តម្រងនោម គឺជាសរីរាង្គដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងការដំណើរការរាងកាយទាំងមូល ជាពិសេសគឺជួយលាងសម្អាតជាតិពុលចេញពីរាងកាយ និងឈាមឱ្យមានសុខភាពល្អ ដោយការបញ្ចេញកាកសំណល់ចោលតាមរយៈទឹកនោម និងមានតួនាទីសំខាន់ៗជាច្រើនទៀតដូចជា៖

- គ្រប់គ្រង និងត្រួតពិនិត្យនៅក្នុងការចែកចាយសារធាតុរ៉ែសំខាន់ៗដល់រាងកាយ

- ជួយធ្វើឱ្យមានតុល្យភាពកម្រិតជាតិអាស៊ីតក្នុងរាងកាយ

- គ្រប់គ្រងជាតិទឹកក្នុងខ្លួន

- បញ្ចេញអរម៉ូនសំខាន់ដែលអាចជួយរក្សាសម្ពាធឈាម ជំនួយសុខភាពឆ្អឹងឱ្យរឹងមាំ និងធ្វើឱ្យកោសិកាឈាមក្រហមមានសុខភាពល្អ។

តម្រងនោម

ក្នុងករណីតម្រងនោមរបស់អ្នកធ្វើការមិនបានល្អ និងមិនបានបំពេញតួនាទីសម្អាតរាងកាយឱ្យបានត្រឹមត្រូវទេ វានឹងបង្កឱ្យមានបញ្ហាប៉ះពាល់ និងគ្រោះថ្នាក់ដល់តម្រងនោមជាច្រើនដូចជា៖

- តម្រងនោមពោរពេញដោយជាតិពុល

- ឆ្លងមេរោគក្នុងតម្រងនោម ដែលនាំឱ្យកើតមានបញ្ហាសុខភាពជាច្រើនមុខ

- កើតជំងឺតម្រងនោមរ៉ាំរ៉ៃ (Chronic kidney disease)

- ខ្សោយ ឬខូចតម្រងនោម (Acute renal failure)

- និងដំណាក់កាលធ្ងន់ធ្ងរ ធ្វើឱ្យខូចតម្រងនោមទាំងស្រុងក្នុងដំណាក់កាលចុងក្រោយ (Renal disease ) ថែមទាំងបង្កើនហានិភ័យនៃជំងឺមហារីកតម្រងនោមជាដើម ដែលតម្រូវឱ្យលាងឈាម ឬប្តូរតម្រងនោមតែម្តង។

តម្រងនោមឆ្លងមេរោគធ្វើឱ្យមានបញ្ហាសុខភាពជាច្រើន

# រោគសញ្ញាមួយចំនួនដែលបញ្ជាក់ថាតម្រងនោមរបស់អ្នកឆ្លងមេរោគ និងមានដំណើរការខុសប្រក្រតីរួមមាន៖

- សុខៗស្រាប់តែកើតមានអាការឈឺចុកចាប់នៅត្រង់ឆ្អឹងខ្នងភ្លាមៗ

- នោមញឹក និងឧស្សាហ៍រាន់នោមខ្លាំង

- មានអាការអស់កម្លាំង និងល្ហិតល្ហៃ

- ហើមតាមរាងកាយជាពិសេស នៅត្រង់ដៃ ជើង ប្រអប់ជើង និងក្បាលជង្គង់ជាដើម

- មានការឈឺចុកចាប់នៅពេលនោមម្តងៗ ពេលខ្លះថែមទាំងមានឈាមមកជាមួយ

- ហើម ចុក ណែន និងសៀតពោះ

- លែងឃ្លានចំណីអាហារ និងស្រកទម្ងន់ខុសពីធម្មតា

- ភ្នែកឡើងហើម និងស្លក់

- ពណ៌ក្រចកដៃប្រែជាមានស្នាមរួញៗ ឬទឹករលក

- មានបញ្ហាស្បែកដូចជាកន្ទួល និងរមាស់ជាដើម

- មានអារម្មណ៍ចង់ក្អួតចង្អោរ និងក្អួតតែម្តង ឬពិបាកដងដង្ហើម

- មានអារម្មណ៍ថាមាត់ចេះតែមានរសជាតិខុសពីធម្មតា (ជាតិដែក លោហៈ ឬស្កាតៗអណ្តាត)។

បន្ថែមពីនេះមូលហេតុដែលធ្វើឱ្យមានតម្រងនោមឆ្លងមេរោគ និងមានបញ្ហានោះ បណ្តាលមកពីមូលហេតុសំខាន់២យ៉ាង នោះគឺ ការកើតក្រួសក្នុងតម្រងនោមដោយសារកង្វះជាតិទឹក និងបណ្តាលមកពីការឆ្លងមេរោគបាក់តេរីម្យ៉ាងមានឈ្មោះថា E.Coli។

