ចិន៖ ហេតុតែដើម្បីចង់បំពេញបំណង ជីតាជាទីស្រលាញ់ ទីបំផុតចៅស្រីវ័យក្មេង និងស្រស់ស្អាតជនជាតិចិនម្នាក់ បានសម្រេចចិត្តគ្រងនូវឈុតរៀបការ ជាមួយនឹងជីតានាង ដើម្បីថតរូបទុកជាអនុស្សាវរីយចុងក្រោយមួយ ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ចៅស្រីខាងលើនេះ មានឈ្មោះថា Fu Xuewei មានអាយុ២៥ឆ្នាំ គឺជាសហគ្រិនវ័យក្មេងម្នាក់ មកពីទីក្រុង Chengdu ខេត្តស៊ីឈួន ប្រទសចិន។

នាង Fu ត្រូវបានគេរាយការណ៍ថា បន្ទាប់ពីឪពុកម្តាយរបស់នាង បានបែកបាក់ចែកផ្លូវគ្នាមក នាងក៏បានផ្លាស់ទៅរស់នៅ ជាមួយនឹងជីដូនជីតានាង តាំងតែពីនាងមានអាយុប្រហែល ១០ឆ្នាំមកម៉្លេះ ដោយទទួលបានការទំនុកបម្រុង មើលថែទាំ យ៉ាងយកចិត្តទុកដាក់បំផុត និងថែមបានសិក្សារៀនសូត្រ រហូតដល់ថ្នាក់មហាវិទ្យាល័យនៅក្រៅប្រទេស រួមមាន ប្រទេសស្វីស និង សិង្ហបុរី ថែមទៀតផង នៅពេលដែលមានមានវ័យ ១៨ឆ្នាំ។

រូបភាព៖ កញ្ញា Fu និងជីតារបស់នាង

Fu នាងតែងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុត ជាមួយនឹងលោកតាលោកយាយរបស់នាង ប្រៀបបីដូចជាមិត្តដ៏ល្អ ដែលតែងតែផ្តល់ភាពកក់ក្តៅ និងនៅក្បែរនាងជានិច្ច។ ព្រោះជាក់ស្តែង Fu នាងតែងតែនិយាយរៀបរាប់ ពីរឿងរ៉ាវនិងបញ្ហាផ្សេងៗ ដែលនាងធ្លាប់បានជួយប្រទះ រួមមានទាំង ដំណើរការនៃការសិក្សារបស់នាង ការធ្វើដំណើរក្នុងប្រទេស និងក្រៅប្រទេស ជាដើម ឲ្យលោកតាលោកយាយនាងស្តាប់ជារឿយៗ។

បន្ថែមលើនេះ នាងក៏តែងតែនាំជីដូននិងជីតារបស់នាង ដើរលេងកម្សាន្តនៅថ្ងៃលំហែកាយជាញឹកញាប់ ឬសូម្បីតែក្លិបរាត្រី ក៏នាងតែងនាំពួកគាត់ទៅដែរ ដើម្បីចង់ឲ្យពួកគាត់មានអារម្មណ៍ជ្រះស្រឡះ មានភាពរីករាយ និងស្នាមញញឹមនៅក្នុងជីវិត។

លើសពីនេះ អ្វីដែលពិសេស និងធ្វើឲ្យគ្រប់គ្នា កាន់តែមានភាពភ្ញាក់ផ្អើល និងរំជួលចិត្តទៅទៀតនោះ កាលពីពេលថ្មីៗកន្លងទៅនេះ ចៅស្រីដ៏ស្រស់ស្អាតរូបនេះ ថែមទាំងបានដឹកដៃជីតារបស់នាង គឺលោកតា Fu Qiquan វ័យ៨៧ឆ្នាំ ស្លៀកនូវឈុតរៀបការដ៏ស្រស់ស្អាត និងស្រស់សង្ហា ដើរតួជាកូនកម្លោះក្រមុំ ដើម្បីថតរូបទុកជាអនុស្សាវរីយថែមទៀតផង។

