អង្ករក្រហម បើនិយាយពីប្រជាជនខ្មែរអ្នកណាដែលថាមិនស្គាល់នោះ ប៉ុន្តែវាបែរជាមិនត្រូវបានគេនិយមទទួលទានដូចជាអង្ករ.សធម្មតាទៅវិញ ដោយគេយល់ថាវាជាអង្ករដែលមានតម្លៃថោកមិនសាកសមនៅក្នុងការទទួលក្នុងគ្រួសារ ជាពិសេសគឺគុណភាពសាច់អង្កររឹង មិនទន់ និងមិនមានរសជាតិឆ្ងាញ់ពិសាជាដើម។ កំហុសឆ្គងដ៏ធំបស់មនុស្សទាំងអស់គ្នានោះ គឺការមើលរំលងអង្ករក្រហមដែលមានប្រយោជន៍មួយនេះ ព្រោះគេបានរកឃើញថា អង្ករក្រហមនេះសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗខ្ពស់ណាស់ដូចជា៖ ជាតិកាកសរសៃអាហារ វីតាមីន B1 B2 ជាតិដែក ជាតិកាល់ស្យូម និងសារធាតុមានប្រយោជន៍ជាច្រើនទៀត ដែលអាចជួយដល់សុខភាពបានយ៉ាងច្រើនសន្ធឹកសន្ធាប់ខ្លាំងណាស់។ ផ្ទុយទៅវិញអង្ករពណ៌ស ត្រូវបានគេសម្រិតឱ្យមានពណ៌សស្អាត បាត់បង់សារធាតុចិញ្ចឹម និងវីតាមីនសំខាន់ៗអស់ ដែលមានបន្សល់ត្រឹមតែជាតិស្ករអាចធ្វើឱ្យមានបញ្ហាសុខភាពតែប៉ុណ្ណោះ។

ចង់ដឹងថា អង្ករក្រហមមានប្រយោជន៍ និងគុណតម្លៃសម្រាប់សុខភាពខុសពីអង្ករពណ៌សធម្មតាអ្វីខ្លះ មកតាមដានទាំងអស់គ្នា៖

អង្ករក្រហម

១.សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី

អង្ករក្រហម ជាប្រភពនៃជាតិដែក និងម៉ងហ្គាណែស ដែលអាចជួយផ្តល់ថាមពលរាងកាយ ផលិតអង់ស៊ីម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពាររាងកាយពីផលប៉ះពាល់ផ្សេងៗ។ បន្ថែមពីនេះ ជាតិសង្កសី និងរ៉ែសំខាន់ៗដ៏ច្រើនលើសលប់នៅក្នុងអង្ករក្រហម ថែមទាំងអាចជួយធ្វើឱ្យមុខរបួសផ្សេងៗលើរាងកាយឆាប់ជាសះស្បើយ និងការពារការឆ្លងមេរោគបាក់តេរី ឬជំងឺផ្សេងៗបានទៀតផង។

សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរីការពារពិជំងឺផ្សេងៗ

២. វីតាមីន B6

អង្ករក្រហមមានផ្ទុកនូវវីតាមីន B6 ដែលជាសារធាតុសំខាន់ដែលមានប្រយោជន៍សម្រាប់សរីរាង្គទាំងមូល ថែមទាំងអាចជួយបង្កើនតុល្យភាពនៃអរម៉ូន Serotonin ជួយបង្កើនកម្រិតគ្រាប់ឈាមក្រហមដើម្បីផលិតកោសិកា DNA ព្រមទាំងការពារអាការខ្វះឈាម និងស្លេកស្លាំងជាដើមបានផងដែរ។

វីតាមីន B6 បង្កើនគ្រាប់ឈាម ការពារខ្វះឈាម ​និងជំងឺស្លេកស្លាំង

៣.បញ្ចុះជាតិខ្លាញ់កូឡេស្តឺរ៉ល

តាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា អង្ករក្រហមមានផ្ទុកនូវសារធាតុ Monacolin K. ដែលមានគុណប្រយោជន៍ដូចជាថ្នាំ Lovastatin ដែលត្រូវបានគេប្រើប្រាស់ជាគ្រាប់ថ្នាំបញ្ចុះជាតិខ្លាញ់កូឡេស្តឺរ៉ល។ ដូច្នេះការទទួលទានបាយគ្រាប់អង្ករក្រហមអាចជួយកាត់បន្ថយជាតិខ្លាញ់បាន តែសម្រាប់អ្នកដែលមានជំងឺទាក់ទងនឹងថ្លើម ស្ត្រីដែលកំពុងមានផ្ទៃពោះ និងកុមារដែលមានអាយុក្រោម ១៨ឆ្នាំមិនត្រូវទទួលទានអង្ករក្រហមទេ ព្រោះវាអាចធ្វើឱ្យមានជាតិហ្គាសក្នុងខ្លួន មានអាការចុកច្អល់ ឬក្រហាយក្នុងទ្រូង និងឈឺក្បាលវិលមុខជាដើម។

