ម្រេច មិនត្រឹមតែជាគ្រឿងទេសដែលប្រើប្រាស់ក្នុងផ្ទះបាយប៉ុណ្ណោះទេ តែវាក៏សម្បូរទៅដោយធាតុផ្សំសំខាន់ៗ ដែលអាចជួយដល់បញ្ហាជំងឺផ្លូវដង្ហើម ជំងឺមហារីក បញ្ហាក្រពះពោះវៀន និងបញ្ហាសុខភាពជាច្រើនមុខផ្សេងទៀត។ អ្វីដែលអ្នកមិនទាន់បានជ្រាបអស់នោះ គឺម្រេចក៏អាចជួយដល់បញ្ហារូបសម្រស់បានផងដែរ ថែមទាំងមានប្រសិទ្ធភាពស្ទើរតែមិនគួរឱ្យជឿ ដោយសារតែវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រយោជន៍ចំពោះស្បែកដូចជា៖

- បំបាត់បញ្ហាមុនតូច មុនធំ និងមុនគ្រប់ប្រភេទ

- កម្ចាត់មុនក្បាលខ្មៅ

- ជួយជម្រុះ និងសម្អាតស្បែកឱ្យមានភាពស្រស់ស្អាត កម្ចាត់ជាតិកខ្វក់លើផ្ទៃមុខ។

ចង់បានមុខស្អាត ​បាត់មុនតូចធំ ​និងគុណប្រយោជន៍ចំពោះសុខភាពស្បែកបន្ថែមទៀត មករៀនពិវិធីប្រើប្រាស់ម្រេចសម្រាប់ផ្ទៃមុខទាំងអស់គ្នា៖

ម្សៅម្រេច​​ ឬម្រេចហ្មត់

១. ម្រេចខ្មៅជាមួយនឹងទឹកដោះគោជូរ

គ្រឿងផ្សំរួមមាន៖

- ម្រេចខ្មៅហ្មត់ ឬម្សៅម្រេច មួយចិប (ប្រមាណជា កន្លះកូនស្លាបព្រា)

- ទឹកដោះគោជូរ ១កូនស្លាបព្រា (ទឹកដោះគោជូរធម្មជាតិ គ្មានជាតិស្ករ និងខ្លាញ់)

ម្រេចខ្មៅជាមួយនឹងទឹកដោះគោជូរ

ការអនុវត្ត

- គ្រាន់តែលាយម្រេច និងទឹកដោះគោជូរឱ្យសព្វ

- ហើយយកល្បាយនេះមកលាបលើផ្ទៃមុខ និងធ្វើការម៉ាស្សាឱ្យបាន ២ទៅ៣នាទី រួចទុកចោលរយៈពេល ១០នាទីចាំលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ហជាការស្រេច

- អ្នកអាចអនុវត្តវិធីមួយនេះ ឱ្យបាន ២ដងក្នុងមួយសប្តាហ៍។

រូបមន្ត​ម្រេចខ្មៅជាមួយនឹងទឹកដោះគោជូរ

២. ម្រេចខ្មៅ និងរមៀត

គ្រឿងផ្សំរួមមាន៖

- ម្សៅម្រេច ឬម្រេចហ្មត់ ១ចិប (ប្រមាណជា កន្លះកូនស្លាបព្រាបាយ)

- ម្សៅរមៀត ១ចិប (ប្រមាណជា កន្លះកូនស្លាបព្រាបាយ អាចទិញម្សៅរមៀតសុទ្ធពីផ្សារក៏បាន ធ្វើដោយខ្លួនឯងក៏បាន ដោយចិតរមៀតស្តើងៗហាលឱ្យស្ងួត រួចយកមកបុកឱ្យចេញជាម្សៅ)

ម្រេចខ្មៅ និងរមៀត

ការអនុវត្ត

- លាយម្សៅម្រេច និងម្សៅរមៀតកូរចូលគ្នាឱ្យសព្វជាមួយនឹងទឹកកុលាប (ប្រសិនជាគ្មានលាយជាមួយនឹងទឹកធម្មតាក៏បាន)

- បន្ទាប់មកយកល្បាយនេះ មកលាបលើផ្ទៃមុខដែលមានបញ្ហា ទុកចោលឱ្យបាន ១០នាទី ទៅ១៥នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។

- អ្នកអាចអនុវត្តវិធីបែបនេះ មួយអាទិត្យ២ដង ដោយវាមិនត្រឹមតែជួយបំបាត់មុនទេ ថែមទាំងជួយធ្វើឱ្យស្បែកមុខប្រែជាស្រស់ស្អាតបានផងដែរ។

រូបមន្ត​ម្រេចខ្មៅ និងរមៀត

៣.ម្រេច ជាមួយនឹងទឹកដោះគោ

គ្រឿងផ្សំរួមមាន៖

- ម្រេចហ្មត់ ឬម្សៅម្រេច ១ចិប (ប្រមាណជា កន្លះកូនស្លាបព្រាបាយ)

- ទឹកដោះគោឆៅ ១កូនស្លាបព្រា

ម្រេច ជាមួយនឹងទឹកដោះគោ

ការអនុវត្ត

- លាយម្សៅម្រេច ជាមួយនឹងទឹកដោះគោឆៅឱ្យក្លាយជាល្បាយមួយ

- បន្ទាប់មកយកល្បាយនេះមកលាបលើផ្ទៃមុខ ទុកចោល ៣ទៅ៥នាទី ចាំលាងចេញជាមួយនឹងទឹកត្រជាក់ជាការស្រេច។

