ស្វីស៖ អ្នកជំនាញខាងសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលកំពុងតែស៊ើបអង្កេតទៅលើ រឿងប្រល័យពូជសាសន៍នៅមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃច័ន្ទថា Facebook បានដើរតួនាទីមួយក្នុងការសាយភាយសំដីស្អប់ខ្ពើមពូជសាសន៍នៅទីនោះ។

គេមិនទាន់ទទួលបានការឆ្លើយតបពី Facebook ចំពោះការចោទប្រកាន់នេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះធ្លាប់បានប្ដេជ្ញាពីមុនមកហើយថា គេកំពុងតែធ្វើការលុបបំបាត់នូវពាក្យសំដីស្អប់ខ្ពើមនៅប្រទេសនេះ ហើយគេក៏បានបិទនិងផ្អាកគណនីដែលបានចែករំលែកពាក្យទាំងនោះដែរ។

មានជនជាតិមូស្លីម Rohingya ច្រើនជាង ៦សែន៥ម៉ឺននាក់បានរត់ភៀសខ្លួនពីរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសបង់ក្លាដេស ដោយសារតែមានការបះបោរពីក្រុមមូស្លីមមួយ ដែលបណ្ដាលឲ្យមានការបង្ក្រាបយ៉ាងតឹងរ៉ឹងវិញពីរដ្ឋាភិបាលដោយហឹង្សាជាបន្តបន្ទាប់តាំងពីខែមេសាឆ្នាំមុនមក។ មានមនុស្សជាច្រើនបានធ្វើជាសាក្សី បញ្ជាក់ថាមានការប្រហារជីវិតនិងរំលោភដោយកងកម្លាំងមីយ៉ានម៉ាទៀតផង។

លោក Marzuki Darusman

លោក Marzuki Darusman ដែលជានាយកនៃបេសកកម្មក្នុងការស្វែងរកការពិតនៅប្រទេសមីយ៉ាន់ម៉ាបាននិយាយថា “បណ្ដាញសង្គមបានដើរតួនាទីសំខាន់មួយនៅប្រទេសនេះ។”

គាត់បានបន្ថែមទៀតថា “វាបានចូលរួមក្នុងការបង្កើតអារម្មណ៍មិនពេញចិត្ត ការមិនស្របគ្នា និងជម្លោះរវាងប្រជាជនក្នុងកម្រិតមួយ។ នៅក្នុងប្រទេសមីយ៉ាន់ម៉ា Facebook គឺជាបណ្ដាញសង្គមដែលប្រជាជនប្រើច្រើនជាងគេ។”

លោកស្រី Yanghee Lee

អ្នកស៊ើបអង្កេតមកពីអង្គការសហប្រជាជាតិទៅលើប្រទេសមីយ៉ាន់ម៉ា លោកស្រី Yanghee Lee បាននិយាយថា “Facebook គឺជាផ្នែកមួយនៃការរស់នៅរបស់ប្រជាជននៅទីនេះ ហើយរដ្ឋាភិបាលបានប្រើវាដើម្បីឃោសនានយោបាយរបស់គេ។”

គាត់បានបន្ថែមទៀតថា “គេធ្វើអ្វីគ្រប់យ៉ាងលើ Facebook។ ហើយ Facebook ក៏បានជួយប្រទេសក្រីក្រនេះដែរ ក៏ប៉ុន្តែពេលនេះវាត្រូវបានគេប្រើដើម្បីសាយភាយសំដីស្អប់ខ្ពើមពូជសាសន៍ទៅវិញ។”

គាត់បន្តទៀតថា “មានក្រុមពុទ្ធសាសនិកជ្រុលនិយមខ្លះបានចែករំលែកភាពស្អប់ខ្ពើម និងជំរុញឲ្យមានអំពើហឹង្សាចំពោះជនជាតិ Rohingya និងជនជាតិភាគតិចផ្សេងៗទៀត។” “Facebook បានក្លាយទៅជាសត្វសាហាវមួយ ដែលគ្មានអ្នកណាចង់បង្កើតនោះទេ។”

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុននេះធ្លាប់បានផ្អាកគណនីលោកសង្ឃ ដែលបានចែករំលែកពាក្យស្អប់ខ្ពើមពីមុនមក។ ហើយគេក៏បាននិយាយថា “បើសិនជាមនុស្សម្នាក់ចែករំលែករឿងដែលជំរុញការស្អប់ខ្ពើម យើងនឹងអាចផ្អាកគណនីគេឬលុបគណនីនោះតែម្ដង”៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]