងអេឡិចត្រូនិចដែលមានគុណភាពខ្ពស់ សម្រាប់កុមារ។ សៀវភៅទាំងអស់នឹងត្រូវចែកផ្សាយ ដោយឥតគិតថ្លៃតាមរយៈគេហទំព័រ www.letsreadasia.org ឬតាមរយៈកម្មវិធីទូរស័ព្ទឈ្មោះ Let’s Read! Android app នៅក្នុង Google Play។ សៀវភៅរឿងអេឡិចត្រូនិចសម្រាប់កុមារទាំងអស់នោះ បង្កើតឡើងនៅក្រោមអាជ្ញាប័ណ្ណបើកទូលាយ ដែលអាចឲ្យគ្រប់គ្នា ប្រើប្រាស់បាន ដោយសេរី។

ពិធីសម្ពោធការចាប់ដៃគូជាផ្លូវការសម្រាប់រយៈពេល៣ឆ្នាំ

អ្នកស្រី Meloney Lindberg តំណាងអង្គការមូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជា បានថ្លែងថា៖ 

«យើងបង្កើត គម្រោង«តោះអាន!» ដោយសារតែកង្វះសៀវភៅរឿងសម្រាប់កុមារតូចៗ ដែលជាឧបសគ្គដល់ការអាន ភាពជោគជ័យនៅក្នុងការសិក្សា និងការជម្រុញឲ្យស្រលាញ់ការអានអស់មួយជីវិត។»

កម្មវិធីនេះ ក៏បាននាំមកនូវការចេញផ្សាយសៀវភៅមួយចំនួន ដែលទើបតែបង្កើតឡើងដែលទាក់ទងនឹង «វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា» ដោយទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន ស្មាត អាស្យាតា កាលពីឆ្នាំមុន។ កម្រងសៀវភៅក្រោមប្រធានបទ «វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា» រៀបរាប់ពីវិទ្យាសាស្រ្ត និងគណិតវិទ្យាតាមរយៈសាច់រឿងដែលគួរឱ្យចាប់អារម្មណ៍។ កម្រងសៀវភៅអេឡិចត្រូនិចទាំងនោះគឺជាលទ្ធផលនៃសិក្ខាសាលាបង្កើតសៀវភៅចំនួនបីផ្សេងគ្នា។ បច្ចុប្បន្ន បណ្ណាល័យឌីជីថលរបស់ គម្រោង«តោះអាន!» មានបញ្ចូលសៀវភៅដែលបង្កើតដោយអ្នកនិពន្ធ និងវិចិត្រករខ្មែរ សម្រាប់ការបកប្រែទៅជាភាសាផ្សេងៗនៅក្នុងតំបន់អាស៊ី។

អ្នកស្រី Meloney Lindberg

លោក Kanishka Wickrama នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ស្មាត អាស្យាតា បានលើកឡើងថា៖ 

«យើងជឿជាក់ទៅលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងការពង្រឹងការអប់រំ។ ដូច្នេះ យើងមានសេចក្តីសោមនស្សក្នុងការរួមចំណែកដល់ការផ្តួចផ្តើមរបស់អង្គការមូលនិធិអាស៊ី និងដៃគូផ្សេងៗ ដើម្បីបង្កើនចំនួនសៀវភៅរឿងអេឡិចត្រូនិចសម្រាប់កុមារជាភាសាខ្មែរ។ យើងរង់ចាំមើលលទ្ធផលដែលកើតចេញពីគម្រោង«តោះអាន!» និងភាពជាដៃគូ រយៈពេលវែងក្នុងជម្រុញការអានសៀវភៅអេឡិចត្រូនិចនៅក្នុងប្រទេស។»
លោក Kanishka Wickrama

គោលគំនិតចម្បងរបស់ គម្រោង«តោះអាន!» គឺការបង្កើតវេទិការមួយដែលជម្រុញឲ្យមានការបង្កើត និងផ្សព្វផ្សាយសៀវភៅរឿងសម្រាប់កុមារនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍនៅទ្វីបអាស៊ី។ បច្ចុប្បន្ន បណ្ណាល័យ នេះ មានសៀវភៅរឿងសម្រាប់កុមារជាង ៣០០ក្បាល ព្រមទាំងត្រូវបានបកប្រែជាង១០ភាសានៅក្នុងទ្វីបអាស៊ី។

កម្មវិធីបកប្រែរបស់គម្រោង«តោះអាន!» បានអនុញ្ញាតឲ្យមានការចូលរួមបកប្រែសៀវភៅពីសំណាក់សហគមន៍ផ្សេងៗ ដើម្បីបង្កើនចំនួនសៀវភៅជាភាសាក្នុងស្រុករបស់សហគមន៍នោះ។ នៅខែមករា ឆ្នាំ២០១៨ គម្រោងនេះបានអញ្ជើញនិសិ្សតស្ម័គ្រចិត្តចំនួន៥០នាក់ មកចូលរួមនៅក្នុងកម្មវិធីបកប្រែរយៈពេល២ថ្ងៃនៅការិយាល័យរបស់អង្គការមូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជា ព្រមទាំងបានបកប្រែសៀវភៅចំនួន ៤៤ក្បាល ជាភាសាខ្មែរ។

ក្រៅអំពីកិច្ចសហការជាមួយក្រុមហ៊ុន ស្មាត គម្រោងនេះធ្លាប់បានសហការជាមួយក្រុមហ៊ុនសប្បាយឌីជីថលផ្នែកសារព័ត៌មាន និងដៃគូផ្សេងៗទៀតផ្នែកសហគមន៍ រួមមានអង្គការ Room to Read, Sipar, សាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងក្រុមហ៊ុនផ្នែកបច្ចេកវិទ្យា CamAnt៕ 

ពិធីសម្ពោធការចាប់ដៃគូជាផ្លូវការសម្រាប់រយៈពេល៣ឆ្នាំ
ពិធីសម្ពោធការចាប់ដៃគូជាផ្លូវការសម្រាប់រយៈពេល៣ឆ្នាំ
ពិធីសម្ពោធការចាប់ដៃគូជាផ្លូវការសម្រាប់រយៈពេល៣ឆ្នាំ
ពិធីសម្ពោធការចាប់ដៃគូជាផ្លូវការសម្រាប់រយៈពេល៣ឆ្នាំ
ពិធីសម្ពោធការចាប់ដៃគូជាផ្លូវការសម្រាប់រយៈពេល៣ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]