អាមេរិក៖   ប្រទេសជឿនលឿន តែងរិះរកបច្ចេកវិទ្យាទំនើបថ្មីៗ ទៅតាមសម័យកាលជាក់ស្តែងកាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានគ្រោងនឹងបង្កើតមជ្ឈមណ្ឌលសាកល្បងបើកបររថយន្តដោយស្វ័យប្រវត្តិនៅលើផ្លូវល្បឿនលឿន (Highway) របស់ខ្លួនដំបូងគេបង្អស់លើពិភពលោកនៅក្នុងរដ្ឋមីឈីហ្គិន (Michigan)។

រូបភាពតំណាង

មជ្ឈមណ្ឌលមួយនេះ គឺត្រូវគេបានបង្កើតឡើងដើម្បីផ្តោតលើការស្រាវជ្រាវ ការធ្វើតេស្ត និងការអភិវឌ្ឍយានយន្តធ្វើដំណើរដោយស្វ័យប្រវត្តិ (បើកដោយខ្លួនឯង)។  បេសកកម្មនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពយានយន្ត។

សូមទស្សនាវីដេអូនៅខាងក្រោម៖

រូបភាពតំណាង

លោក John Maddox នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលសាធារណៈការនិងដឹកជញ្ជូនបានធ្វើការសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការធ្វើតេស្តយានយន្តស្វ័យប្រវត្តិនេះ ដោយបានថ្លែងទៅកាន់សារព័ត៌មាន Automotive News ថា “គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង​គឺជាការបង្ហាញយ៉ាងច្បាស់ថា បច្ចេកវិទ្យាត្រូវតែបន្តអភិវឌ្ឍ។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់រថយន្តស្វ័យប្រវត្តិនេះ ដើម្បីទទួលជោគជ័យ ដោយមានអ្នកទាំងអស់គ្នាចូលរួម”។ 

រូបភាពតំណាង

ពួកគេនឹងធ្វើតេស្តលើផ្លូវដែលមានចម្ងាយប្រវែង ៤.២ គីឡូម៉ែត្រ ដោយអនុញ្ញាតឱ្យយានយន្តបើកបរខ្លួនឯងក្នុងល្បឿន ១០៤ គីឡូម៉ែត្រក្នុងមួយម៉ោង ឬលើសពីនេះ។ ម្យ៉ាងវិញទៀត នៅលើផ្លូវប្រសព្វ និងផ្លូវក្រោមរូងភ្នំ ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងការធ្វើតេស្ត ដើម្បីមើលថាតើរថយន្តស្វ័យប្រវត្តិអាចដំណើរការទៀតទេ នៅពេលដែលបានដាច់ការតភ្ជាប់ជាមួយផ្កាយរណបដែលបញ្ជាវា។

ពួកគេក៏បានសាកល្បងលើផ្លូវកោងដែលឱ្យយានយន្តបើកបរខ្លួនឯងក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។ 

គម្រោងរបស់ពួកគេត្រូវបានបង្ហាញថា នឹងធ្វើឱ្យរួចរាល់នៅត្រឹមឆ្នាំ ២០១៩ ហើយគ្រោងនឹងមានការបង្កើតផ្លូវដែលអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដូចជាផ្លូវសម្រាប់ថ្មើរជើង ផ្លូវជិះកង់ និងផ្លូវបំបែកជាដើម៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]