អង់គ្លេស៖ កីឡាករប្រដាល់មិនដែលចាញ់ Floyd Mayweather បាននិយាយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា ខ្លួនអាចនឹងទិញក្លិបមួយនៅ Premier League ។

ក្លិបដែល Floyd ប្រកាសក្តែងៗថា ខ្លួនអាចនឹងទិញនោះគឺក្លិប Newcastle United ខណៈដែលក្លិបមួយនេះ កំពុងតែជួបបញ្ហាផ្នែកហិរញ្ញវត្ថុ ជាយូរមកហើយ។

Floyd បានថ្លែងប្រាប់សារព័ត៌មានថា បើរូបគេទិញបានក្លិប Newcastle មែននោះ ខ្លួននឹងនាំកីឡាករទាំងអស់ ជប់លៀងនៅរៀងរាល់ចុងសប្តាហ៍តែម្តង។

Floyd បន្តថា ខ្លួនចូលចិត្តក្លិប Newcastle United ហើយខ្លួនក៏បានជួបជាមួយនឹងកីឡាករក្នុងក្រុមនោះ បានខ្លះៗដែរ។ ពួកគេសុទ្ធតែជាមនុស្សល្អទាំងអស់ មិនតែប៉ុណ្ណោះ ប្រជាជនដែលរស់នៅក្នុងតំបន់ Newcastle ក៏បានស្វាគមន៍រាក់ទាក់ខ្លួន យ៉ាងកក់ក្តៅទៀតផង។

អ្នកប្រដាល់មិនដែលចាញ់រូបនេះ ក៏បានបង្ហើបទៀតថា បាល់ទាត់មិនមែនជាជំនាញរបស់ខ្លួនទេ។ ប៉ុន្តែខ្លួនបានស្គាល់កីឡាករ ល្បីៗជាច្រើន រួមមានដូចជា កីឡាករ Neymar ជាដើម។ មិនតែប៉ុណ្ណោះ ខ្លួននិងកីឡាករ Cristiano Ronaldo ក៏ជាមិត្តសម្លាញ់នឹងគ្នាទៀត ហើយបើសិនជារូបគេ (Floyd) ទិញបាន Newcastle United មែននោះ ខ្លួនអាចនឹងចែចូវឲ្យកីឡាករ Ronaldo មកលេងនៅក្លិប Newcastle ក៏ថាបាន។ 

កីឡាករ Cristiano Ronaldo និង Floyd Mayweather

គួរឲ្យដឹងថា បើតាមទស្សនាវដ្តី Forbes អ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather មានទ្រព្យជាង ៣៤០លានដុល្លារអាមេរិក ប៉ុន្តែតម្លៃរបស់ក្លិប Newcastle ទាំងមូលគឺត្រូវបានគេប៉ាន់ស្មានបានថា ប្រហែលជាចន្លោះ ៣០០លាន ទៅ ៤០០លានដុល្លារអាមេរិកឯណោះ ៕

កីឡាករ Neymar និង Floyd Mayweather
កីឡាករ Floyd Mayweather
Mike Ashley ម្ចាស់ក្លិប Newcastle United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]