ភ្នំពេញ៖ កាលពីថៃ្ងទី២ រហូតដល់ថៃ្ងទី៤ ខែមេសា កន្លងទៅ អតីតតារាបាល់ទាត់ Rudd van Nelsterooy បានធើ្វដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីដង្ហែរនូវពានរង្វាន់ UEFA Champions League មកឲ្យបងប្អូនប្រជាជនខែ្មរបានស្គាល់។ 

Rudd van Nelsterooy

ក្នុងការចំណាយពេលចំនួន ៣ថៃ្ង ក្នុងមជ្ឈមណ្ឌល City Hall កោះពេជ្រ រាជធានីភ្នំពេញ van Nelsterooy ត្រូវបានបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រិយមិត្ដដែលជាអ្នកគាំទ្រក្លិបបិសាចក្រហម Manchester United និងក្លិបអធិរាជស Real Madrid ទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងភាពកក់ក្ដៅ ត្បិតបុរសសញ្ជាតិហូឡង់ រូបនេះ ធ្លាប់លេងឲ្យទាំង Man Utd និង Real អំឡុងពេលដែលលោកនូវប្រកបអាជីព។ ប្រជាជនរាប់ពាន់នាក់ បាននាំគ្នាសម្រុកចូលជួបជាមួយអតីតខែ្សប្រយុទ្ធជំនាញជើងស្ដាំ និងបានថតរូបជាមួយពានរង្វាន់លំដាប់កំពូលរបស់ទ្វីបអឺរ៉ុប ដោយភាពសប្បាយរីករាយផងដែរ។

ដូច្នេះចង់ដឹងដែរទេថា ហេតុអ្វីបានជាប្រជាពលរដ្ឋ ជាពិសេសអ្នកស្នេហាវិស័យបាល់ទាត់ ចូលចិត្ដ Rudd van Nistelrooy ខ្លាំងយ៉ាងនេះ? 

ជួបជាមួយលោក សុខា ដែលជាបុគ្គលិកបម្រើការក្នុងក្រុមហ៊ុនមួយបាននិយាយថា គ្រាន់តែរូបលោក ឮដំណឹងថា van Nistelrooy នឹងធ្វើដំណើរមកកាន់កម្ពុជា លោកពិតជារំភើបសប្បាយរីករាយជាខ្លាំង ដោយសារអតីតប្រធានក្រុមជម្រើសជាតិហូឡង់ នេះ ជាកីឡាករដែលលោកពេញចិត្ដ។ 

រូបលោកក៏បានបន្ថែមថា ការដែលតារាបាល់ទាត់ក្រៅស្រុកដូចជា van Nistelrooy មកកាន់ប្រទេសកម្ពុជា គឺពិតជាមានអត្ថប្រយោជន៍ខ្លាំង ដោយសារទី១ គឺអាចផ្សព្វផ្សាយពីប្រទេសជាតិ ការជម្រុញទឹកចិត្ដយុវជនឲ្យស្រលាញ់កីឡា និងលេងកីឡាឲ្យជៀសឆ្ងាយពីគ្រឿងញៀន។ 

លោក សុខា

ក្រឡេកទៅមើលយុវតីមួយរូប ដែលស្នេហាវិស័យបាល់ទាត់ ជាពិសេសគឺជាអ្នកគាំទ្រ Manchester United កញ្ញា វីន បានរៀបរាប់មកកាន់ Khmerload ថា មូលហេតុដែលធើ្វឲ្យកញ្ញាស្រលាញ់ van Nistelrooy គឺដោយសារតែរូបគេធ្លាប់លេងឲ្យ Man Utd និងបានស៊ុតបញ្ចូលទីឲ្យក្រុមមួយនេះបានច្រើន ទើបធើ្វឲ្យកញ្ញាស្រលាញ់អតីតកីឡាករនោះ។ 

កញ្ញា វីន

មកចាប់អារម្មណ៍លើបងប្រុស យូយ៉ាស្គី ដែលបងប្រុសគឺជាបុគ្គលិកមួយរូបបម្រើការក្នុងស្ថាប័នរដ្ឋមួយ បានឲ្យដឹងថា រូបគាត់ពិតជាចង់ជួបជាមួយ van Nistelrooy ខ្លាំងមែនទែន ដោយសារវីរបុរសបាល់ទាត់រូបនេះ គឺជានិមិត្ដរូបរបស់បងប្រុសតាំងពីបងប្រុសចេះមើលបាល់ពីដំបូង ជាពិសេសគឺរូបគេបានលេងឲ្យក្រុម Manchester United ថែមទៀតផង ដែលជាហេតុធើ្វឲ្យបងប្រុសស្រលាញ់ ចង់ជួប ចង់បានហត្ថលេខា ជាពិសេស គឺបានថតរូបជាមួយ។ 

បងប្រុស យ៉ាស្គី បានបញ្ជាក់ដែរថា ប្រសិនបើមានឱកាសលើកក្រោយទៀត លោកចង់ឲ្យខែ្សប្រយុទ្ធរបស់ក្រុម Everton សព្វថៃ្ង គឺ Wayne Rooney មកប្រទេសកម្ពុជា ព្រោះថារូបគេក៏ជានិមិត្ដរូបរបស់បងប្រុសផងដែរ។ 

បងប្រុស យូយ៉ាស្គី

ចូលដល់យុវជនម្នាក់ទៀត មានឈ្មោះថា សំណាង បាននិយាយប្រាប់ Khmerload ថា លោកគឺជាអ្នកគាំទ្រដ៏ស្មោះស័្មគ្ររបស់ក្រុមបិសាចក្រហម Manchester United ដូច្នេះហើយ បានជារូបលោកមកចូលរួមក្នុងកម្មវិធីដែលមានវត្ដមានរបស់ Rudd van Nistelrooy ។ 

លោក សំណាង

ទាំងនេះគឺជាមតិយោបល់ខ្លះៗរបស់អ្នកគាំទ្រវិស័យបាល់ទាត់ ជាពិសេសគឺប្រិយមិត្ដដែលចូលចិត្ដលោក Rudd van Nelsterooy ផ្ទាល់តែម្ដង។ ក្នុងការមកជួបអតីតវីរបុរសបាល់ទាត់រូបនេះ មិនត្រឹមតែបានថតរូបជាមួយលោកប៉ុណ្ណោះទេ គឺបានទាំងថតរូបជាមួយពានរង្វាន់ UEFA Champions League ដែលជាពានរង្វាន់ដ៏ធំជាងគេក្នុងទ្វីបអឺរ៉ុប ដែលក្លិបធំៗជាច្រើនកំពុងប្រជែងផងដែរ។

យ៉ាងណាមិញ ក្រោយបញ្ចប់បេសកម្មក្នុងរាជធានីភ្នំពេញ សម្រាប់ការដង្ហែពានរង្វាន់ UEFA Champions League លោក Rudd van Nistelrooy ក៏បានធើ្វដំណើរកំសាន្ដទៅកាន់ទីក្រុងអង្គរ ខេត្ដសៀមរាប ផងដែរ៕   

Rudd van Nelsterooy
Rudd van Nelsterooy
Rudd van Nelsterooy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]