បរទេស៖ ការអភិវឌ្ឍនៃបចេ្ចកវិទ្យា AI កំពុងតែដើរក្នុងល្បឿនដ៏លឿនមួយដែលយើងសឹងតែមិនអាចព្យាករណ៍ទុកមុនឲ្យបានជាក់ច្បាស់ថា វានឹងក្លាយទៅជាយ៉ាងណានៅពេលអនាគត។ ការអភិវឌ្ឍនៃ AI ត្រូវបានគេបែងចែកជា ៣ដំណាក់កាល។ ទី១ គឺ Artificial Narrow Intelligence ដែលវាអាចត្រឹមតែធ្វើរឿងជាក់លាក់ណាមួយតែប៉ុណ្ណោះ ដូចជារៀបឡាន ឬលេងអុកជាដើម។

រូបតំណាង Artificial Narrow Intelligence

ទី២ គឺ Artificial General Intelligence ដែលវាអាចធ្វើបានស្ទើរតែរឿងគ្រប់យ៉ាងដែលមនុស្សអាចធ្វើបាន ហើយវាអាចគិត និងរៀបគម្រោងបានដូចមនុស្សទៀតផង។

រូបតំណាង Artificial General Intelligence

ហើយដំណាក់កាលចុងក្រោយសម្រាប់បចេ្ចកវិទ្យា AI នោះគឺ Artificial Super Intelligence ដែលវាអាចធ្វើរឿងគ្រប់យ៉ាង ហើយវាមានប្រាជ្ញាឆ្លាតជាងមនុស្សរាប់លានដង។ ASI អាចបើកផ្លូវទៅលើរឿង២នៅពេលអនាគត។ វាអាចផ្ដល់ជីវិតអមតៈឲ្យមនុស្ស  ឬក៏មួយទៀតវាអាចធ្វើឲ្យមនុស្សផុតពូជពីលើផែនដីបាន។ 

ខុសពី AI ដ៏ទៃ ASI ជាប្រភេទបច្ចេកវិទ្យាដែលរៀន និងបង្ហាត់ខ្លួនវាបាន ហើយការគិតរបស់វានឹងក្លាយទៅជារឿងមួយដ៏ស្មុគស្មាញសម្រាប់មនុស្ស។ សាស្ត្រាចារ្យ Ray Kurzweil បាននិយាយថា «វាជារឿងដ៏ល្ងង់មួយដែលមនុស្សគិតថា យើងនឹងអាចគ្រប់គ្រងអ្វីមួយដែលមានប្រាជ្ញាឆ្លាតជាងយើងរាប់លានដងនោះ»។

រូបតំណាង Artificial Super Intelligence

បើសិនជា ASI ធ្វើរឿងល្អ វាមានន័យថាអ្វីៗគ្រប់យ៉ាងនឹងអាចធ្វើទៅបាន។ រឿងទាំងនោះមានដូចជា ការកែប្រែការកើនឡើងកម្ដៅនៃពិភពលោក ការព្យាបាលជំងឺ និងការគ្រប់គ្រងចក្រវាលទាំងមូលជាដើម។ ជីវិតអមតៈសម្រាប់មនុស្សអាចធ្វើទៅបានដោយបញ្ចូលមនុស្សយន្តតូចៗរាប់លានគ្រឿងទៅក្នុងខ្លួនមនុស្សដើម្បីធ្វើការព្យាបាល ឬក៏បង្ហោះការគិតរបស់យើងទៅកាន់ប្រព័ន្ធអុិនធឺណេតជាដើម។ ប៉ុន្តែបើ ASI ធ្វើអាក្រក់វិញ មានន័យថា វានឹងបំផ្លាញមនុស្សជាតិចោលទាំងស្រុង ពីព្រោះមនុស្សអាចបំផ្លាញវាបាន។ អ្នកមានឈ្មោះល្បីល្បាញដូចជាលោក Stephen Hawking, Elon Musk និង Bill Gates ជឿជាក់ថា ASI គឺជាការគំរាមកំហែងដ៏ធំជាងគេសម្រាប់មនុស្សជាតិ។

រូបតំណាង

លោក Sam Harris ដែលជាអ្នកវិទ្យាសាស្ត្រមួយរូបបាននិយាយថា «យើងមិនមែនខ្លាចថាមនុស្សយន្តនៅសុខៗ ក៏គិតអាក្រក់ហើយមកបំផ្លាញយើងនោះទេ អ្វីដែលគួរឲ្យខ្លាចនោះគឺថា បើគោលដៅមនុស្សនិងគោលដៅរបស់ AI មានការប៉ះទង្គិចគ្នា មនុស្សនឹងត្រូវវាបំផ្លាញជាមិនខាន»។ យើងអាចប្រៀបធៀបទំនាក់ទំនងរបស់យើងជាមួយស្រមោចបាន យើងមិនមែននៅសុខៗក៏ដើរទៅបំផ្លាញស្រមោចចោលនោះទេ  ក៏ប៉ុន្តែនៅពេលដែលស្រមោចទើសផ្លូវយើង យើងនឹងត្រូវបំផ្លាញវា។ ហើយទំនាក់ទំនងរវាងយើងជាមួយនឹង AI គឺដូចជាទំនាក់ទំនងយើងជាស្រមោចអីចឹងដែរ អ្វីដែលខុសគ្នានោះគឺជាមួយ AI យើងគឺជាស្រមោច៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]