មនុស្សយើងម្នាក់ៗកើតមករមែងមានការប្រកបរបរចិញ្ចឹមជីវិតខ្លួន ទៅតាមផ្លូវដោយឡែកពីគ្នារៀងៗខ្លួន។ ក្នុងនោះដែរ ក៏មានអ្នកខ្លះកើតមកមានសំណាងពីកំណើត ដោយអាចសោយសុខនៅលើគំនរទ្រព្យសម្បត្តិ របស់ឪពុកម្តាយដែលបានខំរកទុកដាក់ឱ្យទៅថ្ងៃអនាគត។ ក៏ប៉ុន្តែមនុស្សខ្លះទៀត កើតគ្មានសំណាងដូច្នេះទេ គឺត្រូវរកប្រាក់ចិញ្ចឹមជីវិតខ្លួនឯង និងឪពុកម្តាយផង ពីមួយថ្ងៃទៅមួយថ្ងៃ បើមិនរកទេគឺច្បាស់ជាដាច់បាយមិនខានឡើយ។

ទន្ទឹមនឹងនេះផងដែរ ឪពុកម្តាយគ្រប់ៗ ក្រៅពីចិញ្ចឹមកូនឱ្យបានធំៗហើយ ថែមទាំងបានខិតខំប្រឹងប្រែងរកប្រាក់កាស ដើម្បីបញ្ជូនកូនទៅសាលារៀនសូត្រឱ្យបានខ្ពង់ខ្ពស់នឹងគេ ហើយទៅថ្ងៃក្រោយអាចមានការងារល្អៗធ្វើ រកប្រាក់ចំណូលបានច្រើនចិញ្ចឹមគ្រួសារវិញ។ តែមានមនុស្សមួយចំនួនត្រូវបង្ខំរៀនសូត្រ មុខវិជ្ជាដែលខ្លួនមិនស្រលាញ់ ដើម្បីបំណងរបស់ឪពុកម្តាយ ដល់ពេលចុងក្រោយអ្នកខ្លះក៏ទទួលបាននូវលទ្ធផលល្អ និងខ្លះទៀតមិនទទួលបាននូវលទ្ធផលល្អនោះទេ។

ចុះលោកអ្នកដឹងទេថា? ថ្ងៃកំណើតរបស់អ្នក ក៏អាចនាំផ្លូវទៅកាន់ភាពជោគជ័យនៅក្នុងអាជីពការងារបានយ៉ាងល្អផងដែរ គ្រាន់តែអ្នកដើរទៅរកវា ឱ្យចំគោលដៅវាតែប៉ុណ្ណោះ។ ដូច្នេះតទៅថ្ងៃមុខអ្នកអាចទទួលបាននូវភាពជោគជ័យខ្លាំងក្នុងអាជីពការងារស្របតាមថ្ងៃកំណើតរបស់ខ្លួន។

តោះតាមដានអានទាំងអស់គ្នា៖

រូបតំណាង

១) ចំពោះអ្នកដែលកើតថ្ងៃទី ១ ទី ១០ ទី ១៩ និងទី ២៨៖ ប្រៀបធៀបដូចជាព្រះអាទិត្យ ដែលតែងតែដើរតួជាអ្នកបំភ្លឺសត្វលោកទាំងឡាយ។ អ្នកដែលមានថ្ងៃកំណើតដូចនេះ ភាគច្រើន ក្លាយខ្លួនទៅជាអ្នកដឹកនាំគេ ដែលតែងមានគំនិតជាអ្នកដឹកនាំតាំងពីកំណើតមកតែម្តង។ 