- អ្នកអាចអនុវត្តវាជាប្រចាំ មួយសប្តាហ៍ ២ដង ដោយវាមិនត្រឹមតែជួយបំបាត់បញ្ហាមុខមុនទេ ថែមទាំងជួយលាងសម្អាតស្បែកឱ្យស្រស់ថ្លា ស្អាត និងក្មេងជាងវ័យបានផងដែរ។

រូបមន្តម្រេច ជាមួយនឹងទឹកដោះគោ

៤.ម្រេច និងម្សៅអូត (Oatmeal)

គ្រឿងផ្សំរួមមាន៖

- ម្សៅម្រេច ឬម្សៅហ្មត់ ១ចិប (ប្រមាណជា កន្លះកូនស្លាបព្រាបាយ)

- ម្សៅអូត ១កូនស្លាបព្រា (ម្សៅអូត Oatmeal អាចរកទិញបានដោយងាយនៅផ្សារទំនើប)។

ម្រេច និងម្សៅអូត (Oatmeal)

ការអនុវត្ត

- លាយម្សៅម្រេច ជាមួយនឹងម្សៅម្រេច និងបន្ថែមទឹកបន្តិចឱ្យវាមានសភាពខាប់ល្អ

- បន្ទាប់មក យកល្បាយនេះមកលាបឱ្យសព្វលើផ្ទៃមុខដែលមានបញ្ហា ទុកចោលឱ្យបាន ១០នាទី ចាំលាងចេញជាមួយនឹងទឹកធម្មតា។

- អ្នកអាចអនុវត្តវិធីមួយនេះជាប្រចាំឱ្យបាន ២ដងក្នុងមួយអាទិត្យ ដោយវាមានលទ្ធភាពកម្ចាត់បញ្ហាមុខមុនគ្រប់ប្រភេទហើយ ថែមទាំងអាចជួយសម្អាតផ្ទៃមុខ ជម្រុះកោសិកាស្បែកដែលងាប់ៗចេញ និងធ្វើឱ្យស្បែកប្រែជាមានសភាពស្អាតក្មេងជាងវ័យផងដែរ។

រូបមន្តម្រេច និងម្សៅអូត (Oatmeal)

៥.ម្រេច និងជែលប្រទាលកន្ទុយក្រពើ

គ្រឿងផ្សំរួមមាន៖

- ម្សៅម្រេច ឬម្រេចហ្មត់ ១ចិប (ប្រមាណជា កន្លះកូនស្លាបព្រាបាយ)

- ជែលប្រទាលកន្ទុយក្រពើកិន ឬក្រឡុកឱ្យហ្មត់ ១កូនស្លាបព្រា

ម្រេច និងជែលប្រទាលកន្ទុយក្រពើ

ការអនុវត្ត

- លាយម្សៅម្រេចជាមួយនឹងជែលប្រទាលកន្ទុយក្រពើ

- រួចយកល្បាយនេះមកលាបលើផ្ទៃមុខ ទុកចោលឱ្យបាន ១៥នាទី ចាំលាងចេញជាមួយនឹងទឹកធម្មតាជាការស្រេច

- អ្នកអាចអនុវត្ត ១ទៅ២ដងក្នុងមួយសប្តាហ៍បាន ដោយវិធីមួយនេះមិនត្រឹមតែបាត់មុនតូចធំទេ តែវាជួយធ្វើឱ្យស្បែកដែលមានបញ្ហាប្រែជាមានសភាព ទន់ ស្អាត ភ្លឺរលោង និងម៉ដ្ឋខៃវិញជាមិនខាន។

រូបមន្តម្រេច និងជែលប្រទាលកន្ទុយក្រពើ

៦. ម្រេច និងស៊ុតពណ៌ស

គ្រឿងផ្សំរួមមាន៖

- ស៊ុត១គ្រាប់ យកតែផ្នែកពណ៌ស

- ម្សៅម្រេច ឬម្រេចហ្មត់ ១កូនស្លាបព្រា

- ទឹកឃ្មុំ ១ស្លាបព្រាបាយ

ម្រេច ស៊ុតពណ៌ស និងទឹកឃ្មុំ

ការអនុវត្ត

- លាយស៊ុតផ្នែកពណ៌ស ម្រេច និងទឹកឃ្មុំបញ្ចូលគ្នា

- បន្ទាប់មកយកល្បាយនេះ មកលាបលើផ្ទៃមុខ ទុកចោលរយៈពេល ១៥នាទីទៅ២០នាទី ចាំលាងចេញជាមួយនឹងទឹកស្អាតជាការស្រេច។

- អ្នកអាចអនុវត្តវិធីមួយនេះ ១ទៅ២ដងក្នុមួយសប្តាហ៍ដើម្បីកម្ចាត់បញ្ហាមុខមុន និងធ្វើឱ្យផ្ទៃមុខតឹងណែនស្អាតល្អ។

រូបមន្ត ម្រេច ស៊ុតពណ៌ស និងទឹកឃ្មុំ

ចំណាំ៖ អ្នកខ្លះអាចនឹងមានស្បែកប្រតិកម្មជាមួយនឹងម្រេច ចង់ដឹងថាអ្នកមានបញ្ហាជាមួយនឹងម្រេចឬក៏អត់ អ្នកអាចសាកល្បងលាបលើស្បែកខ្នងដៃជាមុនសិន។ សម្រាប់វិធីទាំងលើការប្រើប្រាស់ច្រើនដងពេក អាចធ្វើឱ្យមានបញ្ហាស្បែកទៅវិញទេ ដូច្នេះល្អបំផុតអ្នកត្រូវប្រើវិធីថែសម្រស់ដោយប្រើម្រេចទាំងនេះ ត្រឹមតែ ១ ទៅ២ដងបានហើយក្នុងមួយសប្តាហ៍៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]