ជាទូទៅ ការជ្រើសរើសរុក្ខជាតិមកដាំនៅផ្ទះ អាចជារឿងងាយស្រួល និងសាមញ្ញបំផុតសម្រាប់អ្នក ព្រោះថាអ្នកអាចរើសតាមចំណូលចិត្ត ឬការស្រលាញ់នៃរុក្ខជាតិនោះ។

ប៉ុន្តែការពិតវាអាចខុស ពីការគិតរបស់អ្នក ប្រសិនបើអ្នកដាំរុក្ខជាតិទាំងនោះ មិនបានត្រឹមត្រូវ វាអាចផ្តល់ផលមិនល្អដល់អ្នកត្រលប់មកវិញ ឬហាក់ដូចជាពុំផ្តល់អត្ថប្រយោជន៍ដល់អ្នកទៀតផង។

ដោយឡែក បើសិនណាជាអ្នកជ្រើសរើស រុក្ខជាតិបានត្រឹមត្រូវមកដាំនៅផ្ទះ វាអាចជួយធ្វើឲ្យមានសុខភាពល្អ ធ្វើឲ្យមានខ្យល់អាកាសល្អ និងអត្ថប្រយោជន៍មួយចំនួនផ្សេងៗទៀត ទៅតាមប្រភេទនៃរុក្ខជាតិនោះ។

ហេតុនេះ ចូរតាមដាននូវរុក្ខជាតិមួយចំនួន ដូចខាងក្រោមនេះ ដែលអ្នកគួរដាំនៅផ្ទះ រួមជាមួយនឹងអត្ថប្រយោជន៍របស់វា៖

១/ ឬស្សីសំណាង

ឬស្សីសំណាងវាមានរូបរាងផ្សេងៗពីគ្នា ទៅតាមការតុបតែងម៉ូត ហើយគេឃើញវាមានលក់នៅតាមផ្សារទំនើប ឬកន្លែងលក់រុក្ខជាតិផងដែរ។

ជាការពិតណាស់ ឬស្សីសំណាង គឺជារុក្ខជាតិមួយប្រភេទ ដែលអ្នកគួរតែយកវាមកដាំនៅផ្ទះ ព្រោះវាមិនត្រឹមតែធ្វើឲ្យផ្ទះ មានភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងនាំមកនូវសុខភាពល្អ មានភាពរីករាយ ជាពិសេស វាផ្តល់នូវភាពសំណាងនៅក្នុងជីវិតរបស់អ្នកទៀតផង។

គួរឲ្យដឹងផងដែរថា រុក្ខជាតិឬស្សី ត្រូវបានគេប្រើប្រាស់រាប់ពាន់ឆ្នាំមកហើយ នៅអាស៊ី ព្រោះគេមានជំនឿថា ជានិមិត្តរូបនៃទ្រព្យសម្បត្តិ និង ភាពរុងរឿង។

ហេតុនេះអ្នកគួរតែយករុក្ខជាតិប្រភេទនេះ ដាក់នៅជ្រុងនៃបង្អួចដែលមានពន្លឺតិច ដើម្បីនាំសិរីសួស្ដីដល់អ្នក។

ឬស្សីសំណាង

២/ ដើមលុយ

រុក្ខជាតិមួយផ្សេងទៀត ដែលអ្នកអាចយកមកដាំនៅផ្ទះបាននោះ គឺរុក្ខជាតិលុយ ឬហៅជាទូទៅថា ដើមលុយ។ ដើមលុយនេះផងដែរ វាមានច្រើនប្រភេទ និង មានរូបរាងស្រដៀងៗគ្នា ទៅតាមប្រភេទនីមួយៗ ហើយជាទូទៅ ត្រូវបានគេដឹងថា វាអាចនាំមកនូវភាពសំណាង រួមជាមួយនឹងទ្រព្យសម្បត្តិទៀតផង។