អ្នកដែលកើតថ្ងៃទាំងនេះ អាចនិយាយបានថានឹងក្លាយទៅជាធនធានមនុស្សដ៏ល្អប្រសើរម្នាក់នៅក្នុងសង្គមជាតិ ព្រោះតែទង្វើជាអ្នកដឹកនាំ ជាអ្នកផ្តល់គំនិតរបស់ពួកគេនេះឯង។ ម្យ៉ាងវិញទៀត ក៏ច្រើនតែជាមនុស្សមិនចេះនៅស្ងៀម ចូលចិត្តការប្រកួតប្រជែងគ្រប់ពេលវេលាចូលចិត្តគិតអំពីរឿងអ្វីៗដែល ប្លែកៗ ហើយថ្មីៗ។ ពិសេសគឺអាចជួយដោះស្រាយបញ្ហាឱ្យអ្នកដទៃបានយ៉ាងល្អផងដែរ ដោយតែងតែប្រកាន់ពាក្យថានៅក្នុងចិត្តថា «អាចកែប្រែរឿងមិនអាចទៅរួច ឱ្យទៅជារឿងរួចបាន»។ ហើយក្នុងរឿងធ្វើការងារវិញ ក៏ជាមនុស្សម្នាក់ ដែលចូលចិត្តរៀបចំផែនការអនាគតទុកជាមុន បានវែងឆ្ងាយជាងអ្នកដទៃ។

*ការងារដែលសមនឹងអ្នកបំផុតនោះគឺ: ធ្វើជាអ្នកជំនួញ ប្រធានគ្រប់គ្រង អ្នកចាត់ចែងការងារក្នុងក្រុមហ៊ុនជាដើម។ ជាក់ស្តែងមានអ្នកជំនួញល្បីល្បាញនៅលើពិភពលោកដូចជា លោក Dhirubhai Ambani លោក Ratan Tata លោក Mukes Ambani និង Bill Gates ជាដើម គឺសុទ្ធតែជាអ្នកដែលមានថ្ងៃកំណើតនៅកាលបរិច្ឆេទទាំងអស់ខាងលើនេះ។ 

រូបតំណាង មហាសេដ្ឋីលោក Bill Gates

២) ចំពោះអ្នកដែលកើតថ្ងៃទី ២ ទី ១១ ទី ២០ និងទី ២៩៖ អ្នកដែលកើតចំថ្ងៃទាំងនេះ ភាគច្រើនជាមនុស្សដែលប្រកបដោយគំនិតច្នៃប្រឌិតខ្លាំងណាស់ ហើយបំពេញការងាររបស់ខ្លួនបានយ៉ាងល្អប្រពៃ។ តែងតែចូលចិត្តស្វែងរកនូវអ្វីដែលថ្មីៗ ទាក់ទងជាមួយនឹងការកម្សាន្តជាដើម។ ជាពិសេសនោះគឺការងារអ្វីៗទាំងអស់ ដែលទាក់ទងជាមួយនឹងសិល្បៈ ការបង្កើតថ្មី ឬការសម្តែងជាដើម ពួកគេមិនដែលថយនឹងធ្វើវាឡើយ។

*ការងារដែលសមនឹងអ្នកបំផុតនោះគឺ: នៅក្នុងវិស័យសិល្បៈគំនូរ តារាសម្ដែង ការរចនាម៉ូត ជាអ្នកឌីហ្សាញជាដើម ឬបើបានធ្វើជាអ្នកការទូតទៀត រឹតតែល្អប្រពៃណាស់។ ដូចជាមនុស្សល្បីៗ ដែលកើតនៅកាលបរិច្ឆេទទាំងនេះគឺ Shahrukh Khan លោក Amitabh Bachchan លោក Leornado Di Caprio ។ 

រូបតំណាង តារាសម្តែងលោក Shahrukh Khan

៣) ចំពោះអ្នកដែលកើតថ្ងៃទី ៣ ទី ១២ ទី ២១ និងទី ៣០៖ មនុស្សប្រុសស្រីដែលកើតនៅក្នុងចំណោមថ្ងៃណាមួយ នៃថ្ងៃទាំងអស់នេះ ភាគច្រើនគឺពួកគេមានលក្ខណៈខ្លាំងក្លាពីតាំងពីធម្មជាតិមកស្រាប់តែម្តង។ នោះគឺភាគច្រើនតែងទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យធនាគារ ឬហិរញ្ញវត្ថុ។ 

