ហុងកុង៖ សមាគមភាពយន្តកម្ពុជា (FCO) បានដឹកនាំដំណើរទស្សនកិច្ចនៃផលិតករខ្មែរទៅកាន់ពិព័រណ៍ភាពយន្តអន្តរជាតិដែលគេហៅថា Filmart នាទីក្រុងហុងកុងកាលពីថ្ងៃអាទិត្យ ទី១៨ មីនា ២០១៨ កន្លងទៅថ្មីៗនេះ ដោយក្នុងនោះមានវត្តមានដូចជាលោក អ៊ិន មាន,  អ្នកស្រី Cecile Malterre, អ្នកស្រី Mariam Arthur , លោកអ៊ិន សុភិន, អ្នកនាង ភិន សុដាលីស, អ្នកស្រី សរ កេសារ៉ា, លោក ភិម ដារ៉ាវិបុល, លោក លឹម ជាលី, លោក ហូ រេម៊ី, លោក Allan Cheung ជាដើម។

ការធ្វើទស្សនកិច្ចទៅចូលរួមកម្មវិធីពិព័រណ៍ភាពយន្តអន្តរជាតិលើកនេះ មានគោលបំណងតភ្ជាប់ទំនាក់ទំនងរវាងផលិតករខ្មែរជាមួយនឹងផលិតករអន្តរជាតិ ដើម្បីមានការសហការគ្នាទៅថ្ងៃអនាគត និងរៀនសូត្រអំពីការផលិតដែលត្រូវនឹងទីផ្សារអន្តរជាតិផងដែរ។

ជារៀងរាល់ឆ្នាំសមាគមភាពយន្តកម្ពុជា តែងតែដឹកនាំទស្សនកិច្ចមកចូលរួមពិព័រណ៍ភាពយន្តនេះ អស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ។

អ្នកស្រី ស៊ ធីតា ប្រធានសមាគមភាពយន្តកម្ពុជាបានឲ្យដឹងថា៖

«វាមានសារៈសំខាន់ណាស់សម្រាប់ផលិតកររបស់យើង ក្នុងការយល់ដឹងអំពីរបៀបរកទីផ្សារនៅអន្តរជាតិមុនពេលពួកគេចាប់ផ្តើមផលិត ព្រោះជម្រើសនៃការផលិត វាអាស្រ័យលើទីផ្សារនេះឯង។ នេះជាមូលហេតុដែលយើងបានសម្រេចចិត្តបង្កើតសមាគមនេះឡើង»។
អ្នកចូលរួមដំណើរទស្សនកិច្ច

អ្នកស្រី សរ កេសារ៉ា ម្ចាស់ផលិតកម្មកេសារ៉ាភាពយន្តបានថ្លែងថា អ្នកស្រីរំភើបរីករាយណាស់ដែលទទួលបានការយល់ដឹងបន្ថែមអំពីវិស័យភាពយន្ត។ អ្នកស្រីថា៖

«ខ្ញុំផលិតរឿងយូរហើយ តែពិបាករកលុយណាស់ឥឡូវ ចឹងហើយខ្ញុំចង់រៀនរបៀបផលិតរឿងដែលអាចលក់បានដល់ទីផ្សារអន្តរជាតិថែមទៀត»។
អ្នកចូលរួមដំណើរទស្សនកិច្ច

គួរបញ្ជាក់ថា រយៈពេល២២ឆ្នាំកន្លងមកនេះ ទីផ្សារភាពយន្តនៅហុងកុងបានទាក់ទាញចំណាប់អារម្មណ៍ និងជាទីកន្លែងប្រមូលផ្តុំទៅដោយអ្នកទិញ និងអ្នកលក់មកពីជុំវិញពិភពលោក។ វាជាទីផ្សារភាពយន្តធំបំផុតនៅអាស៊ី និងមានចំណាត់ថ្នាក់ទី៣នៅលើពិភពលោក តាមពីក្រោយទីផ្សារភាពយន្តអាមេរិក AFM និង Cannes (Marche du Film)។

