(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ មនុស្សមួយក្រុមដែលប្រើហិង្សា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្បែរមន្ទីរពេទ្យលោកសង្ឃនោះ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោក កំណត់អត្តសញ្ញាណអស់ហើយ និងកំពុងតាមចាប់ខ្លួន បើទោះបីពួកគេទាំងនេះ បានរត់គេចខ្លួនចាក ចេញពីផ្ទះក៏ដោយនោះ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានប្រកាសថា កម្លាំងសមត្ថកិច្ចរបស់លោក នឹងខិតខំប្រឹងប្រែងតាមចាប់ជនដៃដល់ទាំងនេះឲ្យខាងតែបាន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

នាយឧត្តមសេនីយ៍ ស្នងការ បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវនេះយើងបានកំណត់មុខសញ្ញា បានសាវតាជាតិគ្រប់គ្រាន់ចំនួន៤នាក់ហើយ ដែលជាជនដៃដល់ខ្លាំងបំផុត ប៉ុន្ដែពួកគេ បានរត់ចោលស្រុកអស់ហើយ (គេចចេញពីផ្ទះ) ដោយតែបណ្ដាញសង្គមរបស់យើង បានផ្សព្វផ្សាយទាំងរូបភាព និងវីដេអូពេញទឹកពេញដី ជាពិសេស តាំងពីថ្ងៃខ្ញុំដាក់បទបញ្ជាឲ្យតាមចាប់ គឺពួកគេបានដឹងខ្លួន ហើយរត់គេចតាំង ពីថ្ងៃនោះមក។ ជាមួយគ្នានេះ ខ្ញុំបាននិងកំពុងសុំដីកាពីតុលាការ ដើម្បីចាប់ខ្លួនឲ្យទាល់តែបាន»។

សូមបញ្ជាក់ថា ក្នុងចំណោមមនុស្សដែលព្រួតវាយលោកបណ្ឌិត ស៊ុយ សារ៉េត នោះក៏មានម្នាក់ជាកម្លាំងប្រជាការពារសាលាខណ្ឌដូនពេញផងដែរឈ្មោះ ភាជ គឹមហាក់ ដែលជាជននាំមុខ និងវាយខ្លាំងជាងគេ។ ប៉ុន្តែកាលពីម្សិលមិញ សាលាខណ្ឌដូនពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសគាំទ្រចំពោះចំណាត់ការរបស់កម្លាំងសមត្ថកិច្ច តាមចាប់អតីតកម្លាំងប្រជាការពារម្នាក់នេះ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន សាលាខណ្ឌដូនពេញ បានបញ្ជាក់ថា «ករណីបុគ្គល ភាជ គឹមហាក់ អតីតកម្លាំងប្រជាការពារសាលាខណ្ឌ បានប្រើអំពើហិង្សានៅក្នុងព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ទៅលើលោក ស៊ុយ សារ៉េត នោះ.... សាលាខណ្ឌចាត់ទុកថា នេះជាករណីបុគ្គល និងជាការទទួលខុសត្រូវដោយផ្ទាល់ខ្លួនតែម្តង សាលាខណ្ឌមិនគាំទ្រឲ្យមានអំពើហិង្សា បែបនេះឡើយ ហើយសូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់»។

លោកសាស្ដ្រាចារ្យបណ្ឌិត ស៊ុយ សារ៉េត ដែលជាគ្រូបង្រៀន នៅសាកលវិទ្យាល័យកម្ពុជា ត្រូវបានមនុស្សមួយក្រុម ខ្លះប្រដាប់ដោយដុំថ្មធំៗ​ ឈើ ព្រួតវាយរងរបួសយ៉ាងធ្ងន់ធ្ងរ ហូរឈាមឡើងជោគអាវ និងបំផ្លាញរថយន្ដខូចខាតយ៉ាងខ្លាំង ព្រោះតែខឹងលោកបើករថយន្ដបុករះនៅតាមផ្លូវនោះ រហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ បាននិងកំពុងសម្រាកព្យាបាលបន្ត នៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម ដោយរួចផុតពីគ្រោះថ្នាក់អាយុជីវិតហើយ។

ជាមួយគ្នានេះបើតាមការសាកសួរជាជំហ៊ានដំបូង នៅក្នុងព្រឹត្តិការណ៍កាលពីម្សិលមិញនេះ លោក ស៊ុយ សារ៉េត បានបាត់បង់ថវិកាជិត៣០០០ដុល្លារ និងទូរស័ព្ទចំនួន២គ្រឿងផងដែរ។

