អាមេរិក៖ អតីតមន្ត្រីអាមេរិកម្នាក់បាននិយាយថា គេត្រូវតែវិភាគទៅលើវីដេអូថ្មីមួយ ដែលបានបង្ហាញវត្ថុមួយហោះហើរលើផ្ទៃសមុទ្រដែលចាប់បានដោយទ័ពអាកាស។

លោក Christopher Mellon ដែលបានធ្វើការខាងផ្នែកការពារជាតិក្រោមរដ្ឋាភិបាល Clinton និង George W. Bush បានអះអាងថាវីដេអូថ្មីមួយ និង២ទៀតពីមុនមក អាចធ្វើជាភស្តុតាងដែលថាមានប្រភេទយានហោះហើរ ដែលទំនើបជាងអ្វីៗដែលអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ធ្លាប់ឃើញទៅទៀត។

វីដេអូចុងក្រោយដែលបានចេញឡើងដោយ To the Stars Academy of Arts and Science ដែលជាក្រុមហ៊ុនស្រាវជ្រាវឯកជន ហើយថតបានដោយយន្តហោះរបស់ទ័ពអាកាសអាមេរិកដែលបានថតកាលពីឆ្នាំ ២០១៥ ប៉ុន្តែទើបតែបានផ្សាយនៅ Youtube នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ បានបង្ហាញអំពីយានហោះហើរអាថ៌កំបាំងមួយដែលមានសមត្ថភាពហោះបែបទំនើបជាងគេបំផុតក្នុងលោកដែលគេមិនធ្លាប់ឃើញពីមុនមក។

កាលពីខែធ្នូ ឆ្នាំមុន ទស្សនាវដ្ដី The New York Times ក៏បានចេញផ្សាយវីដេអូស្រដៀងនេះដែរ ក៏ប៉ុន្តែវាត្រូវបានគេថតតាំងពីឆ្នាំ ២០០៤មកម្ល៉េះ។ គេបាននិយាយថាសហរដ្ឋអាមេរិកធ្លាប់មានបេសកកម្មស្វែងរកការគំរាមកំហែងខាងផ្នែកអាកាសទាំងឡាយណា ដែលអាចកើតឡើង ដែលវាត្រូវបានគេចំណាយអស់ ២២លានដុល្លារឯណោះ។ ក៏ប៉ុន្តែរដ្ឋាភិបាលបានបញ្ឍប់ការផ្ដល់ថវិកាសម្រាប់បេសកកម្មនោះហើយ ទោះជាយ៉ាងណាក៏ដោយក៏វាមិនទាន់ត្រូវបានគេបញ្ឈប់ដំណើរការទាំងស្រុងនៅឡើយដែរ។

លោក Mellon មិនបាននិយាយថាវាជាភស្តុតាងថាវាជាមនុស្សក្រៅភព ឬក៏អត់នោះទេ ពីព្រោះបច្ចុប្បន្នគ្មានរដ្ឋាភិបាលណាខ្វល់ពីវា និងស៊ើបរឿងនេះនោះទេ។

គាត់បានបន្ថែមថា "មន្ទីបញ្ចកោណមិនបានធ្វើការស៊ើបអង្កេតទៅលើទិន្នន័យ ដែលទទួលបានពីកងទ័ពអាកាសនោះទេ។ ការធ្វើឡើងរបៀបសព្វថ្ងៃ គឺដូចជាឲ្យកងទ័ពជើងអាកាសទៅស្រាវជ្រាវរកនាវាមុជទឹកអីចឹង"៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]