ទិដ្ឋភាពនៅពិព័រណ៍ភាពយន្ត

អ្នកស្រី Mariam Arthur នៃគណកម្មការ Oscar Selection បានថ្លែងថា «ផលិតករខ្មែរមានជំនាញគ្រប់គ្រាន់ និងមានឧបករណ៍ដើម្បីផលិតភាពយន្ត សម្រាប់លក់នៅទីផ្សារអន្តរជាតិ។ ពួកគេគ្រាន់តែនៅត្រូវការរៀនបន្ថែមអំពីដំណើរការរបស់ទីផ្សារអន្តរជាតិនិងដឹងថាអ្នកទិញគេចង់បានបែបណា»។

លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សបានថ្លែងថា៖

«នេះជាឱកាសពិសេសមួយ មិនគួរមើលរំលង។ ខ្ញុំបាននាំតួសម្តែងមួយចំនួនរបស់ខ្ញុំទៅជាមួយ ដូច្នេះពួកគេអាចរៀនសូត្របន្ថែមពីបទពិសោធន៍លើកនេះ»។

លោក ហូ រេម៊ី បានថ្លែងថា៖

«ខ្ញុំចូលរួមលើកនេះមិនមែនសម្រាប់ការងារខ្ញុំធ្វើជាផលិតករនៅស្ថានីយ៍ទូរទស្សន៍ CTN ប៉ុណ្ណោះទេ តែសម្រាប់គោលបំណងផ្ទាល់ខ្លួនក្នុងការពង្រីកទីផ្សារភាពយន្តនៅប្រទេសកម្ពុជាផងដែរ។ ខ្ញុំចង់រកផ្លូវមួយដែលអាចទៅមើលទីផ្សារបរទេស ថាគេកំពុងធ្វើអ្វីខ្លះ និងគិតរកវិធីយ៉ាងណាធ្វើឲ្យភាពយន្តខ្មែរអាចចាប់ទីផ្សារទាំងនោះបាន»។

លោក រេម៊ី បន្តថា៖

«ខ្ញុំនឹងរកមើលអ្នកចែកចាយណាម្នាក់ ដែលអាចជួយត្រួសត្រាយផ្លូវសម្រាប់ភាពយន្តខ្មែរ ដើម្បីឲ្យតម្លៃនៃភាពយន្តខ្មែរអាចរីកលូតលាស់ទៅមុខបាន។បច្ចុប្បន្ននេះពួកយើងនៅជួបបញ្ហាខ្វះទុនផលិត តែបើពួកយើងអាចលក់ភាពយន្តរបស់កម្ពុជាទៅកាន់ទីផ្សារក្រៅស្រុកបាន នោះយើងអាចធ្វើឲ្យវិស័យភាពយន្តរីកចំរើន ពោលគឺមានន័យថាពួកយើងនឹងមានភាពយន្តដែលផ្តោតលើគុណភាព ទាំងការសម្តែង ទាំងប្លង់ថត ទាំងសម្លេងជាដើម ដែលទាំងនេះហើយដែលនឹងជួយលើកស្ទួយតម្លៃនៃវិស័យភាពយន្តរបស់កម្ពុជា» ៕
ទិដ្ឋភាពនៅពិព័រណ៍ភាពយន្ត
ទិដ្ឋភាពនៅពិព័រណ៍ភាពយន្ត
ទិដ្ឋភាពនៅពិព័រណ៍ភាពយន្ត
ទិដ្ឋភាពនៅពិព័រណ៍ភាពយន្ត
ទិដ្ឋភាពនៅពិព័រណ៍ភាពយន្ត
ទិដ្ឋភាពនៅពិព័រណ៍ភាពយន្ត
ទិដ្ឋភាពនៅពិព័រណ៍ភាពយន្ត
ទិដ្ឋភាពនៅពិព័រណ៍ភាពយន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]