អង់គ្លេស៖ ក្នុងរដូវកាលនេះ ក្រុម Chelsea បានទទួលរងនូវបញ្ហាជាច្រើន ដោយទម្រង់លេងរបស់ក្រុមតោខៀវមួយនេះ បានធ្លាក់ចុះជាខ្លាំង ហើយថ្មីៗនេះថែមទាំងបានលេចឮព័ត៌មាន អំពីភាពចលាចលរវាងអ្នកដឹកនាំក្លិប និងគ្រូបង្វឹកទៀតផង។

បើយោងតាមសេចក្តីរាយការណ៍មួយ បានឲ្យដឹងថា ក្រុម Chelsea នឹងអាចប្រឈមមុខជាមួយបញ្ហាជាច្រើនទៀត បើក្រុមមួយនេះខកខាន មិនបានជាប់ទៅលេងក្នុងព្រឹត្តិការណ៍ Champions League នៅរដូវកាលក្រោយ។

បញ្ហាផ្នែកហិរញ្ញវត្ថុ៖ បើក្រុម Chelsea មិនអាចលេងនៅក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយទេ ភាគហ៊ុនរបស់ក្លិបនឹងធ្លាក់តម្លៃ ហើយចំណូលរបស់ក្រុមហ៊ុន ក៏គេរំពឹងថានឹងធ្លាក់ចុះដូចគ្នា។

បញ្ហាផ្នែកកីឡាករក្នុងក្លិប៖ កីឡាករជាច្រើនអាចនឹងចាកចេញពីក្លិប ដើម្បីទៅលេងឲ្យក្រុមណាដែលបានជាប់ទៅលេង នៅក្នុង Champions League ជាពិសេស គឺកីឡាករល្បីដូចជា Eden Hazard និង Thibaut Courtois។

បញ្ហាផ្នែកទីផ្សាកីឡាករ៖ ពេលដែលកីឡាករឆ្នើម ពួកគេចាកចេញពីក្លិប Chelsea នឹងពិបាកក្នុងការចែចូវកីឡាករថ្មីៗចូល ព្រោះពួកគេចង់ទៅលេងនៅក្លិបណា ដែលជាប់នៅក្នុង Champions League ។

បញ្ហាគ្រូបង្វឹក៖ បើលោក Roman Abramovich សម្រេចចិត្តដេញគ្រូបង្វឹកលោក Antonio Conte ចេញនៅចុងរដូវកាលនេះមែននោះ ក្រុម Chelsea នឹងជួបប្រទះនូវផលវិបាកមួយចំនួនដូចជា ពួកគេនឹងពិបាករកគ្រូបង្វឹកល្អៗមកជំនួស ដោយសារតែ ពួកគេភ័យខ្លាចថា លោក Abramovich នឹងដេញពួកគេចោលទៀត បើគាត់មិនពេញចិត្ត ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]