ដូច្នេះសម្រាប់អ្នកដែលប្រាថ្នាចង់ចូលធ្វើអាជីវកម្ម គួរតែឆាប់បំពេញបំណងនេះឱ្យបានពេញទំហឹងទៅ ព្រោះបើប្រឡូកខ្លួនចូលក្នុងវិស័យអាជីវកម្ម លក់ដុំ ឬលក់រាយ ឬធ្វើជំនួញណាមូយ ដែលមានការពាក់ព័ន្ធនឹងការរកស៊ីនេះ ធានាថាប្រាកដជាបានទទួលនូវប្រាក់ចំណេញយ៉ាងច្រើនជាក់ជាមិនខាន។

*ការងារដែលសមនឹងអ្នកបំផុតនោះគឺ: ត្រូវជ្រើសយកខាង វិស័យធនាគារ ហិរញ្ញវត្ថុ និងការប្រកបអាជីវកម្ម លក់ដូរ នោះនឹងទទួលបាននូវភាពជោគជ័យខ្លាំង។ 

រូបតំណាង

៤) ចំពោះអ្នកដែលកើតថ្ងៃទី ៤ ទី ១៣ ទី ២២ និងទី ៣១៖ មនុស្សដែលកើតនៅថ្ងៃទាំងនេះ ត្រូវបានគេចាត់ទុកថាជាមនុស្សមិនធម្មតា គឺភាគច្រើនពួកគេហ៊ានប្រថុយប្រថានធ្វើនូវរឿងអ្វីដែលមិននឹកស្មានមិនដល់។ ប៉ុន្ដែជារឿយៗ ក៏តែងជួបបញ្ហាខ្លះដែរ ដោយសារតែធ្វើអ្វី ដោយមិនមានការសម្រេចចិត្តឱ្យបានច្បាស់លាស់ជាមុន។ ដូច្នេះបើចង់កែខៃនូវបញ្ហាទាំងអស់នេះអ្នកគូរតែ ចេះគិតមុនគូរ ចេះសម្រេចចិត្តឱ្យបានល្អជាមុនសិន មុននឹងធ្វើអ្វីមួយ។

ម្យ៉ាងវិញទៀតនោះគឺ អ្នកក៏ជាមនុស្សម្នាក់ ដែលមានប្រាជ្ញាដែល​ មិនងាយនឹងនរណា មកបោកប្រាស់បានទេ។ មួយទៀតក៏ជាអ្នកដែលមានចិត្ដទូលាយណាស់ ធ្វើឱ្យមិត្តរួមការងារស្រលាញ់ចូលចិត្ត ហើយការងារមួយចំនួនក៏មិនអាចធ្វើបានល្អដែរ បើគ្មានការជួយពីអ្នក។

*ការងារដែលសមនឹងអ្នកបំផុតនោះគឺ: ការងារផ្នែកកុំព្យូទ័រ អ្នកផលិត ទីប្រឹក្សាហិរញ្ញវត្ថុ មេធាវីស្ថាបត្យករ អ្នកម៉ៅការ វិស្វករ ឬជាសិល្បករក្នុងវិស័យសិល្បៈ និងការសម្ដែងក៏បានដែរ។  

រូបតំណាង

៥) ចំពោះអ្នកដែលកើតថ្ងៃទី ៥ ទី ១៤ និងទី ២៣៖ មនុស្សដែលមានថ្ងៃកំណើតទាំងនេះ ភាគច្រើនតែងកើតមកដោយមានមន្តស្នេហ៍ពេញខ្លួនតែម្តង ដែលអាចបញ្ចុះបញ្ចូលមនុស្សឱ្យជឿទុកចិត្តលើខ្លួនបានយ៉ាងងាយស្រួល។

ក្រុមមនុស្សប្រភេទនេះ បើបានធ្វើជាឈ្មួញផ្សារភាគហ៊ុននឹងទទួលបាននូវទំនាក់ទំនងយ៉ាងល្អពីអ្នករកស៊ីដូចគ្នា ហើយអំណាចនៅក្នុងការធ្វើសេចក្តីសម្រេចរបស់អ្នកក៏មានអ្នកគោរពធ្វើតាមយ៉ាងខ្លាំងផងដែរ។

