ថៃ៖ ស្ត្រីប្រមាណជាង ៥០ ភាគរយ បានឆ្លើយថាពួកគេទទួលរងការយាយីផ្លូវភេទ ពីសំណាក់បុរសៗ អំឡុងពេលពិធីបុណ្យសង្រ្កាននៅប្រទេសថៃ។ នេះបើយោងតាមការឲ្យដឹងពីសារព័ត៌មាន Coconut Bangkok ចុះផ្សាយថ្ងៃទី ២២ មីនា ២០១៨។

អង្គការ Women and Men Progressive Movement Foundation បានដាក់របាយការណ៍នេះ ទៅកាន់ក្រសួងមហាផ្ទៃរបស់ថៃ កាលពីថ្ងៃទី ២២ មីនា ២០១៨ ម្សិលមិញ ដើម្បីជម្រុញឲ្យរដ្ឋាភិបាលចាត់វិធានការធ្វើយ៉ាងណា ដើម្បីទប់ស្កាត់កុំឲ្យករណីបែបនេះកើតមានឡើងសាជាថ្មី។

គួររម្លឹកថា របាយការណ៍នេះគឺផ្អែកលើការស្ទង់មតិមួយកាលពីឆ្នាំ ២០១៦ ដែលមានការចូលរួមពីសំណាក់ស្ត្រី និងនារី អាយុចន្លោះ ១០ ទៅ ៤០ ឆ្នាំ ចំនួន ១ ៧៩៣នាក់។ ក្នុងចំណោមពួកគេទាំងនោះ ៥១,៩ ភាគរយនិយាយថា ពួកគេត្រូវបានបុរសៗយាយីផ្លូវភេទ។

ជនរងគ្រោះជានារីម្នាក់ ដែលសូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា អំឡុងពេលសង្ក្រានកាលពីឆ្នាំ ២០១៦ ស្ថិតនៅផ្លូវ Khaosan មានបុរសម្នាក់បានស្ទាបអង្អែលសុដន់របស់នាង អំឡុងពេលលេងប៉ាតម្ស៉ៅ។ 

រីឯនារីម្នាក់ទៀតបានឲ្យដឹងថា ពិធីបុណ្យសង្ក្រានគឺជាពិធីបុណ្យដ៏សប្បាយរីករាយ មិនគួរណាកើតមានហេតុការណ៍នេះមកលើរូបនាងសោះ ដូច្នេះចាប់ពីពេលនេះតទៅនាងលែងចូលរួមក្នុងពិធីនេះទៀតហើយ។

ក្រៅពីការយាយីផ្លូវភេទ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នារីៗជាជនរងគ្រោះក៏ត្រូវបានបុរសដែល​ស្រវឹងជោគជាំមករំខានផងដែរ។ ជុំវិញករណីនេះ លោក Sutthipong Chulcharoen ដែលជានាយកនៃនាយកដ្ឋានកិច្ចការមូលដ្ឋាន បានអំពាវនាវឲ្យនារីៗទាំងឡាយមេត្តាកុំស្លៀកពាក់ខ្លីឲ្យសោះ អំឡុងពេលពិធីបុណ្យសង្ក្រាននៅឆ្នាំនេះ ដើម្បីបង្ការកុំឲ្យមានការយាយីផ្លូវភេទមកលើពួកគេ៕ 

ការលេងបាញ់ទឹកអំឡុងពេលពិធីបុណ្យសង្ក្រាននៅថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]