ចិន៖ ថ្មីៗនេះបុរសជនជាតិចិនម្នាក់ បានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គម នៅចិនជាច្រើន កើតចិត្តច្រណែនយ៉ាងខ្លាំង បន្ទាប់ពីអ្នកកម្លោះសង្ហារូបនេះ បានរៀបការជាមួយនឹងកូនក្រមុំ សញ្ជាតិអ៊ុយក្រែន ដែលមានរូបសម្រស់ស្រស់ស្អាត ទាំងមិនអស់ថ្លៃបណ្ណាការ សូម្បីតែមួយរៀល។

កូនក្រមុំស្រស់ស្អាតខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Inesa ចំណែកឯកូនកម្លោះរូបសង្ហាវិញ មានឈ្មោះថា លោក He Pingwei

លោក He Pingwei និងនាង Inesa

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ស្នេហារវាងអ្នកទាំងពីរ បានចាប់ផ្តើមឡើង តាំងតែពីកំឡុងខែមករា ឆ្នាំ២០១៦ កន្លងទៅមកម៉្លេះ។ ពោលគឺ នៅគ្រាដែលនាង Inesa បានមកបំពេញការងារជាអ្នកបកប្រែម្នាក់ នៅក្នុងទីក្រុងប៉េកាំង ហើយក៏ជាពេលមួយដែលនាងបានជួបជាមួយនឹង លោក He នៅទីនោះផងដែរ។

ជាការពិតណាស់ ក្រោយពេលដែលបានជួបស្គាល់លោក He នាងក៏មានអារម្មណ៍មួយថា ហាក់ស្រលាញ់ចូលចិត្ត និងចាប់អារម្មណ៍លើលោក He ជាខ្លាំង។ នោះក៏ដោយសារតែ លោក He ជាបុរសម្នាក់ ដែលតែងតែចេះជួយយកអាសា និងមានបុគ្គលិកលក្ខណៈនៃទឹកចិត្តដ៏សប្បុរ (ចិត្តល្អ) ដែលជាចំណុចមួយធ្វើឲ្យ Inesa នាងមានការពេញចិត្តជាខ្លាំង។

បើគិតទៅហាក់បីដូចជាលឿនខ្លាំងណាស់ ក្រោយទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដកចិត្តមិនរួច រហូតទីបំផុតធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងគ្នាហើយនោះ ពួកគេក៏តែងតែឧស្សាហ៍ នាំគ្នាដើរលេងកម្សាន្តតែពីរនាក់ នៅទីជិតទីឆ្ងាយជាញឹកញាប់ ហើយថែមទាំងមានគម្រោង ថានឹងរៀបការជាមួយគ្នា ក្នុងពេលឆាប់ៗទៀតផង។

លោក He Pingwei និងនាង Inesa

ក្តីស្រលាញ់មិនប្រួលប្រែ ទីបំផុតគូស្នេហ៍មួយគូនេះ ក៏បានដាក់ពាក្យស្នើសុំ និងទទួលបានលិខិតអាពាហ៍ពិពាហ៍ កាលពីខែតុលា ឆ្នាំ២០១៧ កន្លងទៅ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើល និងច្រណែនបំផុតនោះ គឺថាកូនក្រមុំមិនបានទាមទារថ្លៃបណ្ណាការអ្វី ពីខាងគ្រួសាររបស់កូនកម្លោះឡើយ។ ជាក់ស្តែង អ្វីៗ Inesa នាងគឺជាអ្នករាប់រងសឹងតែទាំងអស់ ដោយនាងគ្រាន់តែលើកហេតុផលមួយថា វប្បធម៌ ឬប្រពៃណីរបស់ពួកគេទាំងពីរ គឺខុសគ្នា។ 

លុះរយៈពេល ៥ខែក្រោយមក បន្ទាប់ពីទទួលបានលិខិតអាពាហ៍ពិពាហ៍ អ្នកទាំងពីរក៏បានរៀបចំធ្វើពិធីមង្គលការ ដែលប្រារព្ធធ្វើឡើង កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ នៅឯផ្ទះលោក He ស្ថិតក្នុងតំបន់ Yangcheng ភាគខាងជើងខេត្ត Shanxi ប្រទេសចិន ដោយមានការចូលរួម ពីសំណាក់ឪពុកម្តាយកូនប្រុសស្រីទាំងសងខាង បងប្អូនសាច់ញាតិ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។

លើសពីនេះ ក្រោយពីរៀបការរួច គូស្នេហ៍ថ្មីថ្មោងមួយគូនេះ ក៏នឹងមានគម្រោងរស់នៅក្នុងតំបន់ Yangcheng នេះតែម្តង ដើម្បីកសាងអនាគតគ្រួសារ រួមរស់ជាគ្នាប្តីប្រពន្ធផងដែរ ៕

ទស្សនារូបភាពខាងក្រោម៖

លោក He Pingwei និងនាង Inesa
លោក He Pingwei និងនាង Inesa រួមទាំងឪពុកម្តាយ
លោក He Pingwei និងនាង Inesa រួមទាំងឪពុកម្តាយ
លោក He Pingwei និងនាង Inesa រួមទាំងឪពុកម្តាយ
លោក He Pingwei និងនាង Inesa
លោក He Pingwei និងនាង Inesa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]