ក្រោយមានព្រឹត្តិការណ៍នេះកើតឡើង នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ពាក់ព័ន្ធករណីនេះលោកបានចេញបញ្ជាឲ្យសមត្ថកិច្ច ស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលបានវាយប៉ងសម្លាប់ និងកម្ទេចរថយន្តជនរងគ្រោះ មកដាក់ទោសតាមច្បាប់។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាក់ថា ករណីគ្រោះថ្នាក់នេះអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលរត់គេចពីកន្លែងកើតហេតុ គឺច្បាប់ជាអ្នកអនុវត្ត ប៉ុន្តែចំពោះអ្នកដែលវាយអ្នកបើកបរ ក៏ត្រូវតែទទួលទោសផងដែរ ព្រោះវាជាអំពើអសីលធម៌ក្នុងសង្គម និងមិនគួរឲ្យមានកើតឡើងក្នុងរូបភាពបែបនេះទៀត។

លោកស្នងការបញ្ជាក់ថា «ក្នុងករណីនេះ យើងពិនិត្យឃើញថា ជាបទល្មើសជាក់ស្តែង ព្រោះវាជាបទល្មើសហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក៏មានស្ថានទម្ងន់ទោសផងដែរ ព្រោះបានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាក្រុម​។ ក្នុងករណីនេះដែរ ជនល្មើសដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ទោះជាបានរត់គេចពីកន្លែងកើតហេតុ ក៏អាស្រ័យដោយសារមានការភ័យខ្លាចអំពីក្រុមជនបង្កដែរ។ ប្រសិនបើជាគាត់បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ច្បាប់ចរាចរណ៍ផ្លូវគោកមាន អីចឹងស្ថានទម្ងន់ទោសរបស់អ្នកបើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយគេចវេសពីការទទួលខុសត្រូវ ច្បាប់មានសម្រាប់ដាក់ទោសទណ្ឌ។ ...ជាទម្លាប់អសីលធម៌ក្នុងសង្គម ប្រជាពលរដ្ឋតែងតែតាំងខ្លួនជាតុលាការ ហើយធ្វើកាត់ទោសលើជនបង្ក ដោយឯកចិត្ត គឺមិនទៅតាមច្បាប់»។

លោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត មានកូន២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ហើយបន្ទាប់ពីពិនិត្យឃើញស្ថានភាពជំងឺធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម។

នៅថ្ងៃដដែលនេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានអំពាវនាវឲ្យសាធារណជន ប្រជាពលរដ្ឋ ចូលរួមអនុវត្តច្បាប់ និងប្រព្រឹត្តនូវអំពើល្អ សូមបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពការប្រើអំពើហិង្សា ទៅលើអ្នកបើកបរ និងយានយន្ដ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយចូលរួមចាប់ឃាត់ និងប្រគល់ជូនសមត្ថកិច្ច ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។

បើតាមសេចក្ដីអំពាវនាវនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យពលរដ្ឋចូលរួមគោរពប្រតិបត្តិ អនុវត្តឲ្យបានត្រឹមត្រូវ តាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពីការប្រើប្រាស់ផ្លូវថ្នល់ និងក្រមព្រហ្មទណ្ឌនៃប្រទេសកម្ពុជា ដើម្បីចូលរួមទទួលខុសត្រូវចំពោះអំពើខុសច្បាប់ ដែលខ្លួនបានប្រព្រឹត្ត ក្នុងពេលធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ។

កាលពីម្សិលមិញ កូនស្រីរបស់លោក ស៊ុយ សារ៉េត ដែលមានឈ្មោះ សារ៉េត សុផាធិតាពេជ្រ អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងឈូក សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានសម្រេចដាក់ពាក្យប្ដឹងក្រុមជនបង្ក ដែលបានប្រព្រឹត្តអំពើវាយដំប៉ុនប៉ងធ្វើមនុស្សឃាត លើឪពុករបស់ខ្លួន ទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីស្វែងរកយុត្តិធម៌។

ក្នុងពាក្យបណ្ដឹងនោះមេធាវីតំណាងលោក ស៊ុយ សារ៉េត បានទាមទារឲ្យសមត្ថកិច្ចស្វែងរកមុខជនក្រុមបង្ក ដើម្បីទទួលខុសត្រូវ ចំពោះអំពើដែលពួកគេ​បានប្រព្រឹត្តមកលើលោក ស៊ុន សារ៉េត និងទាមទារនូវសំណងជំងឺចិត្តចំនួន១២០០លានរៀល ដែលប្រហែលនឹង៣០ម៉ឺនដុល្លារ​ផងដែរ៕

មុខសញ្ញា កំពុងតាមចាប់
មុខសញ្ញា កំពុងតាមចាប់
ស៊ុយ សារ៉េត
ស៊ុយ សារ៉េត
ស៊ុយ សារ៉េត

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]