រោគសញ្ញាដែលបញ្ជាក់ថា ​តម្រងនោមមានបញ្ហា

ដើម្បីធ្វើការព្យាបាលជំងឺពាក់ព័ន្ធនឹងតម្រងនោម អ្នកអាចទៅពិគ្រោះ និងធ្វើការព្យាបាលជាមួយនឹងវេជ្ជបណ្ឌិតជំនាញ ដោយប្រើថ្នាំ អង់ទីប៊ីយ៉ូទិក និងវិធីព្យាបាលតាមការណែនាំពីអ្នកជំនាញវេជ្ជសាស្រ្ត។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនជាអ្នកស្ថិតនៅក្នុងដំណាក់ដំបូង ឬមិនសូវធ្ងន់ធ្ងរ និងអ្នកដែលចង់ថែរក្សាសុខភាពតម្រងនោមឱ្យបានល្អ នៅក្នុងពេលតែមួយនោះ យើងក៏មានវិធីសាស្រ្តសំខាន់ៗដើម្បីជួយអ្នកបានផងដែរ ៖

វិធីថែរក្សា ​ការពារ ​និងព្យាបាលតម្រងនោម

១.ទទួលទានទឹកឱ្យបានច្រើន

ដើម្បីថែរក្សាតម្រងនោមឱ្យមានសុខភាពល្អ ការពារក្រួសតម្រងនោម និងព្យាបាលបញ្ហាទាក់ទងនឹងតម្រងនោមបាន អ្នកគួរតែទទួលទានទឹកឱ្យបានច្រើន ដើម្បីឱ្យមេរោគបាក់តេរី ជាតិអំបិល និងរ៉ែ ត្រូវបានបណ្តេញចោលតាមរយៈទឹកនោម។

ទទួលទានទឹកឱ្យបានច្រើន

២.អាហារប្រូបាយអូទិក (Probiotics)

ពពួកអាហារ ប្រូបាយអូទិក (Probiotics) ផ្ទុកនូវបាក់តេរីល្អៗជាច្រើន ដែលអាចជួយដល់សុខភាពទូទៅ ដូចជាក្រពះពោះវៀន ប្រព័ន្ធរំលាយអាហារ ថែមទាំងអាចជួយធ្វើឱ្យតម្រងនោមមានសុខភាពល្អ បញ្ចេញកាកសំណល់តាមរយៈទឹកនោមប្រសើរជាងមុន។ ជាពិសេសថែមទាំងអាចការពារ និងព្យាបាលបញ្ហាជំងឺឆ្លង ឬបាក់តេរីផ្សេងៗលើតម្រងនោមបានផងដែរ។ អាហារប្រូបាយអូទិក (Probiotics) មានដូចជា ទឹកដោះគោជូរជាដើម។

អាហារប្រូបាយអូទិក (Probiotics)​ គឺទឹកដោះគោជូរ

៣.តមសាច់

ការទទួលទានពពួកសាច់ក្រហមដែលមានជាតិប្រូតេអ៊ីនច្រើនពេក អាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ធ្វើឱ្យមានបញ្ហាមេរោគបាក់តេរីលើតម្រងនោម ជាពិសេសបង្កើនហានិភ័យនៃជំងឺក្រួសតម្រងនោមបានផងដែរ។ ដូច្នេះអ្នកត្រូវបញ្ឈប់ ឬកាត់បន្ថយការទទួលទានអាហារដែលមានជាតិសាច់ទើបជាការប្រសើរ។

តមសាច់

៤.ឈប់ទទួលទានអាហារដែលមានជាតិផូស្វ័រ

ការទទួលទានអាហារដែលមានជាតិផូស្វ័រអាចធ្វើឱ្យមានបញ្ហាសុខភាពបាន ជាពិសេសគឺបញ្ហាតម្រងនោមតែម្តង។ ពពួកអាហារដែលមានជាតិផូស្វ័រមានផ្ទុកនៅក្នុងអាហារមួយចំនួន ជាពិសេសគឺពពួកអាហាកែច្នៃដូចជា៖ អាហារដែលកែច្នៃមានបន្ថែមជាតិគីមី ភេសជ្ជៈកំប៉ុង ឬភេសជ្ជៈមានជាតិសូដា និងអាហារចម្អិនស្រាប់ផងដែរ (Fast Food បឺហ្គ័រ ភីហ្សា មាន់បំពង និងដំឡូងចៀនជាដើម)។

ឈប់ទទួលទានអាហារដែលមានជាតិផូស្វ័រ

៥.ឈប់ជក់បារី

ការជក់បារីមានគ្រោះថ្នាក់ចំពោះសុខភាពខ្លាំងណាស់ វាមិនត្រឹមតែធ្វើឱ្យខូចសួតទេ តែវាក៏ធ្វើឱ្យប៉ះពាល់ដល់តម្រងនោមផងដែរ។ ដូច្នេះប្រសិនជាអ្នកជាមនុស្សដែលឧស្សាហ៍ជក់បារី ឬញៀនបារីត្រូវតែធ្វើការផ្តាច់ជាបន្ទាន់ដើម្បីការពារតម្រងនោម និងធ្វើឱ្យតម្រងនោមមានសុខភាពល្អចៀសផុតពីជំងឺឆ្លងផ្សេងៗ។

