ចិន៖ អ្នកដែលមិនដឹងអាចគិតថាវាគ្រាន់តែជាសំណង់ធម្មតាមួយប៉ុណ្ណោះ ក៏ប៉ុន្តែអគារកម្ពស់៦០ម៉ែត្រនៅក្រុង Xi’anមួយនេះ គឺបានបង្កើតឡើងសម្រាប់ទាញផ្សែងពុលទាំងអស់ចេញពីបរិយាកាស។ ហើយតាមការស្រាវជ្រាវបានបង្ហាញថា វាបានកាត់បន្ថយសារធាតុពុលនៅជុំវិញតំបន់ក្បែរៗនោះបានយ៉ាងប្រសើរ។

អ្នកវិទ្យាសាស្ត្រដែលបានសាងសង់អគារបន្សុទ្ធនេះ សង្ឃឹមថាគេនឹងអាចសាងសង់អគារបែបនេះឲ្យបានកាន់តែច្រើនទៀត ហើយរីកសាយភាយអគារបន្សុទ្ធខ្យល់បែបនេះ ឲ្យបានពាសពេញប្រទេសចិន។

អគារបន្សុទ្ធខ្យល់

សាស្រ្តាចារ្យ David Pui មកពីសាកលវិទ្យាល័យនៃរដ្ឋ Minnesota សហរដ្ឋអាមេរិកដែលជាអ្នកចូលរួមក្នុងការស្រាវជ្រាវផងដែរនោះ បាននិយាយថា «ខ្ញុំចូលចិត្តប្រាប់សិស្សខ្ញុំថា យើងមិនចាំបាច់ ត្រូវតែក្លាយជាវេជ្ជបណ្ឌិតទើបអាចជួយជីវិតមនុស្សបាននោះទេ។ បើសិនជាយើងអាចទាញផ្សែងពុលបានត្រឹម ២០% ចេញពីទីប្រជុំជនបាន យើងនឹងអាចសង្គ្រោះជីវិតមនុស្សរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ»។

គួរបញ្ជាក់ថា អគារនេះត្រូវបានសាងសង់នៅឆ្នាំ ២០១៦ ហើយត្រូវបានចំណាយអស់ទឹកប្រាក់ ២លានដុល្លារ។ គេបានសាងសង់វាឡើងនៅពីលើផ្ទះកញ្ចក់មួយ ហើយកម្ដៅពីពន្លឺព្រះអាទិត្យនឹងរុញខ្យល់ពីផ្ទះកញ្ចក់ ឲ្យចូលអគារបន្សុទ្ធខ្យល់នេះ ដែលវានឹងទាញយកសារធាតុពុលជាច្រើនប្រភេទ ហើយខ្យល់បរិសុទ្ធនឹងត្រូវបានបញ្ចេញឡើងពីបំពង់របស់វា។

អគារបន្សុទ្ធខ្យល់

នេះជាមធ្យោបាយដ៏ល្អមួយសម្រាប់ប្រយុទ្ធប្រឆាំងទៅនឹង ការបំពុលបរិយាកាសដែលជាមូលហេតុដែលបណ្ដាលឲ្យមនុស្សយ៉ាងតិចណាស់ ៦,៥លាននាក់ជុំវិញពិភពលោកស្លាប់មុនអាយុនៅឆ្នាំ២០១៥។ ហើយវាគ្រោះថ្នាក់បំផុតសម្រាប់ទីក្រុងជាច្រើននៅក្នុងប្រទេសចិន ដោយសារចិនជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារការបំពុលបរិយាកាស។

ទោះជាយ៉ាងណាក៏ដោយ មានមនុស្សជាច្រើនគិតថា អគារបន្សុទ្ធនេះមិនអាចដោះស្រាយបញ្ហាការបំពុលបរិយាកាសបានទាំងស្រុងនោះទេ ការកាត់បន្ថយការបញ្ចេញផ្សែងពុលចេញពីយានយន្ត និងរោងចក្រនានា ត្រូវតែមានដដែលដើម្បីទទួលបានបរិយាកាសល្អ៕

អគារក្រោមការសាងសង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]