ភ្នំពេញ៖ កាលពីថ្ងៃទី ១២ មីនា ២០១៨ ម្សិលមិញនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក Scott Neeson ដែលជានាយកអង្គការមូលនិធិកុមារកម្ពុជា (CCF) បានស្នើសុំឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមនៅប្រទេសកម្ពុជា មេត្តាកុំស្តាប់ពាក្យអុជអាលរបស់បុរសម្នាក់ ដែលលោកអះអាងថាកំពុងបង្ខូចកេរ្តិ៍ឈ្មោះរបស់អង្គការរបស់លោក ដែលជាអង្គការសប្បុរសធម៌មួយជួយកុមារក្រីក្រ និងចាស់ជរានៅប្រទេសកម្ពុជា។

សាររបស់លោក Scott Neeson

លោក Scott Neeson បានឲ្យដឹងថា កាលពីចុងឆ្នាំ២០១៧  កន្លងទៅ មានបុរសម្នាក់ ជាមួយនឹងកូនៗចំនួន ៣នាក់ ដែលរស់នៅគ្មានទីជម្រក បានមកដល់អង្គការរបស់លោក ដើម្បីស្នើសុំការស្នាក់អាស្រ័យ។ ជាការឆ្លើយតប មូលនិធិផ្ទះសហគមន៍ (World Housing) របស់អង្គការ CCF បានផ្តល់ទីជម្រកដល់បុរសនោះ ចំណែកកូនៗទាំងបីនាក់របស់គាត់ ស្ថិតក្រោមការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់អង្គការ ដោយទទួលបានអាហារបរិភោគចំនួន ៣ ពេលជារៀងរាល់ថ្ងៃ ក៏ដូចជាការមើលថែទាំសុខភាពផងដែរ។ បុរសជាឪពុករូបនេះ ក៏ត្រូវបាន អង្គការអនុញ្ញាតឲ្យខ្ចីប្រាក់ចំនួន ៣៥ ដុល្លារអាមេរិកដើម្បីប្រកបរបររកស៊ី។

ផ្ទះសហគមន៍

សូមបញ្ជាក់ថា សម្រាប់ការផ្គត់ផ្គង់ថ្លៃចំណាយផ្សេងៗក្នុងសហគមន៍ គ្រួសារនីមួយៗត្រូវបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១៥ ដុល្លារអាមេរិកក្នុងមួយខែ។ យ៉ាងណាក្តី លោក Scott បានឲ្យដឹងថា នៅរយៈពេលប៉ុន្មានខែកន្លងមកនេះ របររស៊ីរបស់បុរសរូបនេះកាក់កបយ៉ាងខ្លាំង ប៉ុន្តែរូបគេមិនព្រមចំណាយវិភាគទាន ក៏ដូចជាថ្លៃចំណាយលើការប្រើប្រាស់អគ្គិសនី សរុបទាំងអស់ចំនួន ១៥ ដុល្លារអាមេរិកក្នុងមួយខែនោះទេ ។

បន្ថែមពីលើនេះ ប្រជាសហគមន៍ដែលរស់នៅជិតខាង បានត្អូញត្អែរថាបុរសរូបនេះថែមទាំងយកស្រីមុខមាត់ប្លែកៗជាច្រើននាក់ មកលំនៅដ្ឋានទៀតផង។ ដោយយល់ឃើញថា បុរសរូបនេះអាចចិញ្ចឹមជីវិតបាន វាគួរណាតែដល់ពេលរូបគេអាចយកកូនៗត្រឡប់ទៅវិញបានហើយ។

លោក Scott បានឲ្យដឹងថា អ្វីដែលលោកភ្ញាក់ផ្អើលគឺបុរសរូបនេះ បានគំរាមទាមទារប្រាក់ចំនួន ៣០០ ដុល្លារអាមេរិក ទើបខ្លួនព្រមយកកូនទៅវិញ បើមិនដូច្នោះរូបគេនឹងទៅរកអ្នកសារព័ត៌មាន ដើម្បីនិយាយអាក្រក់ពីអង្គការ។

លោក Scott និងកុមារកម្ពុជា

បើយោងតាមកិច្ចសម្ភាសន៍មួយ បុរសកូនបីខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា សួន រតនា អាយុ ៣៤ឆ្នាំ ប្រកបមុខរបរដេរស្បែកជើងសម្រាប់លក់។ លោក Scott បានឲ្យដឹងថា បុរសរូបនេះធ្លាប់ទាំងបាន គម្រាមយកប្រាក់ពីមូលនិធិសប្បុរសធម៌ជាច្រើនកន្លងមកផងដែរ។

ទោះជាយ៉ាងណាក៏ដោយ លោក Scott Neeson ពុំអាចផ្តល់ប្រាក់តាមការគម្រាមនោះទេ ព្រោះប្រាក់ដែលបានមកពីសប្បុរសធម៌ គឺទុកសម្រាប់ជនក្រីក្រ និងចាស់ជរាប៉ុណ្ណោះ។ ខណៈពេលនេះ នាយកអង្គការមូលនិធិកុមារកម្ពុជា ក៏បានអំពាវនាវឲ្យមហាជនបានជ្រាបពីការពិត កុំចាញ់ការកុហកបោកប្រាស់ ពីជនខិលខូច ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តយសអង្គការរបស់លោក។

បុរសឈ្មោះសួន រតនា ត្រូវ​សម្ភាសន៍

សូមទស្សនាឃ្លីបវីដេអូខាងក្រោម ដែលបុរសកូនបីឈ្មោះ សួន រតនា និយាយបង្ខូចការពិត បើតាមការអះអាងពីលោក Scott Neeson៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]