ឥណ្ឌា៖ វីដេអូរបស់បុរសម្នាក់ ដែលបានកើយកំណាត់ជើងខ្លួនឯងនៅក្នុងមន្ទីរពេទ្យ កំពុងវាយលុកខ្លាំងក្នុងបណ្តាញសង្គមប្រទេសឥណ្ឌា។

យោងទៅតាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូដែលត្រូវបានគេចែកចាយយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឲ្យរដ្ឋាភិបាលរដ្ឋ Uttar Pradesh បើកការស៊ើបអង្កេតទៅលើ មហាវិទ្យាល័យវេជ្ជសាស្ត្រ Maharani Laxmibai ដែលស្ថិតនៅក្នុងទីក្រុង Jhansi ប្រទេសឥណ្ឌា។

ដេកពេទ្យ កើយជើងខ្លួនឯង ដែលដាច់មួយកំណាត់ ទាំងអស់សង្ឃឹម

គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី ១០ មីនា ជនរងគ្រោះឈ្មោះ Ghanshyam Singh វ័យ ២៨ឆ្នាំ ដែលជាតៃកុងឡានសាលា បានដាច់ជើងខាងឆ្វេង  ហើយក៏មានក្មេងៗសិស្សសាលា ២៥រូបផ្សេងទៀតបានរងរបួសផងដែរ។

សេចក្តីរាយការណ៍បឋមមួយបានឲ្យដឹងថា តៃកុងឡានក្រុងដែលផ្ទុកទៅដោយសិស្សជាច្រើននាក់ បានបាត់បង់ម្ចាស់ការ បន្ទាប់ពីគេព្យាយាមគេចពីហ្វូងគោដែលកំពុងឆ្លងកាត់ផ្លូវ។ ហេតុការណ៍នេះកើតឡើងនៅក្នុងទីក្រុង Mauranipur។

យោងទៅតាមលោកវេជ្ជបណ្ឌិត Sadhna Kaushik នាយកមហាវិទ្យាល័យវេជ្ជសាស្ត្រ បាននិយាយថា ជើងរបស់ Singh មិនអាចតភ្ជាប់វិញបានទេ ព្រោះតែជាលិការបស់គេបានស្លាប់បាត់ទៅហើយ។

ដេកពេទ្យ កើយជើងខ្លួនឯង ដែលដាច់មួយកំណាត់ ទាំងអស់សង្ឃឹម

ប៉ុន្តែបើស្តាប់សាច់ញាតិរបស់អ្នកជំងឺវិញបាននិយាយថា ពួកគេបានយកអ្នកជំងឺចេញពីមន្ទីរពេទ្យមួយនេះនៅរសៀលថ្ងៃដដែល រួចក៏បញ្ជូនទៅពេទ្យឯកជនដោយសារពេទ្យរដ្ឋខ្វះការថែទាំ និងយកចិត្តទុកដាក់ទៅលើអ្នកជំងឺ។

លោក Janki Prasad ដែលត្រូវជាបងថ្លៃរបស់អ្នកជំងឺ បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖

«នៅពេលខ្ញុំទៅដល់មន្ទីរពេទ្យ ស្រាប់តែឃើញកំណាត់ជើងដែលដាច់នោះ ត្រូវបានគេយកធ្វើជាខ្នើយកើយទៅវិញ។ ខ្ញុំបានព្យាយាមសួរនាំជាច្រើនដងឲ្យពួកគេជួយអន្តរាគមន៍ដែរ ប៉ុន្តែពួកគេបានបដិសេធ។ ប៉ុន្មានម៉ោងក្រោយមក ខ្ញុំក៏បានទៅទិញខ្នើយមួយពីផ្សារ ឲ្យគេកើយជំនួសជើងរបស់ខ្លួនឯងវិញ។»
«គ្មាននរណាម្នាក់យកចិត្តទុកដាក់ជាមួយអ្នកជំងឺនេះទេ។ ពួកយើងក៏គ្មានជម្រើសដែរ មានតែបញ្ជូនគេទៅពេទ្យឯកជនតែប៉ុណ្ណោះ។»

បន្ទាប់ពីមានរឿងហេតុបែបនេះកើតឡើង ក្រសួងសុខាភិបាលបានព្យួរការងារមន្ត្រីវេជ្ជសាស្ត្រផ្នែកសង្គ្រោះបន្ទាន់មួយរូប ដែលជាពេទ្យកំពុងឆ្លងកាត់វគ្គហ្វឹកហ្វឺន និង គិលានុបដ្ឋាយិកា២រូប ដែលជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]