រាជធានីភ្នំពេញ ៖ បន្ទាប់ពីលោកសាន ផានិត បើកផលិតកម្មចម្រៀងផ្ទាល់ ខ្លួនឈ្មោះម៉ាស្ទ័រ Promotion មកពេលនេះលោកប្រកាសបើក ចំហជាសាធារណៈថា លោកនឹងរៀបអាពាហ៍ពិពាហ៍ជាមួយ នារីវ័យក្មេងម្នាក់ដែលជាប្អូនស្រីជីដូនមួយរបស់ អ្នកជំនួញប្រចាំខេត្តស្ទឹងត្រែង ក្នុងពេលឆាប់ៗនេះ ។

លោកសាន ផានិតប្រាប់កោះសន្តិភាពឲ្យ ដឹងនាព្រឹកថ្ងៃទី៣ ធ្នូ ថា ពេលនេះចាស់ទុំរបស់លោក និងខាងស្រីកំពុងតែរើសថ្ងៃល្អដើម្បីរៀបចំពិធី អាពាហ៍ពិពាហ៍របស់លោកនិងនារីដ៏ស្រស់សោភាមួយរូប ។ ពិធីរៀបអាពាហ៍ពិពាហ៍នេះនឹងធ្វើ ឡើងនៅខេត្តស្ទឹងត្រែង ដែលជាទឹកដីរបស់បងប្រុសជីដូន មួយរបស់កូនក្រមុំ ហើយនឹងបន្តរៀបចំនៅគេហដ្ឋានខាងស្រី នៅរាជធានីភ្នំពេញផងដែរ ។ 
លោកសាន ផានិត បន្តថា ភរិយារបស់លោកគឺជាប្អូនជីដូន មួយរបស់អាជីវករផ្នែកជំនួញដ៏ល្បីមួយ រូបនៅខេត្តស្ទឹងត្រែង ហើយអ្នកជំនួញរូបនោះជាមិត្តភក្តិ ដ៏សិ្នទ្ធស្នាលបំផុតរបស់លោក ។

មិត្តរបស់លោករូបនោះគឺជាមនុស្សល្អបំផុតសម្រាប់លោក ហើយគេបានជួយជ្រោមជ្រែង ចំពោះរឿងរៀបអាពាហ៍ ពិពាហ៍យ៉ាងមមាញឹកជំនួសរូបលោក ។ដោយសម្លឹងឃើញថា លោកមានចំណេះដឹងខាងផ្នែកពាណិជ្ជកម្ម ព្រោះលោកបានបញ្ចប់បរិញ្ញាបត្ររងខាងផ្នែកនេះនៅកាលីហ្វ័រនីញ៉ា បរិញ្ញាបត្ររងខាងផ្នែកទីផ្សារ និងបានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងផងនោះមិត្តរបស់លោកបានណែនាំឲ្យលោកប្រកបមុខរបរជាអ្នកកសិកម្មវិញ ដោយគេប្រគល់ដីដ៏ធំមួយសម្រាប់ឲ្យលោកធ្វើអាជីវកម្មជាមួយគ្នា។ ដូច្នេះលោកសម្រេចចិត្តមិនទៅធ្វើការនៅប្រទេសក្រៅទេ ហើយ រៀបចំគម្រោងយកភរិយាតាម ការណែនាំរបស់របស់មិត្ត លោកតែម្តង ។

