អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធស្លាបរបស់ក្រុម Bayern Munich កីឡាករ Arjen Robben ថាកំពុងតែពិចារណា អំពីអនាគតរបស់ខ្លួន ខណៈដែលក្រុម Bayern Munich មិនទាន់ត្រៀមកុងត្រាថ្មីឲ្យរូបគេ។

ខ្សែប្រយុទ្ធចាស់វស្សា កីឡាករ Arjen Robben បានថ្លែងប្រាប់សារព័ត៌មាន ក្នុងបទសម្ភាសន៍មួយថា រូបគេកំពុងតែគិតពីអនាគតរបស់ខ្លួន ហើយបានបន្ថែមថា ការចូលនិវត្តន៍នៅតែជាមធ្យោបាយមួយ ព្រោះរូបគេដឹងខ្លួនថា វ័យក៏កាន់តែជ្រេណាស់ដែរ។

កីឡាករវ័យ ៣៤ឆ្នាំ រូបនេះ បានបន្តថា លោកបានយល់ព្រមគ្នា ជាមួយលោក Karl-Heinz Rummenigge រួចរាល់ហើយ ថាភាគីទាំងពីរនឹងជួបពិភាក្សាគ្នា នៅខែមេសា ខាងមុខនេះ។ ដូច្នេះរូបលោក ក៏នៅរង់ចាំមើលលទ្ធផល នៃកិច្ចប្រជុំនេះសិន ទើបសម្រេចចិត្តនៅពេលក្រោយទៀត។

Robben បានឲ្យដឹងទៀតថា ខ្លួនបានមកលេងនៅ Bayern Munich យូរណាស់ដែរហើយ តែបើក្រុមអាល្លឺម៉ង់មួយនេះ សម្រេចថាមិនចង់ផ្តល់កុងត្រាថ្មីឲ្យរូបគេទេនោះ ប្រហែលជាការចូលនិវត្តន៍ វាល្អជាងទៅលេងឲ្យក្រុមផ្សេង។ 

កីឡាករ Arjen Robben

គួរបញ្ជាក់ថា កីឡាករ Arjen Robben បានមកលេងឲ្យក្រុម Bayern Munich តាំងតែពីឆ្នាំ២០០៩ មកម៉្លេះ។ រូបគេបានបង្ហាញខ្លួន ឲ្យក្រុមមួយនេះបានជាង ១៨៦ប្រកួត និងព្រមទាំងបានជួយឲ្យ Bayern Munich ឈ្នះពាន UEFA Champions League នៅរដូវកាល ២០១២-២០១៣ ផងដែរ ដោយកីឡាករ Robben នេះផ្ទាល់ បានស៊ុតបញ្ចូលទីចុងម៉ោង ជួយឲ្យក្រុម Bayern យកឈ្នះក្រុម Borussia Dortmund ២-១ ៕

Arjen Robben ក្រោយស៊ុតបញ្ចូលទី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]