រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ កាលពី​រសៀលថ្ងៃ​ទី​២១ មីនា បាន​បញ្ជូន​នារី​​ម្នាក់​ដែល​បើករថយន្ត​ម៉ាក​ព្រូស​បុក​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា​ (​ឡាំ​ប្រឺ​តា​) បណ្តាល​ឱ្យ​ស្ត្រី​ជា​តារា ចម្រៀង​ចង្វាក់​រ៉ុ​ក​ម្នាក់​ស្លាប់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ការ​បញ្ជូន​​​​អ្នក​បើកបរ​ ដែល​បង្ក​ឱ្យ​​តារាចម្រៀង​ស្លាប់​នេះ គ្រាន់តែ​ជា​ការ​បំពេញ​នីតិវិធី​ប៉ុណ្ណោះ ដើម្បី​កំ​ុ​ឲ្យ​លើស​ពេល​វេលា​នៃ​ការ​ឃាត់ខ្លួន ។ ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​សាលាដំបូង បាន​ត្រឹម​ថតរូប​ទុកជា​ឯកសារ និង​ប្រគល់​សំណុំរឿង​ដាក់​ឲ្យ​រដ្ឋបាល តែ​មិន​ទាន់​បាន​ចាត់​ទៅ​ព្រះរាជអាជ្ញា​រង​រូប​ណា​​សាកសួរ​នៅឡើយ​ទេ ។ លុះ​បន្ទាប់​​ពី​មន្ត្រី​តុលាការ​ថតរូប​ហើយ នារី​ជា​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​វិញ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា សំណុំរឿង​នេះ​ ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​លោក ខាំ សុ​ផា​រី ព្រះ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​សាកសួ​ួ​រ ហើយ​រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​នោះ ​នៅ​មិន​ទាន់​ចប់​ទេ និង​អាច​ផ្ញើ​ទៅ​សមត្ថកិច្ច​ម្តងទៀត ដោយ​ទុក​ពេល​ឲ្យ​ជួប​ចរចា​ជាមួយ​ភាគី​ជន​រង​គ្រោះ​រឿង​សំណង​រដ្ឋប្ប​វេណី​សិន មុន​ចោទប្រកាន់​លើ​បណ្តឹងអាជ្ញា ។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា តំណាង​អយ្យការ​បាន​ពន្យារពេល​សួរ​ចម្លើយ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ជាមួយ​ជន​រង​គ្រោះ ដែល​កំពុង​ជាប់រវល់​ធ្វើបុណ្យ​បូជាសព នៅ​មិន​ទាន់​អាច​និយាយ​គ្នា​បាន ។

នារី​ដែល​បើករថយន្ត​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់នេះ​ឈ្មោះ ងួ​ន ស្រី​និ​ច អាយុ​១៩​ឆ្នាំ សព្វថ្ងៃនៅ​ជួយ​លក់ដូរ​ឪពុក​ម្តាយ ស្នាក់​នៅ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ កាក់ ច​ន្ធី អាយុ​៣៨​ឆ្នាំ ជា​អ្នកចម្រៀង​រ៉ុ​ក​ខេនរ៉ូ​ល​ នៅ​ហាង​បារាំង​មួយ ស្នាក់​នៅ​ម្ដុំ​ផ្សារ​ទួល​ទំពូង ខណ្ឌចំការមន ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ក៏​មាន​ជន​រង​គ្រោះជា​ជនជាតិ​បារាំង​ម្នាក់​ដែរ និង​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

គួរ​រំឭក​ថា កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមីនា មាន​ហេតុការណ៍​គ្រោះថ្នាក់​មួយ​បាន​កើតឡើង​ដោយ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​កណ្ដុរ​ល្មែះ មួយ​គ្រឿង គ្មាន​ផ្លា​ក​លេខ បុក​ជាមួយ​រ៉ឺ​ម៉ក​កង់៣​ឥណ្ឌា នៅ​ស្តុ​ប​ទន្លេបាសាក់ ដែល​ជា​ចំណុចប្រសព្វ​រវាង​មហាវិថី​ម៉ៅ​សេ​ទុង​និង​ផ្លូវ​លេខ​១៦៣សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។ គ្រោះថ្នាក់​នេះ បណ្តាល​ឱ្យ​ស្ត្រី​ជា​អ្នកចម្រៀងរូប​នេះ​ស្លាប់​ក្នុង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​នៅ​នឹង​កន្លែង​កើតហេតុ និង​ជនបរទេស​ម្នាក់​ក៏​រង​របួសធ្ងន់​ដែរ និង​បាន​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕

នារីបង្កហេតុដែលបុកតារាចម្រៀងរ៉ុកស្លាប់

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]