បរទេស៖ នៅពេលឮពាក្យថា មនុស្សជោគជ័យបំផុតនៅអាយុវ័យក្មេង  មនុស្សជាច្រើនប្រាកដជាគិតពី Mark Zuckerberg, Evan Spiegel, Steve Jobs និង Bill Gates ជាដើម។ ក៏ប៉ុន្តែមានមនុស្សនៅក្នុងសម័យបុរាណជាច្រើនក៏បានទទួលជោគជ័យទាំងវ័យក្មេងដែរ។

មនុស្សខាងក្រោមនេះជាអ្នកដែលបានផ្លាស់ប្ដូរពិភពលោកនៅក្នុងសម័យរបស់គេទាំងវ័យក្មេង៖

Alexander the Great នៅអាយុ ១៨ឆ្នាំ

Alexander the Great បានសម្រេចរឿងធំៗជាច្រើនបើទោះជា ទ្រង់មិនបានរស់នៅដល់អាយុចាស់ក៏ដោយ។ បន្ទាប់ពីឃាតកម្មនៃបិតារបស់ព្រះអង្គ ទ្រង់បានឡើងគ្រងរាជ្យនៅអាយុ ១៦ឆ្នាំ។ ២ឆ្នាំក្រោយមក ទ្រង់បានចាប់ផ្ដើមធ្វើសង្គ្រាមពង្រីកទឹកដី។ ទ្រង់បានកាន់កាប់ទឹកដីយ៉ាងធំក្រៃលែង គឺមានចាប់ពីប្រទេសឥណ្ឌាសព្វថ្ងៃ ទៅកាន់ប្រទេសក្រិកសព្វថ្ងៃ។ ទ្រង់មិនដែលចាញ់សមរភូមិមួយណានោះទេ ក៏ប៉ុន្តែចុងក្រោយទ្រង់បានសុគតទៅដោយសារជំងឺ នៅអាយុ ៣២ឆ្នាំ។

Augustus Caesar នៅអាយុ ២០ឆ្នាំ

Augustus Caesar គឺជាអធិរាជនៃចក្រភពរ៉ូម មុនដំបូងគេបង្អស់។ ទោះជាយ៉ាងណាក៏ដោយ ការផ្សងព្រេងរបស់ទ្រង់បានចាប់ផ្ដើមមុនពេលឡើងសោយរាជ្យទៅទៀត។ ទ្រង់ត្រូវជាចៅ កូនចញ្ចឹម និងជាអ្នកស្នងរាជ្យពីអ្នកដឹកនាំ Julius Caesar។ នៅពេលដែល Julius Caesar ត្រូវបានគេធ្វើឃាត Augustus បាននិងកំពុងហ្វឹកហាត់ធ្វើជាកងទ័ព ហើយពេលឮដំណឹងភ្លាម Augustus មិនបានរត់ទៅណាទេ ផ្ទុយទៅវិញទ្រង់បានត្រឡប់ទៅដើរតួនយោបាយធម្មតានៅក្នុងព្រឹទ្ធសភា។ ១០ឆ្នាំក្រោយមកទ្រង់បានក្លាយជាអធិរាជដំបូងនៃចក្រភពរ៉ូម។

Joan of Arc នៅអាយុ ១៧ឆ្នាំ

សង្គ្រាម Hundred Year បានបំផ្លិចបំផ្លាញចក្រភពបារាំងយ៉ាងខ្លាំង។ ក៏ប៉ុន្តែនៅឆ្នាំ ១៤២៩ មានក្មេងស្រីវ័យក្មេងមកពីជនបទម្នាក់បានកែប្រែរឿងនេះទាំងស្រុង។ ដោយមានការគាំទ្រពីក្រុមតូចមួយ Joan of Arc នាងបានបញ្ចុះបញ្ចូលឲ្យអ្នកគ្រប់គ្រងប្រទេសនាពេលនោះ ឲ្យផ្ដល់នាងនូវអំណាចក្នុងការគ្រប់គ្រងទាហានទាំងមូល។ នាពេលនោះនាងមានអាយុ ១៧ឆ្នាំ នាងបានកាត់សក់ឲ្យខ្លី ពាក្យអាវក្រោះ រួចជិះសេះទៅកាន់សមរភូមិយ៉ាងក្លាហាន។ ក្រោយពេល៩ថ្ងៃដែលនាងបានទៅដល់ទីក្រុង Orléans នាងបានវាយបំបែកកងទ័ពអង់គ្លេសដែលកំពុងវាយលុកទីក្រុងនាពេលនោះឲ្យដកថយ។ ជាអកុសល ២ឆ្នាំក្រោយមក នាងត្រូវបានកងទ័ពអង់គ្លេសចាប់បាន រួចធ្វើការប្រហាជីវិតដោយដុតទាំងរស់។

Wolfgang Amadeus Mozart នៅអាយុ ៨ឆ្នាំ

Mozart គឺជាក្មេងប្រុសដែលមានឈ្មោះល្បីល្បាញម្នាក់នៅសតវត្សទី ១៨។ គាត់ចាប់ដឹងក្ដីធំឡើងដោយស្ដាប់ឪពុករបស់គាត់បង្រៀនបងស្រីគាត់ពីការលេងព្យាណូ។ នៅអាយុ៥ឆ្នាំ Mozart អាចចេះតែងបទភ្លេងបានរួចទៅហើយ ដោយពេលនោះគាត់គ្រាន់តែលេងបទភ្លេង ហើយឪពុកគាត់ជាអ្នកកត់បទភ្លេងនោះទុក។ ដោយមានការជួយពីឪពុកគាត់ នៅអាយុ៨ឆ្នាំ គាត់បានបង្កើតបទភ្លេងសម្រាប់វង់តន្ត្រីមួយរួចមកហើយ។ ហើយគាត់បានដើរលេងភ្លេងសម្រាប់នៅក្នុងវាំងនាៗ ពាសពេញទ្វីបអឺរ៉ុប។នៅពេញមួយជីវិតគាត់ គាត់បានសរសេរបទភ្លេងបានជាង ៦០០ ក៏ប៉ុន្តែមិនបានចំណូលច្រើននោះទេ។ គាត់បានស្លាប់ទៅនៅអាយុ ៣៥ ឆ្នាំ។ 

Blaise Pascal នៅអាយុ ១៩ឆ្នាំ

នៅសតវត្សទី ១៧ អ្នកគណិតវិទូ Blaise Pascal ជាមនុស្សដែលដើរមុនជំនាន់របស់គាត់។ នៅអាយុ ១២ឆ្នាំ គាត់បានចាប់ផ្ដើមសិក្សាពីធរណីមាត្រ។ ៧ឆ្នាំក្រោយមក គាត់បានចាប់ផ្ដើមបង្កើតប្រដាប់គិតលេខដែលអាចយកតាមខ្លួនបាន។ ទោះជាយ៉ាងណាក៏ដោយ ដោយសារគាត់ដើរមុនជំនាន់គាត់លឿនពេក ប្រដាប់គិតលេខរបស់គាត់ ដែលមានឈ្មោះថា Pascaline មិនដែលរកប្រាក់បាន ១សេននោះទេ។ ក៏ប៉ុន្តែគាត់នៅតែទទួលបានជោគជ័យជាអ្នកគណិតវិទូ ទស្សនវិទូ និងរូបវិទូមួយរូបដដែល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]