អង់គ្លេស៖ ក្រោយពីក្រុម Manchester United បានបង្ហាញទម្រង់លេង មិនសូវបានល្អនៅឆ្នាំនេះ គ្រូបង្វឹកលោក Jose Mourinho បានត្រៀមកោះហៅ កីឡាករទាំងអស់មកនិយាយទល់មុខគ្នាឲ្យដាច់ស្រេច ពីរឿងច្របូកច្របល់ទាំងអម្បាលម៉ាន ដែលកីឡាករទាំងអស់កំពុងតែមានក្នុងចិត្ត។ 

ថ្មីៗនេះមានសារព័ត៌មានជាច្រើន បង្ហើបឲ្យដឹងថា ក្រុមបិសាចក្រហម មួយនេះកំពុងតែមានភាពច្របូកច្របល់ ដោយសារតែ ​មានកីឡាករមួយចំនួន កំពុងតែខឹងនឹងគ្រូបង្វឹកលោក Jose Mourinho ។

ប្រភពដដែលបន្តថា លោក Mourinho បានផ្ទុះជម្លោះពាក្យសម្តី ជាមួយកីឡាករ Luke Shaw នៅក្នុងការហ្វឹកហាត់មួយ កាលពីពីរសប្តាហ៍មុន ដោយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ រូបនេះ ត្រូវបានគេសង្កេតឃើញថា លោកមិនសូវនិយាយជាមួយកីឡាករ Paul Pogba នោះទេ ដោយរឿងនេះជាហេតុមួយ ដែលកីឡាករសញ្ជាតិបារាំងរូបនោះ មានទម្រង់លេងធ្លាក់ចុះខ្លាំង។

ប៉ុន្តែ រឿងទាំងអស់នេះ អាចនឹងដោះស្រាយបាន ក្រោយពីជំនួយការរបស់លោក Mourinho បានបង្ហើបថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ រូបនោះ នឹងកោះហៅកីឡាករទាំងអស់មកជុំគ្នា និងពិភាក្សាអំពីជម្លោះទាំងឡាយ ដែលពួកគេកំពុងតែប្រឈម ហើយការកោះហៅនេះ នឹងធ្វើមុនការប្រកួតជាមួយក្រុម Swansea ។

លោក Jose Mourinho
កីឡាករក្រុម Manchester United

គួរឲ្យដឹងផងដែរថា ក្រោយពីការប្រកួតជាមួយ Swansea ក្រុម Manchester United នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Ethihad Stadium ដែលជាទឹកដីរបស់ក្រុម Manchester City នៅថ្ងៃទី៧ ខែមេសា ។ ហើយការប្រកួតនោះដែរ បើក្រុម Manchester City ឈ្នះ Manchester United ពួកគេនឹងលើកពាន Premier League ៕ 

កីឡាករក្រុម Man Utd និង Man City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]