រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​យប់​ស្ងាត់​បើករថយន្ត​លឿន​ទៅ​បុក​ម៉ូតូ​ឡាំប៉ា​តា​ពេញទំហឹង​បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់​ស្ត្រី​ជា​ភ្ញៀវ​ជិះ​ក្នុង​ឡាំប៉ា​តា​បោក​ក្បាល​ស្លាប់ និង​រង​របួស​២​នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​កែង​ផ្លូវ​១៤៣ នៅ​ចំណុច​ស្តុ​ប​ទន្លេបា​សាក់​​​ចាស់ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។

អ្នក​បើករថយន្ត​បង្ក​មានឈ្មោះ នួន ស្រី​និ​ច ភេទ​ស្រី អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​៤៨៨ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ អត់​ផ្លា​ក​លេខ ។ ចំណែក​សព​ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​សន្សំ​កុសល​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នារី​វ័យក្មេង​ស្រស់​សោភា​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ បើកបរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​កើតហេតុ​នារី​ជា​អ្នក​បើករថយន្ត​បាន​ប្រាប់​ថា ភ្លើងស្តុប​គាត់​ខៀវ​ទើប​គាត់​បើក​ចេញ​មក​ក្នុង​ល្បឿន​យ៉ាង​លឿន​ចៃដន្យ​អី​ក៏​មាន​ម៉ូតូ​ឡាំប៉ា​តា​កង់​បី ពណ៌​ក្រហម ដឹក​ភ្ញៀវ​២​នាក់​ជា​ស្ត្រីជន​ជាតិខ្មែរ និង​ប្រុស​ជា​ជនជាតិ​បរទេស​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៤៣​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បើក​ឆ្លង​ស្តុ​ប​ទៅ​ត្រង់​លឿន​ដូច​គ្នា​អាង​តែ​យប់​ស្ងាត់ ធ្វើ​ឲ្យ​រថយន្ត​ចាប់​ហ្វ្រាំង​អត់​ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំ​ក្បាល​ម៉ូតូ​ពីមុខ​ចំហៀង​ខាងស្តាំ​ពេញទំហឹង​បណ្តាល​ក្រឡាប់​ឡាំប៉ា​តា​ធ្លាក់​ស្ត្រី​ដែល​ជា​ភ្ញៀវ​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ក្រោយ​ពេល​ទៅ​ដល់​គ្លីនិក​ឯកជន​បាន​ដឹក​យក​មក​កន្លែង​កើតហេតុ​វិញ ចំណែក​បុរស​ជា​ជនជាតិ​បរទេស​នោះ​វិញ​រង​របួសធ្ងន់ រីឯ​អ្នក​បើក​ម៉ូតូ​ឡាំប៉ា​តា​រង​របួសស្រាល និង​ខូចខាត​ម៉ូតូ​ឡាំប៉ា​តា​ទាំងស្រុង ចំណែក​រថយន្ត​បង្ក​វិញ​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ និង​ផ្ទុះ​ពោង​ទាំង​សងខាង​ទៅ​មុខ​លែង​រួច ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ក៏​ឃាត់​នារី​ជា​អ្នក​បើករថយន្ត​បង្ក​យក​ទៅ​ប៉ុស្តិ៍​ទួល​ទំពូង​១​រង់ចាំ​ប្រគល់​ឲ្យ​សមត្ថកិច្ច​យក​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រួម​ជាមួយ​រថយន្ត និង​ម៉ូតូ​ឡាំប៉ា​តា ៕

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពនារីរងគ្រោះដែលបានស្លាប់
រូបភាពក្នុងថ្ងៃកើតហេតុ
អ្នក​បើករថយន្ត​បង្ក​មានឈ្មោះ នួន ស្រី​និ​ច

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]