ភ្នំពេញ៖ ការប្រើប្រាស់ទូរស័ព្ទដៃនាពេលបច្ចុប្បន្នបានរីកដុះដាលគ្រប់ស្រទាប់ មិនថាចំពោះយុវវ័យ  ឬសូម្បីកុមារនោះទេ ព្រោះវាគឺជាឧបករណ៍ដ៏ទាក់ទាញបំផុត ជាពិសេសចំពោះកុមារ។ ជាទូទៅយើងឃើញកុមារស្ទើរតែទាំងអស់ប្រើប្រាស់ទូរស័ព្ទច្រើនជាងធ្វើសកម្មភាពផ្សេងៗ។

ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា តើការលេងទូរស័ព្ទនេះ ផ្តល់ផលប៉ះពាល់ ឬផ្តល់អត្ថប្រយោជន៍ចំពោះកុមារដែរឬទេ? នេះគឺជាចម្ងល់មួយដែលឪពុកម្តាយ និង មនុស្សភាគច្រើនតែងតែចោទសួរឡើង។

ដូច្នេះចង់ដឹងឲ្យកាន់តែច្បាស់ អំពីបញ្ហានៃការប្រើប្រាស់ទូរស័ព្ទចំពោះកុមារ ចូរតាមដាននូវការចែករំលែកចំណេះដឹងរបស់គ្រូពេទ្យឯកទេស រួមជាមួយនឹងឪពុកមា្តយផ្ទាល់តែម្តង។ 

និស្សិតឯកទេសរោគកុមារវិជ្ជា ផុន វីណា

ជួបជាមួយនិស្សិតឯកទេសរោគកុមារវិជ្ជា លោក ផុន វីណា សព្វថ្ងៃកំពុងបន្តការសិក្សាថ្នាក់ឯកទេសឆ្នាំទី៣ នៅសាកលវិទ្យាល័យមួយកន្លែងក្នុងរាជធានីភ្នំពេញ  បានផ្តល់បទសម្ភាសន៍ដល់ក្រុមការងារ Khmerload អំពីគុណសម្បត្តិ និងគុណវិបត្តិនៃការប្រើប្រាស់ទូរស័ព្ទដៃចំពោះកុមារ រួមជាមួយនឹងការណែនាំអំពីរយៈពេលនៃការប្រើប្រាស់ទូរស័ព្ទចំពោះកុមារ។

#ចំពោះរយៈពេលដែលកុមារមិនត្រូវប្រើប្រាស់ទូរស័ព្ទដៃ និងធ្វើឲ្យមានផលប៉ះពាល់ដល់កុមារ

• ការប្រើប្រាស់ទូរស័ព្ទនៅមុនពេលអាយុចូលរៀន

• ច្រើនជាងកន្លះម៉ោង ចំពោះកុមារដែលមានអាយុ៤ ទៅ៥ឆ្នាំ

• ច្រើនជាង ១ម៉ោង ចំពោះក្មេងដែលមានអាយុពី៦ ទៅ៧ឆ្នាំ

• ច្រើនជាង ២ម៉ោង ចំពោះក្មេងជំទង់ដែលរៀនចាប់ពីថ្នាក់វិទ្យាល័យឡើងទៅ។

#ចំពោះរយៈពេលនៃការប្រើប្រាស់ទូរស័ព្ទដៃ (មានន័យថានៅមុខកញ្ចក់ទូរស័ព្ទ) ដែលត្រឹមត្រូវ និងពុំមានផលប៉ះពាល់

• កុមារចាប់ពីអាយុចូលរៀនឡើងទៅ (អាយុ ៦ឆ្នាំឡើង)

• កុមារដែលមានអាយុចាប់ពី៤ឆ្នាំ ទៅ៥ឆ្នំា អាចប្រើប្រាស់ទូរស័ព្ទរយៈពេលតិចជាងកន្លះម៉ោង

• កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ទៅ៧ឆ្នំា អាចប្រើប្រាស់ទូរស័ព្ទ រយៈពេលតិចជាង ១ម៉ោង(លេងម្តង)

• កុមារចាប់ពីថ្នាក់វិទ្យាល័យឡើងទៅគួរប្រើប្រាស់ទូរស័ព្ទដៃរយៈពេលតិចជាង ២ម៉ោង(លេងម្តង)

#លោកបានបន្តទៀតថា ការប្រើប្រាស់ទូរស័ព្ទហួសកម្រិត អាចធ្វើឲ្យកុមារទទួលរងផលប៉ះពាល់ក៏ដូចជាគុណវិបត្តិមួយចំនួនដូចជា៖

• ញៀន

• ថយចុះទំនាក់ទំនងរវាងឪពុកម្តាយ

• កាត់បន្ថយគំនិតច្នៃប្រឌិត

• កាត់បន្ថយដំណេក

• បាត់បង់ចំណង់ក្នុងការសិក្សារៀនសូត្រ

• ប៉ះពាល់សុខភាពផ្លូវចិត្តកុមារ៖ បាក់ទឹកចិត្ត និងមិនចង់ទទួលទានចំណីអាហារ។

• ធ្វើឲ្យកុមារធាត់

• ធ្វើឲ្យកុមារមិនដឹងពីកំហុសនៃសកម្មភាព ឬកាយវិការរបស់ពួកគេ

• លែងខ្វល់ពីកត្តាជុំវិញខ្លួន

• អាចបណ្តាលឲ្យកើតមានអំពើហឹង្សាតាមរយៈវីដេអូណាមួយ

#ទន្ទឹមនឹងគុណវិបត្តិទាំងនេះ ការប្រើប្រាស់ទូរស័ព្ទដៃបានត្រឹមត្រូវ បានផ្តល់ផលប្រយោជន៍ចំពោះកុមារយ៉ាងច្រើនដូចជា៖