បញ្ចុះជាតិខ្លាញ់កូឡេស្តឺរ៉ល

៤. ការពារជំងឺបេះដូង

ដោយសារតែអង្ករក្រហម មានប្រសិទ្ធភាពនៅក្នុងការកាត់បន្ថយជាតិខ្លាញ់កូឡេស្តឺរ៉លអាក្រក់ដែលផ្តល់ផលអាក្រក់ដល់រាងកាយពីការកកស្ទះសរសៃឈាម ដូច្នេះវាអាចជួយថែរក្សាបេះដូងឱ្យមានសុខភាពល្អ បង្រួមសរសៃឈាម រារាំងសរសៃឈាមដែលកកស្ទះ និងកាត់បន្ថយហានិភ័យនៃជំងឺពាក់ព័ន្ធនឹងជំងឺបេះដូងជាច្រើនមុខដូចជា៖ ជំងឺបេះដូង ជំងឺសរសៃឈាមបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

ការពារជំងឺបេះដូង

៥. កាត់បន្ថយជាតិស្ករក្នុងឈាម

ដូចដែលអ្នកបានដឹងរួចមកហើយថា ការដែលបណ្តោយឱ្យជាតិស្ករក្នុងឈាមឡើងលើសកម្រិតអាចធ្វើឱ្យអ្នកកើតមានជំងឺទឹកនោមផ្អែម ថែមទាំងអាចប៉ះពាល់ដល់ការមើលឃើញ ប៉ះពាល់ដល់តម្រងនោម និងសរសៃឈាមបេះដូងជាដើម។ ដូច្នេះហើយការទទួលទានអង្ករក្រហម ក៏ត្រូវបានគេស្រាវជ្រាវរកឃើញថា អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន ថែមទាំងអាចជំនួយសុខភាពអ្នកដែលកើតជំងឺទឹកនោមផ្អែមថែមទៀតផង។

កាត់បន្ថយជាតិស្ករក្នុងឈាម

៦.កាត់បន្ថយហានិភ័យនៃជំងឺធាត់

អង្ករក្រហមអាចផ្តល់ថាមពលរាងកាយ និងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ព្រមទាំងដុតបំផ្លាញជាតិខ្លាញ់បានលឿនផងដែរ។ បន្ថែមពីនេះ ការទទួលទានអង្ករក្រហមអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនសូវឃ្លាន និងលែងទទួលទានអាហារច្រើនផ្តេសផ្តាសដូចមុន ដែលមានប្រយោជន៍នៅក្នុងការសម្រកទម្ងន់ និងកាត់បន្ថយជំងឺធាត់ហួសប្រមាណបានផងដែរ។

កាត់បន្ថយហានិភ័យនៃជំងឺធាត់

៧.ប្រឆាំងនឹងជំងឺហឺត

អង្ករក្រហម ថែមទាំងជាប្រភពនៃជាតិម៉ាញ៉េស្យូម ដែលអាចជួយគ្រប់គ្រងប្រព័ន្ធផ្លូវដង្ហើមឱ្យដំណើរការល្អជាធម្មតា និងកាត់បន្ថយហានិភ័យនៃជំងឺហឺតបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ តែប្រសិនជាអ្នកកើតមានជំងឺហឺតរួចមកហើយ អ្នកត្រូវតែពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតជំនាញជាមុនសិនថា អ្នកទទួលទានបានឬក៏អត់?

ប្រឆាំងនឹងជំងឺហឺត

៨.ជំនួយស្បែក

អង្ករក្រហមមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចរារាំងរ៉ាឌីកាល់សេរីដែលប៉ះពាល់ដល់សុខភាពស្បែកបាន ថែមទាំងជំនួយស្បែកឱ្យមានភាពស្រស់ថ្លា ការពារស្នាមជ្រីវជ្រួញ បន្តឹងស្បែក និងកាត់បន្ថយបញ្ហាស្បែកដែលទទួលរងឥទ្ធិពលពីកាំរស្មីយូវី (UV) ផងដែរ ។

ជំនួយស្បែក

៩.ល្អសម្រាប់សុខភាពឆ្អឹង

អង្ករក្រហម ពោរពេញទៅដោយជាតិម៉ាញ៉េស្យូម និងកាល់ស្យូម ដែលអាចជំនួយសុខភាពឆ្អឹងរឹងមាំបាន ដោយគេបានរកឃើញថា ប្រសិនជាអ្នកកង្វះសារធាតុសំខាន់ៗទាំងនេះ វានឹងធ្វើឱ្យអង់ស៊ីតេឆ្អឹងធ្លាក់ចុះ បង្កជាជំងឺពុកឆ្អឹងបានផងដែរ។ បន្ថែមពីនេះ ការទទួលទានអង្ករក្រហមជាប្រចាំ អាចជួយការពារអ្នកពីបញ្ហាឈឺចុកចាប់ឆ្អឹងឆ្អែង និងសន្លាក់បានផងដែរ។

ល្អសម្រាប់សុខភាពឆ្អឹង

១០.សម្បូរទៅដោយកាកសរសៃអាហារ

អង្ករក្រហមមានផ្ទុកទៅដោយជាតិកាកសរសៃអាហារដ៏ច្រើនលើសលប់ ដែលមានប្រយោជន៍ជាច្រើនរួមមាន៖

- អាចជួយការពារ និងព្យាបាលអាការទល់លាមកបានល្អ

- បង្កើនសុខភាពក្រពះពោះវៀន ធ្វើឱ្យប្រព័ន្ធរំលាយអាហារមានភាពល្អប្រសើរជាងមុន

- ផ្តល់ថាមពលជំនួយសុខភាពរាងកាយបានល្អទៀតផង៕  

សម្បូរទៅដោយកាកសរសៃអាហារជំនួយក្រពះ ពោះវៀន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]