លើសពីនេះទៅទៀតនោះ រុក្ខជាតិមួយនេះ អាចជួយនាំយកនូវខ្យល់បរិសុទ្ធគ្មានជាតិពុល និងបង្កើនលំហូរអុកស៊ីសែននៅក្នុងផ្ទះរបស់អ្នកផងដែរ។ ម្យ៉ាងទៀតវាអាចជួយកាត់បន្ថយ ភាពតានតឹង ការថប់អារម្មណ៍ ឬគំនិតអវិជ្ជមានមួយចំនួន។

ចំពោះរុក្ខជាតិប្រភេទនេះ អ្នកគួរកុំដាំវានៅជ្រុងខាងជើងឆៀងខាងកើត ក៏ដូចជានៅតាមបណ្តោយជញ្ជាំងខាងជើង និង ខាងកើតនៃផ្ទះរបស់អ្នក។ 

ដើមលុយ

៣/ ម្រះព្រៅ

ការដាំ ម្រះព្រៅ នៅបរិវេណផ្ទះ ត្រូវបានគេដឹងថា អាចជួយស្រូបយកឧស្ម័ន ដែលមានគ្រោះថ្នាក់ (ឧស្ម័នមិនល្អ) ដូចជា កាបូនឌីអុកស៊ីត និង កាបូនម៉ូណូអុកស៊ីត ចេញពីបរិស្ថាន ហើយបញ្ចេញមកវិញនូវអុកស៊ីសែន។

លើសពីនេះទៅទៀតនោះ វាថែមទាំងមានលក្ខណៈសម្បត្តិ ប្រឆំាងទៅនឹងបាក់តេរី ប្រឆាំងទៅនឹងពពួកផ្សិត ការរលាក និងជួយព្យាបាលជំងឺផ្សេងៗទៀត ដូចជា ជំងឺផ្តាសាយ គ្រុនក្តៅ បញ្ហារំលាយអាហារ និងជំងឺរលាកទងសួត។

ទាំងនេះជាមូលហេតុ ដែលអ្នកគួរដាំម្រះព្រៅនៅក្នុងបរិវេណផ្ទះ ភាគខាងជើង ឬភាគខាងត្បូង។ 

ម្រះព្រៅ

៤/ ផ្កាអ័រគីដេ

ផ្កាអ័រគីដេ មានភាពងាយស្រួលនៅក្នុងការថែរក្សា និងមានភាពស្រស់ស្អាត ដល់ផ្ទះរបស់អ្នក ហើយថែមទាំងអាចបញ្ចេញ នូវអុកស៊ីសែនបានយ៉ាងល្អ សម្រាប់រាងកាយ ប្រសិនបើអ្នកដាក់វានៅក្នុងបន្ទប់គេង។

ម្យ៉ាងវិញទៀត ផ្កាអ័រគីដេ ក៏ត្រូវបានគេដឹងថា ជាកាដូដ៏ល្អសម្រាប់ស្វាមីភរិយា ដែលទើបតែរៀបការផងដែរ។

ផ្កាអ័រគីដេ

៥/ ប្រទាលកន្ទុយក្រពើ

ជាទូទៅយើងឃើញថា ប្រទាលកន្ទុយក្រពើ ត្រូវបានគេយកមកដាំនៅតាមផ្ទះ សម្រាប់លម្អ ធ្វើជាភេសជ្ជៈធម្មជាតិ ក្នុងការទទួលទាន ឬបំពេញតម្រូវការផ្សេងៗ។

គួរឲ្យដឹងផងដែរថា ប្រទាលកន្ទុយក្រពើ ផ្តល់អត្ថប្រយោជន៍ដល់អ្នក ក្នុងការព្យាបាលការរលាកកម្រិតស្រាល ឬបញ្ហាស្បែកផ្សេងៗទៀត យ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែក្រៅពីនេះ វាក៏ជារុក្ខជាតិដ៏ល្អមួយប្រភេទផងដែរ ដែលនាំមកនូវសិរីសួស្ដីដល់អ្នក ៕ 

ប្រទាលកន្ទុយក្រពើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]