អេស្ប៉ាញ៖ កាលពីដើមរដូវកាល កីឡាករ Cristiano Ronaldo មិនសូវជាពេញចិត្តនឹងក្លិប Real Madrid ប៉ុន្មានឡើយ ដោយសារតែក្លិបអធិរាជសតែងតែពន្យារពេលក្នុងការផ្តល់កុងត្រាថ្មីឲ្យខ្លួន ប៉ុន្តែក្នុងពេលនេះ ក្លិបយក្សនៅអេស្ប៉ាញមួយនេះគ្រោងសងគុណខ្សែប្រយុទ្ធរូបនេះ ដោយការផ្តល់កិច្ចសន្យាថ្មីជាមួយនឹងប្រាក់ខែកប់ពពក។

នៅក្នុងរដូវកាលថ្មីនេះ កីឡាករវ័យ៣៣ឆ្នាំរូបនេះនៅតែបន្តភាពខ្លាំងក្លារបស់ខ្លួន ដោយបានរកចំនួន ១៧គ្រាប់ក្នុងការប្រកួតចំនួន ១២ដង។ សារព័ត៌មានជាច្រើនបានឲ្យដឹងថា កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងអាចទទួលបានកិច្ចសន្យាថ្មីពីក្លិប Real Madrid ក្នុងពេលឆាប់ៗនេះ។

យោងតាមសារព័ត៌មាន Mundo Deportivo ប្រធានក្លិប Florentino Perez ក៏អាចនឹងជួយឲ្យកីឡាករ Cristiano Ronaldo ទទួលបាននូវប្រាក់ឈ្នួលលើសកីឡាករ Lionel Messi និងកីឡាករ Neymar ផងដែរ។ បើទោះបីជាមិនអាចបានប្រាក់កម្រៃលើសកីឡាករ Messi ច្រើនខ្លាំងក៏ដោយ យ៉ាងហោចណាស់ក៏ Ronaldo អាចនឹងទទួលបានប្រាក់ឈ្នួលស្មើនឹង Messi ដែរ។

គួរឲ្យដឹងដែរថា ក្នុងពេលនេះ Ronaldo បានត្រឹមតែជាប់ចំណាត់ថ្នាក់លេខ ៦ប៉ុណ្ណោះ ក្នុងតារាងកីឡាករបាល់ទាត់ដែលទទួលបានប្រាក់ចំណូលខ្ពស់នៅលើពិភពលោក ខណៈដែលកីឡាករលេខ១ Messi បានទទួលប្រាក់ឈ្នួលជាង ៥៦លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ឯកីឡាករលេខ៣ Neymar បានទទួលប្រាក់កម្រៃប្រហែល ៤៤លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕

កីឡាករ Cristiano Ronaldo
កីឡាករ Lionel Messi
កីឡាករ Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]