ឥណ្ឌា៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានព្រមានថា "ការផ្លាស់ប្ដូរទៅរកការទាញយកថាមពល ដោយមិនប៉ះពាល់បរិស្ថានគឺយឺតពេកហើយ ហើយខ្លួននឹងពង្រីកទាំងទំហំប្រាក់កម្ចី និងប្រាក់បរិច្ចាគសរុបឲ្យបាន ៧០០លានអឺរ៉ូ (៨៦១លានដុល្លារ) ត្រឹមឆ្នាំ២០២២ ដល់គម្រោងទាញយកពន្លឺព្រះអាទិត្យទាំងឡាយណា នៅប្រទេសដែលកំពុងអភិវឌ្ឍ"។

បារាំងបានបោះថវិកាអស់ ៣៧១លានដុល្លាររួចមកហើយ ពេលផ្ដើមចាប់ដៃគូជាមួយឥណ្ឌាកាលពីឆ្នាំ២០១៥ ដើម្បីផ្ដល់ប្រាក់ជំនួយដល់ប្រទេសក្រីក្រសម្រាប់គម្រោងទាញយកពន្លឺព្រះអាទិត្យនេះ។

ការបើកកិច្ចប្រជុំ ISA

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នៅក្នុងការបើកកិច្ចប្រជុំសម្ព័ន្ធមិត្តសូឡាអន្តរជាតិ (ISA)លោក Macron បាននិយាយថា "យើងត្រូវតែលុបបំបាត់ឧបសគ្គទាំងអស់ ហើយធ្វើឲ្យបានល្អជាងនេះ"។

លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដែលបានប្ដេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតដោយ ប្រើការទាញយកថាមពលដែលមិនប៉ះពាល់បរិស្ថានបាននិយាយថា "វាសំខាន់ណាស់ដែលប្រទេសនាៗអាចធ្វើវាបានដោយមិនខ្លាចតម្លៃថ្លៃពេកនោះ"។

លោក Modi បានប្រាប់អង្គប្រជុំដដែល រួមទៅដោយវិនិយោគិន និងអ្នកដឹកនាំប្រទេសមកពីអាហ្វ្រិកជាច្រើនថា “យើងត្រូវតែធ្វើឲ្យប្រាកដថាប្រទេសទាំងអស់អាចប្រើបច្ចេកវិទ្យាសូឡាមួយដែលល្អ និងតម្លៃសមរម្យបាន"។

ប្រទេសឥណ្ឌា ដែលជាប្រទេសបំពុលពិភពលោកខ្លាំងជាងគេទី៣ បន្ទាប់ពីចិននិងអាមេរិក កំពុងកែប្រែខ្លួនគេដោយផ្ដោតទៅលើវិស័យសូឡា ហើយកំពុងក្លាយជាអ្នកផ្គត់ផ្គង់ថាមពលដែលមិនប៉ះពាល់ដល់បរិស្ថានធំជាងគេផងដែរ។

ប្រទេសស្រេកឃ្លានអគ្គិសនី ដែលមានមនុស្ស១,២៥ពាន់លាននាក់មួយនេះ កំពុងតែពឹងផ្អែកលើបន្ទះសូឡាដើម្បីផ្ដល់អគ្គិសនីដល់ប្រជាជនក្រីក្ររបស់គេរាប់រយលាននាក់ ដែលធ្វើដូចនេះអាចជួយកាត់បន្ថយការបំពុលបរិស្ថានថែមទៀតផង។

បន្ទះសូឡានៅឥណ្ឌា

លោក Modi និង Macron សង្ឃឹមថាសម្ព័ន្ធមិត្តនឹងអាចចេញប្រាក់១ទ្រីលានដុល្លារបាននៅឆ្នាំ២០៣០ សម្រាប់ប្រទេស១២១ដែលកំពុងខ្វះខាតទុនវិនិយោគទៅលើវិស័យសូឡា។

លោក Macron បានប្រាប់អ្នកដឹកនាំធំៗលើពិភពលោកជាច្រើននៅក្នុងកិច្ចប្រជុំស្ដីពីការផ្លាស់ប្ដូរអាកាសធាតុនៅទីក្រុងប៉ារីសថា យើងកំពុងចាញ់សង្គ្រាមប្រឆាំងការផ្លាស់ប្ដូរអាកាសធាតុនេះហើយ  ហើយគាត់បានទទូចសុំឲ្យមានវិធានការណាមួយដែលលឿនជាងបច្ចុប្បន្នដើម្បីទប់ស្កាត់ការកើនឡើងកម្ដៅនៃពិភពលោក៕

បន្ទះសូឡានៅបារាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]