រាជធានីភ្នំពេញ ៖ បន្ទាប់ពីភ្ជាប់និស្ស័យស្នេហ៍ជាមួយ បុរសអាណិកជននៅប៊ែលហ្ស៊ិករួចមក តារាចម្រៀង និងពិធីការិនីនាង សុដា នីតា បានផ្លាស់ប្តូរជីវភាពយ៉ាងឆាប់រហ័ស ដោយមានផ្ទះ និងរថយន្តជិះក្នុងតម្លៃរាប់សិបម៉ឺនដុល្លារ ។ ភាពហ៊ឺហាបានធ្វើឱ្យតារារូបនេះស្ទើរតែលែង ពឹងផ្អែកទាំងស្រុងលើអាជីពសិល្បៈ ដែលជាប្រភពចំណូលរបស់នាងនាពេលកន្លងមក ។ មិនតែប៉ុណ្ណោះ នាងបានបង្កើតមូលនិធិមនុស្សធម៌ មួយសម្រាប់ជួយអ្នកទីទ័លក្រ និងអ្នកសិល្បៈដែលធ្លាក់ខ្លួនឈឺ និងបាត់បង់សមត្ថភាពសម្តែង ។

គូស្នេហ៍របស់សូដា នីតា បានចំណាយលុយរាប់ម៉ឺនដុល្លារបន្ថែមទៀតក្នុងការជួយជ្រោមជ្រែង បើកហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួនដល់រូបនាង ដែលហាងមួយនេះទើបតែដំណើរការក្នុងរយៈពេលថ្មីៗនេះ ។ ការរំលេចហាងផ្ទាល់ខ្លួនមានតម្លៃរាប់ម៉ឺនដុល្លារនេះ គឺជាការលើកមុខមាត់ដល់តារាចម្រៀងរូបនេះបន្ថែមទៀត ដើម្បីបង្អួតដល់ចង្កោមអ្នកសិល្បៈដូចគ្នា មុនពេលដែលនាងត្រៀមដឹកដៃគូដណ្តឹង ចូលរោងជ័យក្នុងពេលដ៏ខ្លីខាងមុខនេះ ។

ប្រសិនបើមិនប្រាប់គេមិនដឹងឡើយថាហាងនីតា Collection ដែលស្ថិតនៅម្តុំភ្នំពេញថ្មី គឺជាហាងលក់សម្លៀកបំពាក់របស់នាងសូដា នីតា ឡើយ ។ ទាំងផ្នែកខាងក្នុង និងខាងក្រៅគេចាប់អារម្មណ៍ហាងរបស់នាងមានរៀបចំតុបតែង និងបំពាក់សម្ភារទាន់សម័យ ក្នុងទ្រង់ទ្រាយធំ ដែលមិនមែនជាហាងប្រើដើមទុនត្រឹម៤ទៅ៥ម៉ឺនដុល្លារទៅកើតទេ ។

តារាចម្រៀង និងពិធីការិនីរាងខ្ពស់ស្រឡះសាច់សខ្ចីរូបនេះនិយាយថា មុខរបរនេះទើបតែដំណើរការនាពេលថ្មីៗនេះ ដោយមិនទាន់មានផែនការធ្វើពិធីជប់លៀង ដើម្បីបើកសម្ពោធឱ្យធំដុំនៅឡើយទេ ។ ហាងលក់សម្លៀកបំពាក់យីហោ នីតា Collection បានចាប់ដំណើរការបើកលក់បន្ទាប់ពីនាងឡើងទៅបញ្ជាទិញសម្លៀកបំពាក់បែបយុវវ័យរាប់រយម៉ូដពីប្រទេសជិតខាង និងកូរ៉េ ហុងកុង មកដាក់តាំងលក់ ។ ទម្រាំអាចរៀបចំ ចាត់ចែងហាងថ្មីមួយនេះឱ្យលេចចេញជារូបរាង នាងបានចំណាយដើមទុនអស់ច្រើនម៉ឺនដុល្លារ ។

សូដា នីតា អះអាងថា ការបើកហាងមួយនេះឡើង គឺដោយសារសម្អាងលើទីតាំងនោះជាផ្ទះរបស់នាងផ្ទាល់ ដោយមិនចាំបាច់ខ្វល់ខ្វាយរឿងអស់ថ្លៃឈ្នួលឡើយ ស្របពេលដែលទីតាំងនោះស្ថិតនៅតំបន់ដែលមានការរីកចម្រើន និងមិនទាន់មានហាងលក់ខោអាវធំដុំនៅឡើយ ។ ហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់នាងនាពេលនេះ គឺបានទទួលការជ្រោមជ្រែងពីគូដណ្តឹងរបស់នាង ។
ដោយលើកហេតុផលថា ការបំពាក់សម្ភារ និងសម្លៀកបំពាក់នៅមិនទាន់គ្រប់គ្រាន់នោះ សូដា នីតា អះអាងថា នាងនៅមិនទាន់មានគម្រោងបើកសម្ពោធហាងនោះជាផ្លូវការនៅឡើយទេ ។ ទោះជាយ៉ាងណាក្តីនាងនៅតែមានគំនិតបើកសម្ពោធហាងមួយនោះ ដោយបើកចំហ ដើម្បីកុំឱ្យមានពាក្យថានាងបើកហាងដោយលាក់លៀមនោះ ។ ជាមួយគ្នានេះ សូដា នីតា មានគម្រោងទៅបញ្ជាទិញសម្លៀកបំពាក់ឱ្យបានច្រើនថែមទៀត និងពង្រីកហាងមួយនេះឱ្យមានឈ្មោះបោះសំឡេង ដើម្បីទទួលបានការទាក់ទាញពីអ្នកជាវ ។

មូលហេតុដែលនាងសូដា នីតា បើកហាងលក់សម្លៀកនេះ គឺដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់ខោអាវប្លែកៗរបស់នាងជារៀងរាល់ថ្ងៃផង និងដើម្បីស្វែងរកបង្អែកមួយក្នុងជីវិតក្រៅពីរំពឹងលើគូដណ្តឹង និងអាជីពសិល្បៈទាំងស្រុងផង ។សូដា នីតា មានជំនឿចិត្តថានឹងធ្វើឱ្យមុខជំនួញនេះជោគជ័យ ដោយមិនឱ្យគូស្នេហ៍របស់នាង និងមហាជនទាំងមូលមាក់ងាយថានាងបើកជំនួញ ហើយបែរជាទទួលបរាជ័យនោះឡើយ ។ ក្រោយក្លាយជាថៅកែស្រី តារារូបនេះអាចនឹងរំកិលកាលបរិច្ឆេទនៃអាពាហ៍ពិពាហ៍ឱ្យខិតកាន់តែកៀក ដោយសារតែនាងយល់ថាពេលវេលាក្រាបសំពះផ្ទឹមការនេះគឺធ្វើឱ្យជីវិតរបស់នាងកាន់តែមានលំនឹង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]