(ភ្នំពេញ)៖ តារាសម្ដែងស្រីរូបស្រស់កញ្ញា អន រ៉ាស៊ីសុមេត្តា ហៅ ណូ ម័រ ដែលត្រូវបានគេដឹងថា គឺជាតារាសម្ដែង និងជាពិធីការិនី មួយដួង កំពុងមានទីផ្សារសិល្បៈខ្ពស់ និងមានទស្សនិកជនជាច្រើនគាំទ្រនោះ ស្រាប់តែកាលពីម្សិលមិញនេះ នាងបានធ្វើឲ្យមហាជន មានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលមានបុរសម្នាក់ ដែលត្រូវបានគេស្គាល់ថា ជានិស្សិតពេទ្យ បានបង្ហោះសារ ពេញបណ្ដាញហ្វេសប៊ុក ដោយបានរៀបរាប់បង្ហាញអារម្មណ៍ បង្ហើរពាក្យតាមសុំស្នេហ៍នាងជាសាធារណៈ ដោយបើកចំហ តាមប្រព័ន្ធហ្វេសប៊ុក ដែលធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ ជាខ្លាំង។

កម្លោះគ្រូពេទ្យ ដែលត្រូវបានគេស្គាល់ថា ជាអតីតនិស្សិតពេទ្យ នៅសាកលវិទ្យាល័យ IU បានបង្ហាញពីក្ដីស្រឡាញ់របស់ខ្លួន តាមប្រព័ន្ធហ្វេសប៊ុកថា «យប់នេះខ្ញុំមានរឿងនិយាយ ប្រាប់អ្នកទាំងអស់គ្នា និងមនុស្សពិសេសផងដែរ ឥឡូវរំឭករឿងអតីតកាលបន្តិច នៅក្នុងឆ្នាំ២០០៨-២០០៩ ថ្ងៃមួយដែលជាថ្ងៃខួបកំណើត របស់ប្អូនមិត្តភក្តិរៀនឆ្នាំទី១ នៅពេលនោះពួកយើងបានទៅខួបទាំងអស់គ្នា ក្នុងលក្ខណៈធម្មតា ហើយនៅពេលទៅដល់ ពេលវេលានោះ ខ្ញុំបានឃើញម្ចាស់ខួប ដែលត្រូវជាប្អូនមិត្តភក្តិ ហើយអំឡុងពេល ដែលខ្ញុំបានឃើញភ្លាមនោះ ឯងមានអារម្មណ៍ថា មនុស្សទី១ដែលធ្វើឲ្យអារម្មណ៍ខុសពីធម្មតា នៅពេលមើលមុខចំនាងម្តងៗ (អៀន) ក៏ប្រាប់ខ្លួនឯងថា នាងពិតជាស្អាតគួរឲ្យស្រឡាញ់ណាស់ ហើយនៅពេលដែលនៅជិតនាងម្តងៗ បេះដូងលោតខុសចង្វាក់»។

«បន្ទាប់មកពេលវេលាកន្លងផុតទៅ ជាច្រើនថ្ងៃ ក្នុងថ្ងៃមួយខ្ញុំបានលេខទូរសព្ទនាង រួចក៏ខលទៅធម្មតា លក្ខណៈនិយាយលេងជាមួយគ្នា ការនិយាយលេងបន្តជាច្រើនថ្ងៃ ប៉ុន្តែគ្មានបានផលប្រយោជន៍ អ្វីនោះទេ ដោយសារតែនៅពេលនោះ ចិត្តសែនកំសាក មិនហ៊ានសារភាព យូរៗទៅការនិយាយលេង ក៏លេងមានទៀត ប៉ុន្តែចិត្តមានមិនប្រែរហូតមកដល់សព្វថ្ងៃ គេថានិស្ស័យមានមែន ជឿអត់ ឥឡូវនិស្ស័យមានហើយ ចាំតែវាសនាទេ»។

«ពេលវេលាកន្លងហួសជាងដប់ឆ្នាំ ក្នុងពេលប៉ុន្មានខែនេះ ពួកយើងចាប់ផ្តើមមានទំនាក់ទំនងសារជាថ្មី ពិតជាពិសេសណាស់ សម្រាប់ខ្ញុំក្នុងពេលដែលយើងមានទំនាក់ទំនង ពិតជារីកចំរើន មិនថានិយាយលេង ឬក៏នៅជិតគ្នា វាមានអារម្មណ៍ថា មានក្តីសុខណាស់ ដែលពុំធ្លាប់មានពីមុនមក អារម្មណ៍មួយនេះ វាពិបាកក្នុងការគណនាណាស់ អ្នកទាំងអស់ប្រហែលជាធ្លាប់ជួប ហើយអ្នកខ្លះទៀត ក៏ប្រហែលមិនទាន់ជួបដែរ។ ជាចុងបញ្ចប់ ខ្ញុំចង់ប្រាប់នាងថា តើអាចជឿទុកចិត្ត និងផ្តល់ឱកាសឲ្យខ្ញុំ បានមើលថែរហូតទៅបានទេ? មិនថាក្នុងកាលៈទេសណាក៏ដោយ បុរសម្នាក់នេះចាប់ដៃដើរទៅមុខជានិច្ច តើជឿជាក់ និងស្រឡាញ់លើបុរសម្នាក់នេះទេ? បើព្រមគ្រាន់ផ្តល់ស្នាមញញឹម ដោយភាពជឿជាក់មកបុរសម្នាក់នេះ ហ្នឹងធ្វើទៅតាមប្រពៃណីភ្លាម»។

យ៉ាងណាមិញ មិនទាន់មានការបកស្រាយពីម្ចាស់សាមីខ្លួន កញ្ញា អន រ៉ាស៊ីសុមេត្តា នៅឡើយទេ។ ពាក់ព័ន្ធនឹងព័ត៌មានដ៏រសើបខាងលើនេះ គេហទំព័រ Khmertalking នឹងព្យាយាមសួរទាក់ទងទៅកញ្ញា ណូម័រ។

គួរបញ្ជាក់ថា ស្រីស្អាត ណូម័រ បច្ចុប្បន្ន ហាក់មមាញឹកនឹងការងារសិល្បៈ ដោយលេចមុខនៅក្នុងវីដេអូចម្រៀង និងថតស្បពពាណិជ្ជមកម្មឲ្យក្រុមហ៊ុនជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ នាងកំពុងថតខ្សែភាពយន្ត ជាច្រើនរឿងទៀតផង៕

ណូម័រ ជាមួយបុរសសង្ហា
ណូម័រ ជាមួយបុរសសង្ហា
ណូម័រ ជាមួយបុរសសង្ហា
សាររបស់ បុរសសង្ហា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]