ចិន៖ បញ្ហាធំមួយដែលរាំងស្ទះមិនឲ្យមាន ការប្រើប្រាស់បន្ទះសូឡាគ្រប់ទីកន្លែងដើម្បីទាញយកថាមពលពីព្រះអាទិត្យនោះគឺ ភ្លៀង។

បន្ទះសូឡាគឺបង្កើតឡើង ដើម្បីបំលែងពន្លឺព្រះអាទិត្យទៅជាអគ្គិសនី ក៏ប៉ុន្តែនៅពេលដែលមានពពក ឬភ្លៀង បន្ទះសូឡាក៏ដូចជាគ្មានប្រយោជន៍ដែរ។ បើទោះបីជាគេមានអាគុយដូចជា Tesla Powerwall ដែលជាបច្ចេកវិទ្យា ដែលបានបង្កើតឡើងដើម្បីស្តុកទុកថាមពលសម្រាប់ថ្ងៃណាដែលគ្មានពន្លឺព្រះអាទិត្យពិតមែន ក៏ប៉ុន្តែបច្ចេកវិទ្យានេះមិនល្អ និងមិនថោកគ្រប់គ្រាន់សម្រាប់ ឲ្យអ្នកដែលរស់នៅក្នុងតំបន់ដែលមិនសូវមានពន្លឺព្រះអាទិត្យមកប្រើបន្ទះសូឡានោះទេ។

ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ Soochow នៃប្រទេសចិនបានរកឃើញដំណោះស្រាយមួយសម្រាប់បញ្ហានេះ។ គេបានរកឃើញវិធីធ្វើឲ្យបន្ទះសូឡា អាចទាញយកថាមពលពីទឹកភ្លៀងបានថែមទៀត។

រូបតំណាង

បច្ចេកវិទ្យាថ្មីមួយដែលគេហៅថា TENG នឹងអាចឲ្យបន្ទះសូឡាបង្កើតថាមពលបាននៅពេលមានចលនាទឹកភ្លៀងធ្លាក់ប៉ះបន្ទះសូឡា។ បច្ចេកវិទ្យានេះអាចទាញយកថាមពលពីចលនាទាំងអស់ ទោះបីជាវាតូចយ៉ាងណាក៏ដោយ។

អ្នកស្រាវជ្រាវដែលបានរកឃើញបច្ចេកវិទ្យាថ្មីនេះ បានបង្កើតបន្ទះសូឡាកូនកាត់មួយ ដែលទាញថាមពលទាំងពីពន្លឺព្រះអាទិត្យ និងទឹកភ្លៀង ហើយគេបានធ្វើឲ្យប្រាកដថាបន្ទះនេះមិនធ្ងន់ពេកនោះទេ ដើម្បីអាចប្រើវានៅលើដំបូលផ្ទះបាន។

បើសិនជាអ្នកស្រាវជ្រាវអាចរកវិធីបង្កើតផលិតផលនេះ ក្នុងតម្លៃមួយថោកជាងនេះបាន វានឹងក្លាយជាផលិតផលដ៏អស្ចារ្យមួយ ដែលនឹងផ្លាស់ប្ដូរការប្រើបន្ទះសូឡាទាំងស្រុង។  វានឹងធ្វើឲ្យការប្រើថាមពលពីព្រះអាទិត្យ ក្លាយទៅជាវិធីដ៏មានប្រសិទ្ធភាពមួយ បើទោះជានៅតំបន់ដែលមិនសូវមានពន្លឺព្រះអាទិត្យក៏ដោយ។

រូបតំណាង

បន្ទះសូឡាបានក្លាយជាវិធីទាញយកថាមពល ដែលគេចាប់ផ្តើមប្រើលឿនជាងគេមួយ បើទោះបីជាពេលខ្លះវាមានបញ្ហាប្រឈមជាមួយអាកាសធាតុក៏ដោយ។ ភាពពេញនិយមបែបនេះបានធ្វើឲ្យតម្លៃនៃបន្ទះសូឡាធ្លាក់ចុះ ដល់ទៅ ៥៨% ឯណោះតាំងពីឆ្នាំ ២០១២មក។

ភ្នាក់ងារថាមពលអន្តរជាតិបានរំពឹងថា វិធីទាញថាមពលដែលមិនប៉ះពាល់ដល់បរិស្ថានដែលបូករួមទាំងព្រះអាទិត្យ  ខ្យល់  និងទឹក  អាចត្រូវគេប្រើច្រើនដល់ទៅ ៤០%នៃពិភពលោកបាននៅត្រឹមឆ្នាំ២០៤០។  ការទាញយកថាមពលតាមព្រះអាទិត្យ ខ្យល់  ទឹក  បែបនេះ កំពុងរីកលូតលាស់ និងទទួលការពេញនិយមខ្លាំងជាងវិធីផ្សេងៗទៀត៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]