ពួកគេក៏ចូលចិត្តស្វែងរកការប្រថុយប្រថានដើម្បីអាជីព និងការងារដែរ ដែលប្រកបទៅដោយភាពជឿជាក់។ មិនតែប៉ុណ្ណោះក៏ចូលចិត្តធ្វើការប្រកួតប្រជែង ដើម្បីជាការកម្សាន្ត និងបង្កើនបញ្ញារបស់ខ្លួនផងដែរ។ ក្នុងនោះពួកគេក៏មិនងាយនឹងធុញទ្រាន់នឹងការងារនេះដែរ ដោយចាត់ទុកថាវាគឺរឿងធម្មតាៗទៅហើយ។

*ការងារដែលសមនឹងអ្នកបំផុតនោះគឺ: អាចបំពេញជំនាញទាក់ទងនឹងផ្នែលភាគហ៊ុន ខាងទីផ្សារ និងខាងផ្នែកលក់ជាដើម។ បើអ្នកអាចចាប់អាជីពជាការងារទាំងអស់នេះបាន នឹងមានភាពជោគជ័យខ្លាំង ពេលប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតនាថ្ងៃអនាគត។ ឬក៏អាចធ្វើនៅក្នុងវិស័យបច្ចេកវិទ្យាក៏បានដែរ។ 

រូបតំណាង

៦) ចំពោះអ្នកដែលកើតថ្ងៃទី ៦ ទី ១៥ និងទី ២៤៖ បុគ្គលដែលកើតមកថ្ងៃនេះ គឺអាចរាប់ចាត់ទុកបានថាជាបុគ្គលម្នាក់ ដែលមានបុគ្គលិកលក្ខណៈ និងមានទេពកោសល្យល្អពីធម្មជាតិមក គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ពួកគេអាចសម្របខ្លួនទៅតាមបរិយាកាសនៅជុំវិញខ្លួនបានយ៉ាងងាយស្រួល ពិសេសគឺមានទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃជានិច្ច។ មិនតែប៉ុណ្ណោះក៏ជាមនុស្សដែលមានភាពអត់ធ្មត់ច្រើន រហ័សរហួន នៅក្នុងការធ្វើការងារតូចធំនានា។

*ការងារដែលសមនឹងអ្នកបំផុតនោះគឺ: ធ្វើការងារនៅក្នុងអាជីពខាងបម្រើសេវាកម្មសណ្ឋាគារ ភោជនីយដ្ឋាន ឬទាក់ទងនឹងផលិតផលនានា ជាពិសេសនោះក៏នឹងទទួលបាននូវភាពជោគជ័យខ្លាំងដែរ បើប្រកបអាជីពនៅក្នុងការងារ ដែលទាក់ទងទៅនឹងជំនាញគ្រូពេទ្រក៏បានដែរ។

រូបតំណាង
រូបតំណាង

៧) ចំពោះអ្នកដែលកើតថ្ងៃទី ៧ ទី ១៦ និងទី ២៥៖ ភាគច្រើនមនុស្សដែលកើតនៅថ្ងៃកំណើតទាំងនេះ គឺចូលចិត្តរស់នៅក្នុងពិភពដែលប្រកបទៅដោយភាពច្នៃប្រឌិតខ្ពស់ និងច្នៃប្រឌិតខុសពីអ្នកដទៃ។ ពួកគេអាចទទួលបាននូវភាពជោគជ័យដ៏ធំធេង ដោយគំនិតរបស់ខ្លួនឯង។ មិនតែប៉ុណ្ណោះបើសិនជាទាក់ទងនឹងវិស័យខាងផ្នែកស្រាវជ្រាវវិញ ក៏ល្អប្រសើរណាស់ដែរ។

*ការងារដែលសមនឹងអ្នកបំផុតនោះគឺ: ច្រើនទទួលបានផលល្អ ទាក់ទងនៅក្នុងវិស័យណាដែលអនុញ្ញាតឱ្យពួកគេបង្ហាញពីគំនិតច្នៃប្រឌិតរបស់ខ្លួន ដែលទាក់ទងនឹងវិជ្ជាជីវៈទាំងនោះ ឬដែលទាក់ទងនឹងការស្រាវជ្រាវបង្កើតថ្មីជាដើម។ 

