បារាំង៖ លោក Unai Emery ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមអ្នកមាននៅបារាំង Paris Saint-Germain កាលពីឆ្នាំ ២០១៦ ។

ប៉ុន្តែក្នុងពេលនេះ មហាជនស្ទើរតែគ្រប់រូប បានប្រាកដក្នុងចិត្តហើយថា គ្រូបង្វឹករូបនេះនឹងអាចចាកចេញពីក្លិប PSG នៅពេលដែលកិច្ចសន្យារបស់គាត់ ជាមួយក្លិបនឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ។

បន្ទាប់ពីចំណាយប្រាក់អស់រាប់លានដុល្លារហើយ បែរជាទទួលបានបរាជ័យក្នុងក្របខ័ណ្ឌ UEFA Champions League ក្រោមស្នាដៃក្រុម Real Madrid កាលពីខែមុន ប្រធានក្លិប PSG ហាក់បីដូចជា មិនសូវពេញចិត្ត នឹងការគ្រប់គ្រងរបស់លោក Unai Emery ប៉ុន្មានឡើយ។

សារព័ត៌មានជាច្រើនបានឲ្យដឹងថា ប្រធានក្លិប PSG លោក Nasser Al-Khelaifi ក៏កំពុងតែធ្វើការស្វែងរកគ្រូបង្វឹកថ្មី ដើម្បីមកកាន់កាប់ក្រុមរបស់ខ្លួន នៅរដូវកាលក្រោយផងដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ប្រភពព័ត៌មានបានឲ្យដឹងថា ក្លិប Paris Saint-Germain ត្រៀមខ្លួនរួចជាស្រេច ក្នុងការទាក់ទាញយកលោក Antonio Conte ពីក្រុមតោខៀវ Chelsea ដោយធ្វើការផ្តល់ប្រាក់ឈ្នួលជាង ១៤លានដុល្លារអាមេរិក ក្នុងរយៈពេលមួយរដូវកាល។

ក្នុងចំណោមគ្រូបង្វឹកខ្លាំងៗ ដូចជា លោក Jose Mourinho និងលោក Diego Simeone ប្រធានក្លិប PSG បានចាត់ទុកលោក Conte ជាគោលដៅទី១របស់ខ្លួន ដោយសារតែគ្រូបង្វឹកអ៊ីតាលីរូបនេះ កំពុងតែមានការខកចិត្តយ៉ាងខ្លាំង ចំពោះក្លិបតោខៀវ ដែលមិនសូវជាហ៊ានចាយប្រាក់ច្រើន ក្នុងការទិញកីឡាករនោះ។

ដូច្នេះមានន័យថា Conte អាចនឹងមានភាពងាយស្រួលជាងគេ ក្នុងការទាក់ទាញឲ្យមកដឹកនាំក្រុមនៅក្របខ័ណ្ឌ Ligue 1 មួយនេះ ៕ 

លោក Unai Emery
លោក Antonio Conte
លោក Antonio Conte

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]