រូបភាព៖ កញ្ញា Fu និងជីតារបស់នាង
រូបភាព៖ កញ្ញា Fu និងជីតារបស់នាង

បើតាមការអះអាងពីនាង Fu បាននិយាយថា វាមិនមែនជារឿងចម្លែក ដោយគ្រាន់តែធ្វើបែបនេះនោះទេ ព្រោះជាក់ស្ដែង អ្វីៗដែលនាងបានខិតខំធ្វើវាឡើងមកនេះ គឺដើម្បីតែលោកតាជាទីស្រលាញ់របស់នាងតែប៉ុណ្ណោះ។ គាត់ចាស់ហើយ ហើយថែមទាំងមានជំងឺប្រចាំកាយទៀត នាងពិតជាចង់ ចង់ឲ្យលោកតារបស់នាង បានឃើញនាងរៀបការណាស់ ប៉ុន្តែនៅពេលនេះ វាពិតជាមិនទាន់អាចកើតឡើងបានឡើយ ព្រោះតែនាងមានការងារជាច្រើនដែលត្រូវបំពេញ ហើយមួយវិញទៀត នាងក៏មិនទាន់ស្វែងរកឃើញដៃគូ បុរសដ៏សាកសមណាម្នាក់ ដែលអាចចូលមកក្នុងជីវិតនាងឃើញឡើយ។

ម្យ៉ាងសូម្បីតែជីតារបស់នាងផ្ទាល់ ក៏ចង់ឃើញនាង រៀបការក្នុងពេលឆាប់ៗនេះដែរ មុនពេលដែលគាត់បិទភ្នែកពីលើលោកនេះទៅ (ស្លាប់) ព្រោះថានៅពេលនេះគាត់កាន់តែចាស់ទៅៗហើយ ទើបទីបំផុតនាងក៏បានសម្រេចចិត្តថា គ្រងនូវឈុតរៀបការបែបនេះឡើង ជាមួយនឹងលោកតារបស់នាង ដើម្បីអាចចាត់ទុកថា ជាកាដូចុងក្រោយមួយសម្រាប់បំពេញបំណងរបស់គាត់ ក៏ថាបាន។

គួរឲ្យដឹងផងដែរថា កាលពី២ឆ្នាំមុន លោកតា Fu Qiquan កើតមានជំងឺដាច់សរសៃឈាមខួរក្បាល ខណៈនៅពេលនេះ ស្ថានភាពរបស់គាត់ហាក់ចុះខ្សោយជាងមុន ពិបាកនៅក្នុងការកម្រើកខ្លួន ដោយសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ អស់រយៈ៣ខែមកហើយ។

ក្រៅពីនេះ លោកតាក៏ធ្លាប់មានប្រវត្តិ កើតមានជំងឺបេះដូងថែមទៀតផង ទើបកាន់តែធ្វើឲ្យស្ថានភាពជំងឺរបស់គាត់ កាន់តែទ្រុឌទ្រោមទៅៗនៅពេលនេះ។

រូបភាព៖ កញ្ញា Fu និងជីតារបស់នាង

ដោយឡែក សម្រាប់រូបភាពក្នុងឈុតសម្លៀកបំពាក់ការ របស់ Fu និងជីតារបស់នាងវិញ គឺមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គម ដោយទទួលបានការស្រលាញ់ និងកោតសរសើរយ៉ាងខ្លាំង ពីទឹកចិត្តរបស់នាង។ ក្នុងនោះ ក៏មានអ្នកចំនួន បានចែករំលែករូបភាពទាំងអស់នោះ ពេញនៅលើបណ្តាញសង្គមរបស់ចិនផងដែរ ៕

ទស្សនារូបភាពខាងក្រោម៖  

រូបភាព៖ កញ្ញា Fu និងជីតារបស់នាង
រូបភាព៖ កញ្ញា Fu និងជីតារបស់នាង
រូបភាព៖ កញ្ញា Fu និងជីតារបស់នាង
រូបភាព៖ កញ្ញា Fu និងជីដូនជីតារបស់នាង
រូបភាព៖ កញ្ញា Fu និងជីតារបស់នាង
លោកតា Qiquan សម្រាកព្យាបាលនៅមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]