អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ Barcelona គឺជាគោលដៅសំខាន់មួយ របស់កីឡាករបាល់ទាត់ស្ទើរគ្រប់រូប ដោយសារតែ ក្រុមមួយនេះមានឈ្មោះល្បីល្បាញ ព្រមទាំងមានអ្នកគាំទ្ររាប់លាននាក់ នៅលើសកលលោកទៀតផង។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី មិនមែនឲ្យតែកីឡាករក្លិប Barcelona គឺសុទ្ធតែមានអារម្មណ៍សប្បាយចិត្ត ឬពេញចិត្តជាមួយនឹងក្រុមនោះឡើយ។ 

ជាក់ស្តែង កាលពីថ្មីៗនេះ នៅក្នុងកិច្ចសម្ភាសន៍មួយ ខ្សែបម្រើក្រុមអ្នកមានបុណ្យ កីឡាករ Andre Gomes បានសារភាពប្រាប់ថា ខ្លួនពិតជាមានការខ្មាសអៀនយ៉ាងខ្លាំង រហូតដល់ថ្នាក់មិនហ៊ានចាកចេញពីផ្ទះ ដោយសារតែ ទម្រង់លេងរបស់ខ្លួននៅក្នុងក្រុម Barcelona មិនសូវជាល្អប៉ុន្មានឡើយ។

គួរឲ្យដឹងថា ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់ រូបនេះ ត្រូវបាន Barcelona ទិញយកពីក្លិប Valencia តាំងតែពីខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ក្នុងតម្លៃខ្លួន ៤៣លានដុល្លារអាមេរិក ប៉ុន្តែចាប់តាំងពីការមកលេងនៅទឹកដី Nou Camp កីឡាកររូបនេះ អាចស៊ុតបាល់បញ្ចូលទីបានត្រឹមតែ ៣គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនចំនួន ៧២ដង។

កីឡាករ Andre Gomes បានប្រាប់ទស្សនាវដ្ដី Panenka ថា៖ 

កីឡាករ Andre Gomes
«ប្រហែលជាវាមិនមែនជាពាក្យល្អនោះទេ ប៉ុន្តែជីវិតនៅក្លិប Barcelona ប្រៀបបីដូចជា ឋាននរកយ៉ាងអីុចឹង ព្រោះពេលនេះ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថា មានសម្ពាធខ្លាំងណាស់។ អារម្មណ៍ដែលខ្ញុំមានក្នុងពេលធ្វើការប្រកួត គឺអាក្រក់ណាស់ ហើយបើទោះបីជាមិត្តរួមក្រុមរបស់ខ្ញុំ បានព្យាយាមជួយលើកទឹកចិត្តខ្ញុំយ៉ាងច្រើនក៏ដោយ ក៏ប៉ុន្តែរឿងខ្លះ នៅតែមិនអាចធ្វើទៅបានតាមគន្លង ដែលពួកយើងចង់បានឡើយ។ មានពេលខ្លះ ខ្ញុំមិនចង់ចាកចេញពីផ្ទះទេ ព្រោះគ្រប់គ្នាតែងតែមើលមកខ្ញុំ សូម្បីតែដើរតាមផ្លូវ ក៏ខ្ញុំមិនហ៊ានដែរ ដោយសារតែ មានអារម្មណ៍អៀនខ្មាស» ៕
Andre Gomes ពេលនៅលេងឲ្យក្លិប Valencia
Andre Gomes ពេលលេងឲ្យក្រុមជម្រើសជាតិព័រទុយហ្កាល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]