លោក Sundar Pichai ដែលបច្ចុប្បន្នមានតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុន Google កើតនៅក្នុងរដ្ឋ Tamil Nadu ស្ថិតនៅប្រទេសឥណ្ឌា ក្នុងឆ្នាំ ១៩៧២ ក្នុងគ្រួសារមួយដែលមានកម្រិតជីវភាពមធ្យម ដែលមានឪពុកជាវិស្វករអគ្គិសនី។

លោកបានបញ្ចប់ថ្នាក់វិទ្យាល័យនៅសាលារៀន Jawahar Vidyalaya School ស្ថិតនៅទីក្រុង Chennai រួចក៏បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ IIT Kharagpur លើជំនាញវិស្វកម្មកែច្នៃរ៉ែ (Metallurgical Engineering)។ ដោយមានក្តីសុបិនចង់បន្តការសិក្សាទៅមុខទៀត លោក Sundar ក៏ទទួលបានឱកាសបន្តការសិក្សាថ្នាក់អនុបណ្ឌិត​លើជំនាញវិស្វកម្ម និងវិទ្យាសាស្ត្រវត្ថុធាតុ (Material Sciences and Engineering ) នៅសាកលវិទ្យាល័យស្ទែនហ្វឺដ ដ៏ល្បីនៅអាមេរិក។ 

លោក Sundar Pichai

លោក Sudar បានចាប់ផ្តើមធ្វើការនៅក្រុមហ៊ុន Google ក្នុងឆ្នាំ ២០០៤ ហើយកាលនោះលោកមានតួនាទីក្នុងការអភិវឌ្ឍរបារឧបករណ៍ ( Toolbar ) របស់វេបសាយ Google ដើម្បីផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការស្វែងរក (Search) ព័ត៌មាន។

ដោយសារតែទេពកោសល្យរបស់លោក របារឧបករណ៍របស់វេបសាយ Google ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ធ្វើឲ្យលោក Sundar ត្រូវបានគេទទួលស្គាល់កាន់តែច្រើនជាងមុនថែមទៀត។

បន្ទាប់ពី Toolbar ទទួលបានភាពជោគជ័យរួចមក បុរសវ័យ៤៥ឆ្នាំរូបនេះ បានបញ្ចុះបញ្ចូលឲ្យក្រុមហ៊ុន Google គួរណាបង្កើតកម្មវិធីរុករក (Browser) ដោយខ្លួនឯង។ លោក Eric Schmidt ដែលកាលនោះមានតួនាទីជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានជំទាស់គំនិតនេះ ដោយសាររូបលោកគិតថា គម្រោងបង្កើតកម្មវិធីរុករក នឹងត្រូវចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។

ទោះជាបែបនេះក្តី លោក Sundar មិនព្រមបោះបង់ចោលឡើយ ពោលគឺលោកបានធ្វើការបញ្ចុះបញ្ចូលសហស្ថាបនិករបស់ក្រុមហ៊ុនទាំងពីររូប គឺលោក Larry Page និងលោក Sergey Brin ដើម្បីចាប់ផ្តើមអនុវត្តគម្រោងនេះ។ ទីបំផុតភារកិច្ចនេះត្រូវបានភាគីក្រុមហ៊ុន ប្រគល់ឲ្យលោក Sundar ដើម្បីរ៉ាប់រង។

Larry Page (ខាងស្តាំ) និងលោក Sergey Brin

ដើម្បីធានាថាកម្មវិធីរុករកដំបូងគេរបស់ក្រុមហ៊ុនទទួលបានភាពជោគជ័យ លោក Sundar បានស្វែងរកចំណុចខ្សោយមួយចំនួនរបស់កម្មវិធីរុករកដទៃទៀត ក៏ដូចជាបញ្ហាទាំងឡាយដែលអ្នកប្រើប្រាស់ធ្លាប់បានជួបប្រទះ។

លុះដល់ឆ្នាំ ២០០៨ ទីបំផុតក្រុមហ៊ុន Google បានចាប់ផ្តើមដំណើរការកម្មវិធីរុករកដំបូងគេរបស់ខ្លួន ហៅថា Google Chrome។ ក្រោយបង្កើតរួច Google Chrome បានផ្តួលកម្មវិធីរុករកដទៃទៀតរួមមាន Internet Explorer និង Firefox ជាដើម  ដណ្តើមតំណែងជាកម្មវិធីរុករកចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក។ ភាពជោគជ័យនេះ បានធ្វើឲ្យលោក Sundar Pichai ទទួលបានការកោតគោរពយ៉ាងច្រើន ជុំវិញពិភពលោក។

តាំងពីពេលនោះមក លោកបានសម្រេចភាពជោគជ័យជាច្រើនជូនក្រុមហ៊ុន រួមមានការអភិវឌ្ឍកម្មវិធី Chrome OS, Chromebook, WebM, ក៏ដូចជាកម្មវិធី Android ដែលត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Google។

ក្នុងឆ្នាំ២០១៤ លោក Sundar បានឡើងតំណែងតួនាទី ជានាយកផ្នែកផលិតផលប្រចាំក្រុមហ៊ុន ព្រមទាំងបានក្លាយជាមនុស្សជំនិតរបស់លោក Larry Page ផងដែរ។ ស្នាដៃរបស់លោកទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ក្រុមហ៊ុនធំៗដទៃទៀត។ គួរបញ្ជាក់ថាក្រុម​ហ៊ុន​ Microsoft ព្រមទាំងបាន​ពិចារណា ចង់ឲ្យ​លោក​ Sundar Pichai កាន់កាប់តំណែង​ជានាយកប្រតិបត្តិ បន្តពីលោក Steve Ballmer ទៀតផង។

បើតាមប្រភពបានឲ្យដឹងថា ព្រោះខ្លាចបាត់បង់ធនធានមនុស្សដ៏សំខាន់ទៅឲ្យក្រុមហ៊ុនដទៃ ក្រុមហ៊ុន Google បានរិះរកវិធីដើម្បីមិនឲ្យលោក Sundar ចាកចេញ។ លោក Sundar Pichai ត្រូវបានតែងតាំងជានាយកប្រតិបត្តិក្រុមហ៊ុន Google នៅថ្ងៃទី ០២ តុលា ២០១៥។

លោក Sundar Pichai

គួររម្លឹកថា សម្រាប់ជីវិតឯកជនរបស់លោកវិញ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយអតីតមិត្តរួមថ្នាក់ឈ្មោះ Anjali Pichai និងមានចំណងដៃកូនប្រុស-ស្រីចំនួនពីរនាក់ផងដែរ៕

លោក Sundar Pichai និងភរិយា

ប្រភព៖ India EngineersYo! SuccessNeuronerdz

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]