• ផ្តល់ចំណេះដឹងដល់កុមារ និង ធ្វើឲ្យកុមារមានភាពឈ្លាសវៃ

• ជំនួយក្នុងការសិក្សា

• ផ្តល់ដំណឹង ឬការទំនាក់ទំនងជាមួយឪពុកម្តាយ

• កំសាន្តអារម្មណ៍ កាត់បន្ថយភាពតានតឹង

• យល់ដឹងពីបច្ចេកវិទ្យា និង កត្តាមួយចំនួនទៀត។

កូនស្រីទី២ របស់អ្នកស្រី សឹម ចន្ធូ

អ្នកស្រី សឹម ចន្ធូ អាយុ ៣២ឆ្នាំ ជាស្រ្តីមេផ្ទះមានកូនស្រីចំនួន ២នាក់ ម្នាក់អាយុ១២ឆ្នាំ និងម្នាក់ទៀតមានអាយុ ៤ឆ្នាំ ហើយសព្វថ្ងៃអ្នកស្រីរស់នៅក្នុងរាជធានីភ្នំពេញ។

បើតាមការសម្ភាសន៍ជាមួយក្រុមការងារ Khmerload បានឲ្យដឹងថា៖ អ្នកស្រីបានឲ្យកូនទាំងពីរប្រើប្រាស់ទូរស័ព្ទក្នុងមួយថ្ងៃរយៈពេលត្រឹមតែ ២ ទៅ៣ម៉ោងប៉ុណ្ណោះ បើទោះបីជាកូនៗចចេសចង់លេងក៏ដោយ ព្រោះអ្នកស្រីគិតថាការលេងច្រើនម៉ោងពេកអាចបណ្តាលឲ្យខូចភ្នែក ជាពិសេសគឺការប្រើប្រាស់ទូរស័ព្ទនៅពេលយប់តែម្តង។ ជាមួយគ្នានេះផងដែរ អ្នកស្រីបានឲ្យកូនៗ ប្រើប្រាស់ទូរស័ព្ទនាពេលព្រឹក ឬពេលល្ងាចប៉ុណ្ណោះ ព្រោះអ្នកស្រីបានគិតថាការប្រើប្រាស់ទូរស័ព្ទដៃនាពេលយប់អាចធ្វើឲ្យមានផលប៉ះពាល់ដល់ភ្នែកខ្លាំងជាងពេលថ្ងៃ ដោយសារពន្លឺដែលជះចេញពីទូរស័ព្ទដៃខ្លាំងនៅពេលយប់ពេលយប់ងងឹត។

បើទោះបីជាយ៉ាងណា អ្នកស្រីជឿជាក់ថាការប្រើប្រាស់ទូរស័ព្ទដៃមានប្រយោជន៍ចំពោះកូនរបស់អ្នកស្រី ដូចជាកុមារដទៃទៀតដូចជា៖

• ធ្វើឲ្យកុមារមានភាពឆ្លាតវៃ អាចចេះភាសាអង់គ្លេស តាមរយៈវីដេអូល្អៗជាច្រើន

• ធ្វើឲ្យកុមារមានភាពរហ័សរហួន

• យល់ដឹងពីការប្រើប្រាស់របស់ទំនើប 

• រៀនពូកែ

• ចេះដឹងពីការរស់នៅប្រចាំថ្ងៃ

• ធ្វើឲ្យក្មេងងាយយល់ មិនថាការសិក្សា ឬធ្វើអ្វីមួយ។ 

កូនស្រីរបស់អ្នកស្រី ហាយ បូល័ក្ខ

អ្នកស្រី ហាយ បូល័ក្ខ អាយុ៣៣ឆ្នាំ ជាស្រ្តីមេផ្ទះ មានកូនចំនួន២នាក់ ប្រុស១នាក់អាយុ២ឆ្នាំ និង ស្រី១នាក់អាយុ១០ឆ្នាំ ដែលសព្វថ្ងៃអ្នកស្រីកំពុងរស់នៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារ Khmerload អ្នកស្រីបានលើកឡើងថា ជារៀងរាល់ថ្ងៃអ្នកស្រីពុំចង់ឲ្យកូនៗប្រើប្រាស់ទូរស័ព្ទទេ ព្រោះអ្នកស្រីគិតថាការលេងច្រើនពេក អាចបណ្តាលឲ្យកុមារកើតមានការបាត់បង់ស្មារតី គឺងប់ងុលទៅនឹងទូរស័ព្ទ ឬមិនចង់ធ្វើអ្វីក្រៅពីសម្ងំលេងទូរស័ព្ទ និងមិនស្គាល់ភាសានៃការរស់នៅរាល់ថ្ងៃទៀតផង។ ប៉ុន្តែដោយសារតែការងាររវល់ច្រើនមិនមានពេលមើលថែ គ្រប់គ្រាន់ ទើបចេះតែបណ្តោយឲ្យលេងម្តងម្កាល ហើយពុំបណ្តោយឲ្យលេងរយៈពេលយូរទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]