រូបតំណាង

៨) អ្នកដែលកើតថ្ងៃទី ៨ ទី ១៧ ទី ២៦៖ មនុស្សដែលថ្ងៃកំណើតដូចនេះ ពួកគេច្រើនតែងតែជួបប្រទះនូវការលំបាកពីក្មេងបន្តិច រហូតដល់អាយុ ៣៥ ឆ្នាំ។ ហើយពួកគេក៏ជាមនុស្សម្នាក់ ដែលកើតមកមានភាពសាមញ្ញធម្មតាៗម្នាក់ ប៉ុន្តែជាមួយនឹងទង្វើការងារដ៏ឧស្សាហ៍របស់ពួកគេ នឹងនាំឱ្យខ្លួនទទួលបាននូវភាពជោគជ័យដ៏ធំមួយនៅក្នុងជីវិត។

ម្យ៉ាងវិញទៀតសម្រាប់មនុស្សនៅជុំវិញអ្នកក៏ចាំជួយការងារអ្នកជានិច្ចដែរ ទោះជាលំបាកខ្លាំងបន្តិច ប៉ុន្តែអ្នកមើលទៅសប្បាយរីករាយជាមួយការងារនេះ បើធ្វើវាដោយអារម្មណ៍ល្អ មិនមានភាពតានតឹង។ ហើយសម្រាប់ការស្ថិតក្នុងស្ថានភាពការងារណាមួយអស់រយៈពេលយូរឆ្នាំ ក៏មិនមានរឿងលំបាកណាស់ណាដែរចំពោះអ្នក។

*ការងារដែលសមនឹងអ្នកបំផុតនោះគឺ: ការងារដែលពាក់ព័ន្ធទៅនឹងរឿងនយោបាយ ជំនួញ ហិរញ្ញវត្ថុ អចលនទ្រព្យ អ្នកសម្របសម្រួលមេដឹកនាំនយោបាយ ឬមេដឹកនាំសាសនា មេធាវី អ្នកដឹកនាំប្រជាជន និងអាជីវកម្មខាងផ្នែកកម្សាន្តសប្បាយជាដើម។ 

៩) ចំពោះអ្នកដែលកើតថ្ងៃទី ៩ ទី ១៨ និងទី ២៧៖ កើតមករមែងតែងតែមានភាពក្លាហានពីកំណើតច្រើនខុសពីមនុស្សដទៃ។ ជាពិសេសក៏ជាមនុស្សដែលមានកម្លាំងខ្លាំងក្លាពីធម្មជាតិផងដែរ។ ក្រៅពីនេះក៏ជាអ្នកដែលចូលចិត្តឯករាជ្យ មិនចូលចិត្តឱ្យអ្នកដទៃមកគ្រប់គ្រងលើដំណើរជីវិតរបស់ខ្លួនបាននោះទេ។ ហើយក៏ជាមនុស្សម្នាក់ដែលមានសមត្ថភាព អាចសិក្សាពីចំណុចខ្លាំងរបស់ខ្លួនឯងបានយ៉ាងល្អ និងអាចនិយាយបានថាមានចិត្តជាអ្នកប្រយុទ្ធតស៊ូតាំងពីកំណើតមកស្រាប់។

*ការងារដែលសមនឹងអ្នកបំផុតនោះគឺ: ក្នុងវិស័យកីឡាដូចជា អ្នកប្រដាល់គឺល្អបំផុត សម្រាប់អ្នកកើតមកក្នុងថ្ងៃនេះ។ បន្ថែមពីលើនេះគឺ ការងារនៅក្នុងការបម្រើជាតិដូចជា កងកម្លាំងការពារព្រំដែន ទាហាន ប៉ូលិស ឬអត្តពលិកជាដើម ក៏ទទួលបានផលល្អប្រសើរដែរ។

ដូច្នេះសរុបឡើងវិញ គឺនៅរង់ចាំដល់ណាទៀត ប្រញាប់ចាប់យកនូវឱកាសការងារដែលសមនឹងអ្នកបំផុតតាមថ្ងៃកំណើតរៀងៗខ្លួន។ ជូនពរជោគជ័យគ្រប់ភារកិច្ចដែលបានបំពេញណា៎៕

ប្រភព៖ Speakingtree / Naukrinama /Khimao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]