ឈប់ជក់បារី

៦. ទឹកក្រឡុក ឬច្របាច់ស្រស់ៗ

ដើម្បីឱ្យតម្រងនោមមានសុខភាពល្អ និងព្យាបាលជំងឺទាក់ទងនឹងតម្រងនោមផ្សេងៗ អ្នកអាចទទួលទានពពួកបន្លែ និងផ្លែឈើស្រស់ៗ។ ហើយដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព អ្នកអាចកិន ឬក្រឡុក ស្លឹកជីរវ៉ាន់ស៊ុយ ឬជីរវ៉ាន់ស៊ុយបារាំង (parsley ឬ cilantro) ជាមួយនឹងទឹកឃ្មុំ និងទឹកក្រូចឆ្មារសម្បកលឿង ដើម្បីជួយឱ្យសុខភាពតម្រងនោមកាន់តែល្អប្រសើរជាងមុន។

ទឹកក្រឡុក ឬច្របាច់ស្រស់ៗ

៧. អាហារដែលមានប្រយោជន៍

ដើម្បីការពារ និងព្យាបាលតម្រងនោម អ្នកគួរតែទទួលទានពពួកបន្លែ និងផ្លែឈើដែលមានប្រយោជន៍ឱ្យបានច្រើនដូចជា៖ ពពួកផ្លែបឺរី ឪឡឹក ម្ទេសប្លោក ខ្ទឹមស ផ្លែប៉ោម ស្ពៃក្តោប ខ្ទឹមបារាំងប្រេងអូលីវ និងផ្កាខាត់ណាជាដើម។

ទទួលទានផ្លែប័រី ឪឡឹក ម្ទេសប្លោក ខ្ទឹមស ប៉ោម ស្ពៃក្តោប ខ្ទឹមបារាំង ផ្កាខាត់ណា

៨.សម្រកទម្ងន់

ការឡើងទម្ងន់ខ្លាំង មិនត្រឹមតែបាត់បង់រូបសម្រស់ តែវាក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយទាំងមូល ជាពិសេសគឺបញ្ហាលើតម្រងនោម ជាដើម។ តាមការស្រាវជ្រាវរកឃើញថា ការធាត់ហួសប្រមាណអាចបង្កហានិភ័យនៃជំងឺមហារីកតម្រងនោម នៅពេលខាងមុខបានផងដែរ។ ដូច្នេះអ្នកត្រូវថែរក្សាសុខភាពរាងកាយឱ្យបានល្អ និងធ្វើការសម្រកទម្ងន់ឱ្យបានសមស្របតាមសុខភាពទូទៅទើបជាការប្រសើរ។

ធ្វើការសម្រកទម្ងន់

៩.ឈប់ប្រើថ្នាំបំបាត់ការឈឺចាប់

អ្នកមានដឹងទេថា ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់មួយចំនួនដូចជា៖ Ibuprofen (Nuprin , Motrin , Advil) Aspirin Acetaminophen (Tylenol) និង Naproxen (Aleve) ច្រើនលើសកម្រិតពេក អាចបង្កជាជំងឺទាក់ទងននិងតម្រងនោម ឬខូចតម្រងនោមបាន ជាពិសេសបង្កើនហានិភ័យនៃជំងឺមហារីកតម្រងនោមបានផងដែរ។ ដូច្នេះអ្នកត្រូវកាត់បន្ថយពពួកថ្នាំទាំងអស់នោះ ឬកុំប្រើតែម្តងបើគ្មានការចាំបាច់ និងអាចប្រើប្រាស់វិធីបំបាត់ការឈឺចាប់តាមបែបធម្មជាតិប្រសើរជាង។

ឈប់ប្រើថ្នាំបំបាត់ការឈឺចាប់

១០. អំបិល Epsom

អ្នកអាចធ្វើការត្រាំរាងកាយនៅក្នុងទឹកដែលមានលាយជាមួយនឹង អំបិល Epsom (Epsom Salt អាចរកទិញបាននៅផ្សារទំនើប) ជាប្រចាំ ដោយវាអាចមានប្រយោជន៍ជួយបណ្តេញជាតិពុលចេញពីរាងកាយ ជំនួយសុខភាពទូទៅ និងតម្រងនោម ជាពិសេសអាចការពារ និងព្យាបាលបញ្ហាតម្រងនោមបានល្អទៀតផង៕ 

ប្រើអំបិល Epsom ត្រាំរាងកាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]