លោកសាន ផានិត ឲ្យដឹងថា លោកពិតជាស្រឡាញ់នារីរូបនោះខ្លាំងណាស់ ដោយពី ដំបូងលោកបានជួប នាងនៅស្តារម៉ាត ម្តុំដេអិន ខណៈពេលលោកកំពុងតែប្រជុំជាមួយមិត្តភក្តិដែលត្រៀមទៅចូលរួមសិក្ខាសាលាស្តីអំពី«អនាម័យទីក្រុងស្អាត»នៅក្រុងព្រះសីហនុ ។ ពេលនោះលោកបានសុំលេខទូរស័ព្ទរបស់នាង ហើយនាងក៏ចេញ ទៅ  ។ នៅពេលនារីស្រស់ប្រិមប្រិយនេះចេញទៅមានក្រុមក្មេងទំនើងមួយក្រុមមកអុជបារីជូនលោក ។ ពេលនោះស្រាប់តែមានវិទ្យុមួយបានផ្សាយថា លោកសាន ផានិត នាំក្រុមក្មេងស្ទាវមួយក្រុមទៅអុកឡុកស្តារម៉ាតរបស់គេទាំងរូបលោកផ្ទាល់មិនដឹងអ្វីទាល់តែសោះ ។ លោកមិនបានតបតទៅអ្នកដែលបង្ខូចរូបលោកនោះទេ ។ ដោយលោកមិនអស់ចិត្តចំពោះរឿងដែលគេបង្ខូចឈ្មោះលោកនោះ លោកក៏ទូរស័ព្ទទៅនារីដែលលោកបានសុំលេខទូរស័ព្ទនៅស្តារម៉ាតឲ្យជួយពិចារណា ។ ពេលនោះអារម្មណ៍ស្នេហា និងអនុស្សាវរីយ៍ ក៏បានកើតឡើងតែម្តង ។

លោកសាន ផានិត ឲ្យ ដឹងទៀតថា លោកស្រឡាញ់នារីរូបនោះ គឺដោយសារតែនាងជាមនុស្សសុភាពរាបសា ចូលចិត្តស្ងៀមស្ងាត់ និងជាមនុស្សចេះដឹងខ្ពស់ មានការទទួលខុសត្រូវខ្ពស់នៅក្នុងការងារ ជាពិសេសគឺរូបសម្បត្តិរបស់នាងមិនចាញ់នារីផ្សេងទេ ។ ក្រៅពីលោកក៏មានបុរសជាច្រើនទៀតចង់ទាក់ទងនាងមិនតិចដែរ តែលោកជាមនុស្សមានសំណាងជាងគេដោយសារតែនាងជ្រើសរើសរូបលោក ។

អនាគតភរិយារបស់លោកសាន ផានិត វិញបានប្រាប់កោះសន្តិភាពឲ្យដឹងតាមទូរស័ព្ទថា នាងឈ្មោះដាលីន  អាយុ២៣ឆ្នាំ ជាបុគ្គលិកបម្រើការនៅក្រុមហ៊ុនឯកជនមួយផ្នែកគណនេយ្យ និងទីផ្សារ ។ នាងមានស្រុកកំណើតនៅខេត្តកំពត និងមានបងប្អូនចំនួន៣នាក់ ក្នុងនោះនាងគឺជាកូនទី២ ។ ចំពោះរឿងរៀបការរវាងនាង និងលោកសាន ផានិត ពេលនេះនាងមិនទាន់ច្បាស់នៅឡើយទេ គឺអាស្រ័យលើចាស់ទុំជាអ្នករៀបចំ ។

កញ្ញា ដាលីន បានរំលឹកឲ្យដឹងថា នៅពេលដែលនាងជួបជាមួយលោកសាន ផានិត ដំបូងគឺនាងបានទៅអង្គុយនៅស្តារម៉ាត ។ ខណៈពេលនោះមេឃភ្លៀងលោកសាន ផានិត បានរំកិលតុមកអង្គុយក្បែរនាង ។ ពេលនោះនាងស្អប់លោកសាន ផានិត ណាស់ ព្រោះនាងមិនចូលចិត្តអ្នកជក់បារី ។ លោកសាន ផានិត ជក់បារី និងគោះបារីបណ្តាលឲ្យខ្ទាតត្រូវមុខនាងធ្វើឱ្យនាងខឹងក៏ស្តីឲ្យលោក ។ ទោះជាយ៉ាងណាក្តី លោកសានផានិត បានសុំទោស និងនិយាយលេងជាមួយនាងធម្មតា ។

