រាជធានីភ្នំពេញ ៖ ការភ្ញាក់ផ្អើលមួយបានកើតឡើងតាមបណ្តឹងបុរសម្នាក់ដែលអះអាងថា ខ្លួនជាប្តី បានចោទភរិយារបស់ខ្លួនថា លួចមានសហាយស្មន់ជាមួយកូនប្រុសចិញ្ចឹម ហើយបាននាំគ្នាមកដេកនៅផ្ទះសំណាក់មួយ ឈ្មោះ «ព្រៃ» ។
ដោយសារតែបណ្តឹងនោះ សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ក៏ត្រូវបានលើកគ្នាទៅឡោមព័ទ្ធនៅផ្ទះសំណាក់នោះវេលាទៀបភ្លឺ តែមិនបានរកឃើញស្ត្រីជាប់ចោទដែលប្តីបានប្តឹង និងបុរសជាកូនចិញ្ចឹមនោះទេ ។ ដោយសារតែព័ត៌មាននោះ ត្រូវបានផ្សាយតាមបណ្តាញសង្គមនៅព្រឹកថ្ងៃទី១៣ មីនា បានជំរុញឱ្យអ្នកស្រី ថុង គឹមសេង មានអាយុ៤៤ឆ្នាំ បានបង្ហាញវត្តមានរបស់អ្នកស្រីចំពោះមុខអ្នកយកព័ត៌មាន ដោយបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់លោកប្តីមកលើអ្នកស្រី ព្រមទាំងបានចោទតបវិញថា ប្តីរូបនោះបានព្យាយាមធ្វើឱ្យអ្នកស្រីអាម៉ាស់ ព្រោះតែចង់បានទ្រព្យសម្បត្តិ ។
អ្នកស្រី ថុង គឹមហេង មានប្រសាសន៍ថា តាមពិតទៅអ្នកស្រីនិងប្តីរូបនេះ មានបណ្តឹងសុំលែងលះគ្នានៅតុលាការ៤ខែមកហើយ គឺរង់ចាំតែសាលក្រមលែងលះទៅតាមច្បាប់ប៉ុណ្ណោះ និងបច្ចុប្បន្នមិនបានរស់នៅជុំគ្នានោះទេ កូនចិញ្ចឹមនោះក៏គេមិនបាននៅជាមួយដែរ ។ អ្នកស្រីបាននិយាយបន្តថា ព័ត៌មានដែលបានផ្សព្វផ្សាយនោះ មិនត្រឹមត្រូវនោះទេ ដែលរឿងរ៉ាវចុះផ្សាយទាំងនោះ គឺទទួលបានពីការនិយាយបង្កាច់បង្ខូចពីសំណាក់ប្តីរូបនោះ ដែលលែងជាប្តីប្រពន្ធរួចទៅហើយ ។ អ្នកស្រីថា ប្តីនេះនៅតែតាមចងពៀរនិងបានកាឡៃព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកស្រី ។ មន្ត្រីប៉ូលិសសង្កាត់ទួលសង្កែទី១ ដែលត្រូវបានលើកគ្នាទៅកាន់ផ្ទះសំណាក់ «ព្រៃ» មានទីតាំងនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ គឺបានត្រឹមឈរយាមឱ្យមូសខាំប៉ុណ្ណោះ រកមិនឃើញស្ត្រីរូបណានាំប្រុសសហាយមកដេកនៅផ្ទះសំណាក់តាមបណ្តឹងនោះទេ ។
គួរបញ្ជាក់ថា បុរសជាមន្ត្រីយោធានៅមន្ទីរពេទ្យព្រះកុសុមៈ ដែលជាប្តីបានចោទភរិយាដែលកំពុងលែងលះគ្នានៅតុលាការថា បានតាមដានដឹងថា កូនប្រុសចិញ្ចឹមនាំប្រពន្ធគាត់ទៅដេកផ្ទះសំណាក់ក៏បានរាយការណ៍ទៅសមត្ថកិច្ច មកជួយអន្តរាគមន៍ កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៣ មីនា ។ តាមព័ត៌មានពីមន្ត្រីយោធាពេទ្យរូបនេះបានរៀបរាប់ឱ្យដឹងថា គាត់ជាពេទ្យយោធា មានប្រពន្ធនិងស្នាក់នៅម្តុំកាំកូស៊ីធី សង្កាត់បឹងកក់១ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិស្វាយអាត់ក្រោមឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានកូនប្រុស អាយុ៦ឆ្នាំកន្លះ និងបានយកក្មេងប្រុសម្នាក់អាយុ១៦ឆ្នាំ មកចិញ្ចឹមធ្វើជាកូនចិញ្ចឹម រហូតមកដល់បច្ចុប្បន្នមានអាយុ២៨ឆ្នាំហើយ ។
បុរសជាប្តីដែលចោទប្រកាន់ប្រពន្ធបានសារភាពថា គាត់ដឹងមិនច្បាស់ថា កូនចិញ្ចឹមរបស់គាត់ លួចលាក់ទាក់ទងសហាយស្មន់ជាមួយប្រពន្ធរបស់គាត់ តាំងពីពេលណាមកទេ ប៉ុន្តែកន្លងមកនេះ គាត់បានឆែកមើលកាមេរ៉ាសុវត្ថិភាពផ្ទះរបស់គាត់ឃើញ គួរឱ្យសង្ស័យ ប៉ុន្តែបុរសរូបនេះមិនបានបង្ហាញវីដេអូនោះឡើយ ។ ចំពោះការតាមចោទប្រពន្ធរហូតផ្អើលអ្នកកាសែតគឺជឿតាមអ្នករត់ម៉ូតូឌុបម្នាក់ដែលគាត់អះអាងថា ជួលឱ្យតាមមើលប្រពន្ធនិងកូនចិញ្ចឹម តើសហាយគ្នាមែនឬអត់ ? ស្រាប់តែនៅយប់កើតហេតុ អ្នករត់ម៉ូតូឌុបរូបនោះបានទូរស័ព្ទប្រាប់ថា ឃើញប្រពន្ធនិងកូនចិញ្ចឹមនាំគ្នាចូលទៅផ្ទះសំណាក់«ព្រៃ» ។ បន្ទាប់ពីដឹងហើយគាត់បានមកដល់ផ្ទះសំណាក់ និងសុំម្ចាស់ផ្ទះសំណាក់ចូលទៅរកមើល ប៉ុន្តែម្ចាស់ផ្ទះសំណាក់ មិនអនុញ្ញាតឲ្យចូលទៅរុករកទេ ព្រោះមិនដឹងថា ប្រពន្ធជាប់ចោទនោះនៅបន្ទប់មួយណា ឲ្យពិតប្រាកដ ។ បើចូលទៅឆែកឆេរតាមបន្ទប់ និងធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវដែលចូលទៅសម្រាក ។ សុំឆែកមិនបានក៏ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ឱ្យចុះមកអន្តរាគមន៍ ។
តាមការសាកសួរមន្ត្រីប៉ូលិសបានឱ្យដឹងថា ការត្រួតពិនិត្យកាមេរ៉ាក៏ដូចជាការរកនៅវេលាព្រឹក រកមិនឃើញតាមការចោទប្រកាន់នោះឡើយ ។ អ្នកតាមដាននិយាយថា មិនមានហេតុផលជុំវិញរឿងសហាយស្មន់តាមការចោទប្រកាន់នោះទេ ធ្វើឱ្យប៉ូលិសហួសចិត្តពេកក្រៃ ។
ខាងក្រោមជាការបំភ្លឺជុំវិញការចោទនេះ ៖
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]