ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជូនអូនទៅម៉ែ» របស់កំពូលតារាចម្រៀងជួរមុខលោក ឆាយ វីរៈយុទ្ធ កាន់តែទទួលបានការគាំទ្រកាន់តែខ្លាំង ក្រោយពេលដែលសម្តេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជានាំគ្នារាំលេងជាមួយនឹងចង្វាក់បែបប្រពៃណីខ្មែរ។ សម្តេចនាយកបានមានប្រសាសន៍ថា ឆ្នាំនេះអត់រាំបទដូចឆ្នាំមុនទេ គឺឆ្នាំនេះរាំបទសារ៉ាវ៉ាន់បែបប្រពៃណី ចឹងត្រៀមទៅ។

តារាចម្រៀងជួរមុខលោក ឆាយ វីរៈយុទ្ធ បានបញ្ជាក់ថា លោករំភើបចិត្តយ៉ាងខ្លាំងនៅពេលដែលឮថា សម្តេចតេជោ ហ៊ុន សែន បានជំរុញលើកទឹកចិត្តបងប្អូនខ្មែរយើងទាំងក្នុង និងក្រៅប្រទេសងាកមករាំលេង ជាមួយបទប្រពៃណីខ្មែរនៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រណៃណីជាតិនេះ។

លោក ឆាយ វីរៈយុទ្ធ បានលើកឡើងថា៖

«ខ្ញុំពិតជាសប្បាយចិត្តនៅពេលឃើញបងប្អូនយើងងាកយករាំលេងជាមួយនឹងបទបែបប្រពៃណី ពិសេសកាន់តែសប្បាយចិត្តនៅពេលបានដឹងថា សម្តេចតេជោ ហ៊ុន សែន លោកបានជំរុញឲ្យបងប្អូនខ្មែរយើងរាំលេងឲ្យបានច្រើនជាមួយនឹងបទសារ៉ាវ៉ាន់ និងចង្វាន់ប្រពៃណីខ្មែរផ្សេងៗនោះ»។

ជាមួយគ្នានេះ នៅតាមរយៈបណ្តាញសង្គមវិញ មហាជនគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ក៏កំពុងនិងចាប់អារម្មណ៍ខ្លាំងលើបទ «ជូនអូនទៅម៉ែ» ជាចង្វាន់សារ៉ាវ៉ាន់របស់តារាចម្រៀង ឆាយ វីរៈយុទ្ធ ដែលជាបទចម្រៀងយកតាមលំនាំបទដើមរបស់តារាចម្រៀងជើងចាស់អ្នកស្រី សូ សាវឿន។

គួរបញ្ជាក់ថា លោក ឆាយ វីរៈយុទ្ធ ជាតារាវ័យក្មេងដែលបានហក់ទៅកាន់តំណែងកំពូលក្នុងវិស័យចម្រៀង មានប្រជាប្រិយភាពស្របាលគ្នាជាមួយនឹងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ជាដើម៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