អេស្ប៉ាញ៖ កីឡាករចំណូលថ្មី របស់ក្លិបអ្នកមានបុណ្យ Philippe Coutinho បានបង្ហាញចំណាប់អារម្មណ៍ចង់លេងជុំគ្នាជាមួយ Neymar វិញ បើសិនខ្សែប្រយុទ្ធនេះ ចង់ចាកចេញពី PSG។

កីឡាករ Coutinho បានថ្លែងប្រាប់កាសែតក្នុងស្រុកថា ខ្លួនតែងតែគាំទ្រនូវការលេងរបស់ Neymar ហើយបានសរសើរកីឡាករ ខ្សែប្រយុទ្ធស្លាបរូបនេះថា ជាកីឡាករល្អម្នាក់ ដែលក្រុមណាៗក៏សុបិនចង់បានរូបគេ ហើយសូម្បីតែក្រុម Barcelona ក៏នឹងស្វាគមន៍ជានិច្ច ក្នុងការវិលត្រលប់មកវិញរបស់ Neymar ដែរ។

កីឡាករ Philippe Coutinho និង កីឡាករ Neymar

កីឡាករ Coutinho មិនមែនជាកីឡាករដំបូងទេ ដែលចង់ឲ្យ Neymar ត្រលប់មកទឹកដី Camp Nou វិញ។ ព្រោះជាក់ស្តែង សូម្បីតែកីឡាករ Ivan Rakitic ក៏បាននិយាយប្រាប់អ្នកសារព័ត៌មាន កាលពីសប្តាហ៍មុនថា រូបគេក៏ចង់ឃើញវត្តមានកីឡាករ Neymar ត្រលប់មកលេងឲ្យក្លិបអ្នកមានបុណ្យវិញផងដែរ។

កីឡាករ Neymar និង កីឡាករ Ivan Rakitic

គួរឲ្យដឹងថា កីឡាករ Neymar បានផ្លាស់ប្តូរក្លិបទៅលេងឲ្យក្រុមបារាំង PSG កាលពីឆ្នាំមុន ក្នុងតម្លៃខ្លួន ១៩៨លានអឺរ៉ូ (ប្រហែល ២៤៤លានដុល្លារអាមេរិក) ដោយបានបង្ហាញខ្លួន បានចំនួន ២៩ដង (គ្រប់ក្របខ័ណ្ឌ) និងស៊ុតបញ្ចូលទីបាន ២៧គ្រាប់។

ប៉ុន្តែខណៈពេលប្រកួតជាមួយក្រុម Marseille កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានភ្លាត់កែងជើង បណ្តាលឲ្យមានរបួសធ្ងន់ រហូតដល់ត្រូវវះកាត់ផងដែរ។

លុះបន្ទាប់ពីក្រុម Paris Saint-Germain បានចាញ់ក្រោមដៃក្រុម Real Madrid ទាំងពីរជើងនៅក្នុងក្របខ័ណ្ឌ UEFA Champions League ស្រាប់តែលេចឭ ពាក្យចចាមអារ៉ាមថា កីឡាករ Neymar ស្តាយក្រោយនូវការសម្រេចចិត្ត ចាកចេញពី Barcelona ព្រមទាំងមានគម្រោងទៅលេងឲ្យក្លិបអ្នកមានបុណ្យវិញ នៅរដូវកាលក្រោយនេះ ៕ 

កីឡាករ Neymar ខណៈពេលរបួសជើងក្នុងពេលប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]