(ភ្នំពេញ)៖ ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយមកនេះ គេសង្គេតឃើញថា បញ្ហាវប្បធម៌បានក្លាយជាប្រធានបទដ៏ក្តៅគគុក នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងឈានចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ ខណៈតែងតែមានការលើកឡើងជាញឹកញាប់ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ពីសំណាក់យុវវជន និសិ្សត និងសិល្បករ-សិល្បការិនី អំពីបញ្ហាវប្បធម៌ដូចជា ចម្រៀង ក៏ដូចជាល្បែងប្រជាប្រិយខ្មែរជាដើម ខណៈលោក អ៊ឹម ជីវ៉ា ក៏បានលើកឡើងដែរថា ល្បែងប្រជាប្រិយខ្មែរ នឹងត្រូវបាត់បង់ បើកូនខ្មែរមិនចូលរួមជួយថែរក្សា។

ជាមួយគ្នានេះ តារាប្រុសដែល តែងតែមានមុខក្នុងការធ្វើជំនួយសប្បុរសធម៌ លោក អ៊ឹម ជីវ៉ា បានសរសេរសារជាច្រើន ពាក់ព័ន្ធនឹងបញ្ហាល្បែងប្រជាប្រិយថា «Shareមួយផងកូនខ្មែរ ល្បែងប្រជាប្រិយខ្មែរនឹងត្រូវបាត់បង់ បើកូនខ្មែរមិនចូលរួមជួយថែរក្សា នាពេលបច្ចុប្បន្នយើងសង្កេត ឃើញថាយុវវ័យជាច្រើន មិនសូវចាប់អារម្មណ៍លេងល្បែងប្រជាប្រិយខ្មែរទេ បែរជាចូលចិត្តយកវប្បធម៌គេមកលេង ពេលចូលឆ្នាំខ្មែរដូចជាជះទឹក និងប៉ាតម្សៅទៅវិញ»។

លោក សរសេរបន្តថា «បើយើងក្រឡេកមកមើលល្បែងប្រជាប្រិយខ្មែរ ដូចជា ចោលឈូង បោះអង្គុញ លាក់កន្សែង លាក់កូនខ្លែង វ៉ៃក្អម ដណ្តើមស្លឹកឈើ លោតប៉ាវ .ល. មិនត្រូវបានគេយកមកថតតាមកម្មវិធីទូរទស្សន៍នានាឡើយ គឺមានតែទូរទស្សន៍មួយចំនួនតូចតែប៉ុណ្ណោះ ដែលថតមកផ្សព្វផ្សាយអំពីល្បែងប្រជាប្រិយខ្មែរ ក្រៅពីនោះឃើញថតតែរាំ និងច្រៀង បើមើលទៅវាហាក់បីដូចជា កំពុងត្រូវបានគេមិនគាំទ្រ ឬបាត់បង់បន្តិចម្តងហើយ»។

លោក អ៊ឹម ជីវ៉ា សរសេរបន្ថែមថា «ខ្ញុំសូមសំណូមពរ ដល់យុវវ័យខ្មែរមួយចំនួនជួយថែរក្សាល្បែងប្រជាប្រិយខ្មែរយើងផង កុំឲ្យទាល់តែគេលួចអស់ គេស្នើដាក់ជាសម្បត្តិបេតិកភណ្ឌជាតិគេ បាននាំគ្នាមកធ្វើផ្អើលឈូឆរនោះ គឺជាការដែលខុសឆ្គងបំផុត ដូចពាក្យខ្មែរតែងតែនិយាយថា កុំចាំគោបាត់ទើបធ្វើរបង ឬកុំធ្វើអ្វីក្រោយព្រឹត្តិការណ៍កើតឡើងអោយសោះ»។

លោក អ៊ឹម ជីវ៉ា បន្ថែមទៀតថា «តែកន្លងមកយើងក៏ឃើញការរៀបចំដ៏ល្អបំផុតរបស់ ស.ស.យ.ក ដែលបានរៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ដែលបំផុសស្មារតីយុវវជនឲ្យចូលរួមកម្សាន្តសប្បាយរីករាយ ក្នុងនោះក៏មានការរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយជាច្រើននៅខាងមុខប្រាសាទអង្គរតូច និងល្បែងរបាំដែលជាវប្បធម៌ប្រពៃណីខ្មែរ ជាច្រើនទៀតនៅតាមប្រាសាទនានាជាច្រើន នៅលើទឹកដីនៃខេត្តសៀមរាប ដើម្បីបង្ហាញដល់ភ្ញៀវជាតិនិងអន្តរជាតិលើពិភពលោក ឲ្យបានឃើញឲ្យបានស្គាល់ថាអ្វីដែលជារបស់ខ្មែរពិតប្រាកដ តួយ៉ាងក្នុងឆ្នាំនះក៏មានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទៀតដែរ ក្រោមការដឹកនាំដោយបងប្រុស ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក នេះគឺជាគំរូដ៏ល្អបំផុតរបស់កូនខ្មែរជំនាន់ក្រោយ»។

គួរបញ្ជាក់ថា ការលើកឡើងដូច្នេះពីសំណាក់ លោក អ៊ឹម ជីវ៉ា ត្រូវបានមហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុកចូលរួមចែករំលែកជាច្រើន ខណៈបញ្ហានេះ បានកើតឡើងក្នុងសង្គមខ្មែរជាក់ស្តែងតែម្តង ជាពិសេសសារទាំងនេះ អាចនិយាយបានថា ជាការដាសតឿនក៏ដូចជាបំផុសស្មារតីដល់យុវជនខ្មែរ មួយចំនួនតូចដែល និយមលេងល្បែងមកពីបរទេស ងាកមកលែងល្បែងប្រជាប្រិយខ្មែរវិញម្តង ជាពិសេសចូលរួមលេងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរតែម្តង៕

អ៊ឹម ជីវ៉ា
អ៊ឹម ជីវ៉ា
សាររបស់លោក

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ឹម ជីវ៉ា