បរទេស៖ សារធាតុដែលមានទំនាក់ទំនងជាមួយជំងឺមហារីកមាននៅគ្រប់ទីកន្លែង។ ពេលខ្លះយើងមិនអាចចៀសផុតពីវាបានផង។ ហើយអង្គការសុខភាពពិភពលោក  បានចេញរបាយការណ៍មួយបង្ហាញពីវត្ថុនិងអាហារប្រចាំថ្ងៃ ដែលអាចធ្វើឲ្យយើងប្រឈមនឹងជំងឺនេះបាន។

ជំងឺមហារីកគ្រប់ប្រភេទទាំងអស់ គឺជាលទ្ធផលនៃការខូចខាត ឬការលូតលាស់មិនប្រក្រតីនៃ DNA របស់មនុស្ស។ បន្ទាប់មកវាប៉ះពាល់ដល់ការលូតលាស់របស់កោសិកាបាន ហើយកោសិកាដែលខូចខាតនោះនឹងត្រូវលូតលាស់ក្នុងល្បឿនលឿនមួយ  ដែលនាំឲ្យមានការរីកសាយភាយដុំមហារីកក្នុងខ្លួនរបស់យើង។

មានផលិតផលជាច្រើនដែលអាចបណ្ដាលឲ្យមនុស្សប្រឈមនឹងជំងឺមហារីកបាន ដូចនេះហើយបានជាអ្នកវិទ្យាសាស្ត្រកំពុងផ្ដោតសំខាន់ទៅលើការជះឥទ្ធិពលពីវត្ថុទាំងនោះមកលើសុខភាពរបស់មនុស្សយើង។

ខាងក្រោមជាវត្ថុនិងអាហារដែលអាចធ្វើឲ្យយើងប្រឈមនឹងជំងឺមហារីកបាន៖

ថ្នាំពន្យាកំណើត

ថ្នាំពន្យាកំណើតមិនមែនអាក្រក់ទាំងស្រុងនោះទេ។ គេបានមើលឃើញថាវាអាចធ្វើឲ្យស្ត្រីប្រឈមនឹងជំងឺមហារីសុដន់មែន ប៉ុន្តែវាក៏ជួយទប់ស្កាត់ជំងឺមហារីកប្រភេទផ្សេងៗដែរ។

ជាតិស្ករ

ថ្មីៗនេះអ្នកវិទ្យាសាស្ត្របានរកឃើញថា ជាតិស្ករជាអ្នកបង្កើនល្បឿននៃការរីកលូតលាស់នៃដុំមហារីកនៅក្នុងខ្លួនយើង។

ប្លាស្ទិច

ប្លាស្ទិចប្រភេទខ្លះអាចមានគ្រោះថ្នាក់ណាស់ បើសិនជាវាលេចចេញជាតិគីមីមកខាងក្រៅ ដោយសារស្នាមកោស ឬរហែកជាដើម។ មានក្រុមហ៊ុនផលិតប្លាស្ទិចមួយចំនួនបានប្រាប់ថាផលិតផលគេមានសុវត្ថិភាពពិតមែន ក៏ប៉ុន្តែនៅលើទីផ្សារនៅតែមានផលិតផលប្លាស្ទិចជាច្រើនដែលមានគ្រោះថ្នាក់។

អារហារកែឆ្នៃ

អាហារទាំងឡាយណាដែលនៅក្នុងកញ្ចប់ប្លាស្ទិច ហើយអាចទុកបានរាប់សិបខែនោះ គឺផ្ទុកសារធាតុគីមី ដែលអាចធ្វើឲ្យអ្នកប្រឈមនឹងគ្រោះថ្នាក់នៃជំងឺមហារីកបាន។

បារី

យើងបានដឹងមកហើយថាបារីជាអ្នកបង្កជំងឺមហារីកមួយ ហើយនៅក្នុងវាមានសារធាតុគីមីយ៉ាងតិចណាស់ ៧០ប្រភេទដែលបង្កជំងឺនេះ។ ហើយមិនមែនតែអ្នកជក់តែម្នាក់ទេដែលរងគ្រោះនោះ សូម្បីអ្នកស្រូបយកផ្សែងពីចំងាយក៏អាចរងគ្រោះបានដែរ។

អាហារអាំងភ្លើង

តាមការស្រាវជ្រាវមួយមកពីវិទ្យាស្ថានជាតិនៃជំងឺមហារីក (National Cancer Institute) បានបង្ហាញថា សាច់ជាច្រើនប្រភេទដែលដាក់អាំង អាចមានគ្រោះថ្នាក់បានដោយសារពេលខ្លាញ់ និងទឹកបានពីសាច់ទាំងនោះ ពេលស្រក់ទៅលើភ្លើង ហើយធ្វើឲ្យភ្លើងឆេះកាន់តែខ្លាំង ភ្លើងដែលឆេះខ្លាំងនោះអាចផ្ទុកសារធាតុគីមីដែលអាចមានគ្រោះថ្នាក់បាន។

ស្រា

ការទទួលទានគ្រឿងស្រវឹងក្នុងចំនួនច្រើនលើសកម្រិត ហើយជាញឹកញាប់ អាចនាំឲ្យអ្នកមានជំងឺមហារីកជាច្រើនប្រភេទបាន។ 

អាហារផ្អាប់

អាហារផ្អាប់អាចបង្កឲ្យមានជំងឺមហារីកបាន ដូចជាត្រីផ្អាប់អំបិលជាដើម។ អ្នកស្រាវជ្រាវពីចក្រភពអង់គ្លេស ដែលបានស្រាវជ្រាវពីជនជាតិចិនដែលរស់នៅចក្រភពអង់គ្លេស បានរកឃើញថាជនជាតិចិនជាជនជាតិភាគតិច ដែលមានអត្រាប្រឈមនឹងជំងឺមហារីកដ៏ខ្លាំងមួយ។ ត្រសក់ជ្រក់ក៏អាចប្រឈមនឹងមហារីកក្រពះផងដែរ។ ដូចនេះហើយគេគិតថារបបអាហារបរិភោគរបស់ជនជាតិចិនគឺជាកត្តា ដែលបង្កឲ្យមានការប្រឈមទៅនឹងជំងឺនេះខ្លាំងផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]