នៅពេលនាងចេញពីស្តារម៉ាតមកវិញ លោកសាន ផានិត បានសុំលេខទូរស័ព្ទនាង តែនាងមិនចង់ឲ្យទេ ។ ដោយសារលោកសាន ផានិត  និយាយថា «សុំរាប់អាននាងត្រឹមតែមិត្តធម្មតា»ដូច្នេះនាងក៏ឲ្យ ។ ចាប់តាំងពីពេលនោះមកលោកសាន ផានិត តែងតែទាក់ទងទៅនាង ហើយបាននាំម្តាយលោកទៅជួបនាង ។ នៅពេលជួបជាមួយម្តាយរបស់លោកសាន ផានិត គឺម្តាយលោកស្រឡាញ់នាងខ្លាំងណាស់ ចំណែកឯនាងក៏ស្រឡាញ់ម្តាយរបស់លោកវិញដែរ គឺស្រឡាញ់ជាងលោកសាន ផានិត ទៅទៀត ។ ចំណែកឯលោកសាន ផានិត នាងស្រឡាញ់ត្រង់ថា លោកជាមនុស្សស្មោះត្រង់ មិនចេះលាក់លាម មានរឿងអ្វីក៏ប្រាប់នាង និងយកមកពិភាក្សាជាមួយនាងជានិច្ច ។ ពេលនេះចាស់ទុំកំពុងតែជ្រើសរើសវេលាល្អ ។

កញ្ញា ដាលីន បញ្ជាក់ថា ពីដំបូងនាងមិនដឹងថា លោកសាន ផានិត ស្គាល់គ្នាជាមួយបងប្រុសជីដូនមួយរបស់នាងទេ តែនៅពេលកំពុងតែនិយាយទូរស័ព្ទជាមួយគ្នា លោកសាន ផានិត បានឲ្យនាងជួបជាមួយមិត្តរបស់លោក ។ ពេលសួរដំណើរដើមទងទើបដឹងថា ជាបងជីដូនមួយរបស់នាង ។ ពេលនោះនាងហួសចិត្តខ្លាំងណាស់ ព្រោះដូចជាចៃដន្យពេក ហើយនាងគិតថា ប្រហែលជាគូព្រេងរបស់នាងហើយទើបចៃដន្យដូចច្នេះ ។ ចំណែកឯម្តាយរបស់នាងវិញមិនជំទាស់នឹងរឿងនេះទេ សំខាន់ឲ្យតែកូនៗចេះស្រឡាញ់គ្នា ។

ដោយឡែកបុរសជាបងជីដូនមួយរបស់កញ្ញា ដាលីន និងជាអ្នកអាជីវករដ៏ល្បីប្រចាំខេត្តស្ទឹងត្រែង ប្រាប់ឲ្យដឹងថា រវាងលោកសាន ផានិត និងប្អូនស្រីជីដូនមួយរបស់លោក គឺពិតជាគ្រោងរៀបអាពាហ៍ពិអាពាហ៍ជាមួយគ្នាប្រាកដមែន ដោយពេលនេះចាស់ទុំកំពុងតែដេញវេលា ។ នៅពេលពួកគេរៀបការលោកមានចំណងដៃដ៏ធំមួយគឺឧបករណ៍តន្រី្ត ដែលមានតម្លៃជាង២មឺនដុល្លារឯណោះ ។

កាលពីជាង១០ឆ្នាំមុនលោកសាន ផានិត ធ្លាប់រៀបអាពាហ៍ពិពាហ៍ម្តងរួចមកហើយ និងមានកូនស្រីម្នាក់ ។ ថ្មីៗនេះលេចឮព័ត៌មានថាលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយយុវសិស្សម្នាក់ តែលោកសាន ផានិត មិនធ្លាប់ប្រកាសឲ្យអ្នកណាបានដឹងទេ ។  ដោយឡែកសម្រាប់កញ្ញាដាលីនវិញ លោកសាន ផានិតបញ្ជាក់ថា នាងគឺនាងអនាគតភរិយារបស់លោកយ៉ាងពិតប្រាកដមែន ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]