មនុស្សមិនតិចទេដែលធ្លាប់មានបទពិសោធន៍កើតមានអាការចេះតែក្តៅក្នុងពោះ ឬក្រហាយក្រពះជាដើម ដោយសារក្រពះរងការរលាក  ឬមានសភាពក្រហល់ក្រហាយផ្សេងៗដោយសារប្រព័ន្ធរំលាយអាហារធ្វើការលឿនពេក  ឬប្រព័ន្ធរំលាយអាហារធ្វើការធ្ងន់ និងពិបាកធ្វើការរំលាយអាហារ ដែលជាហេតុធ្វើឱ្យក្រពះឡើងកម្តៅខ្លាំងផងដែរ។

បន្ថែមពីនោះ មានមូលហេតុមួយចំនួនដែលធ្វើឱ្យក្រពះរបស់អ្នកឡើងកម្តៅ ដែលជាហេតុធ្វើឱ្យអ្នកមានអាការក្រហាយក្នុងពោះ ឬក្រពះ ដូចជា៖

- ទទួលទានអាហារដែលហឹរខ្លាំងពេក

- ទទួលទានអាហារច្រើនពេក

- ការទទួលទានគ្រឿងស្រវឹង ឬភេសជ្ជៈដែលមានជាតិហ្គាសហួសប្រមាណ

- ការប្រើថ្នាំបំបាត់ការឈឺចុកចាប់ច្រើនពេក

- មិនសូវបញ្ចេញសកម្មភាពរាងកាយ (រស់នៅស្រណុកពេក)

- ជំងឺដំបៅក្រពះ។

បើទោះបីជា អាការក្តៅ ឬក្រហាយពោះនេះ មិនមែនជាបញ្ហាធ្ងន់ធ្ងរយ៉ាងណាក៏ដោយតែការដែលបណ្តោយឱ្យអាការនេះចេះតែកើតមាន វាអាចបង្កជាបញ្ហាសុខភាពមួយចំនួនបានផងដែរនៅពេលខាងមុខ។ ជាការពិតណាស់គេបានរកឃើញដែរថា តាមរយៈការទទួលទានចំណីអាហារល្អៗ ក៏អាចធ្វើការព្យាបាល និងធ្វើឱ្យធូរស្រាលពីអាការឡើងកម្តៅក្រពះ និងកាត់បន្ថយកម្រិតជាតិអាស៊ីតនៅក្នុងក្រពះបានផងដែរ ដោយមិនបាច់ប្រើថ្នាំពេទ្យ ប្រសិនជាគ្មានករណីចាំបាច់ ឬធ្ងន់ធ្ងរណាមួយកើតឡើងទេនោះ។

ខាងក្រោម ជាអាហារដែលអាចជួយដោះស្រាយបញ្ហាអាការក្តៅពោះ ឬក្រហាយក្រពះ៖

ទទួលទានអាហារដែលហឹរខ្លាំងពេក

១.ទឹកដោះគោជូរ

បើទោះបីជាផលិតផលទឹកដោះគោភាគច្រើន សុទ្ធតែធ្វើឱ្យក្រពះពិបាកធ្វើការ និងរំលាយអាហារក៏ពិតមែន តែសម្រាប់ទឹកដោះគោជូរគឺល្អបំផុតសម្រាប់សុខភាពក្រពះពោះវៀន។ ​វាមានផ្ទុកនូវបាក់តេរីល្អៗ ដែលអាចជួយបន្ថយកម្តៅក្រពះ និងជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អជាងមុន។ ដូច្នេះអ្នកដែលមានអាការក្តៅពោះ ឬក្រហាយក្រពះ អាចឧស្សាហ៍ទទួលទានទឹកដោះគោជូរដើម្បីសម្រាលការឈឺចាប់។

ទឹកដោះគោជូរ

២. ទឹកដោះគោត្រជាក់

ទឹកដោះគោត្រជាក់ដែលអ្នកទុកក្នុងទូទឹកកក ឬបន្ថែមទឹកកក ខុសពីទឹកដោះគោធម្មតា ហើយវាក៏មានអត្ថប្រយោជន៍ជាច្រើនផងដែរ។ ការទទួលទានទឹកដោះគោត្រជាក់ជួយបន្ថយ កម្តៅនិងជាតិអាស៊ីតនៅក្នុងក្រពះបាន​ ដូច្នេះការទទួលទានទឹកដោះគោឆៅដែលទុកឱ្យត្រជាក់មួយកែវជារៀងរាល់ថ្ងៃអាចដោះស្រាយបញ្ហាក្តៅឬក្រហាយពោះបាន។

ទឹកដោះគោត្រជាក់

៣.បាយដែលដាំឆ្អិន

បាយដែលដាំឆ្អិនធម្មតាក៏អាចជួយធ្វើឱ្យក្រពះចុះត្រជាក់ និងកាត់បន្ថយបរិមាណជាតិអាស៊ីតក្នុងក្រពះបានផងដែរ។ អ្នកអាចទទួលទានបាយដែលដាំឆ្អិនទទេ ដោយមិនត្រូវដាក់គ្រឿងផ្សំអ្វីទាំងអស់ តែអាចទទួលទានជាមួយនឹងទឹកដោះគោជូរមួយកែវបាន ដើម្បីឱ្យអាការក្តៅពោះ ឬក្រហាយក្រពះឆាប់ធូរស្រាល។

បាយដែលដាំឆ្អិន

៤.ភេសជ្ជៈដែលមានធាតុត្រជាក់

ពពួករុក្ខជាតិជាឱសថធម្មជាតិមួយចំនួនដែលមានធាតុត្រជាក់ ដូចជាជីរអង្កាមជាដើម មិនត្រឹមតែមានប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ  វាថែមទាំងអាចជួយបន្ថយកម្តៅក្នុងក្រពះ និងកាត់បន្ថយកម្រិតជាតិអាស៊ីតក្រពះបានយ៉ាងប្រសើរទៀតផង។ដូច្នេះចង់ឱ្យឆាប់ធូរស្រាល ពីការឈឺចាប់ អ្នកអាចទទួលទានតែជីរអង្កាមមួយពែងបាន

ភេសជ្ជៈដែលមានធាតុត្រជាក់

៥.ផ្លែឈើដែលសម្បូរជាតិទឹក

ផ្លែឈើដូចជា ផ្លែប៉ោម ឪឡឹក ត្រសក់ ផ្លែប៉េស ជាដើម  គឺសុទ្ធតែសម្បូរទៅដោយជាតិទឹកអាចជំនួយដល់ប្រព័ន្ធរំលាយអាហារ ធ្វើឱ្យក្រពះចុះត្រជាក់ និងបន្ថយជាតិអាស៊ីតនៅក្នុងក្រពះបាន លើកលែងតែផ្លែឈើដែលជាពពួកផ្លែក្រូច (សម្បូរទៅដោយជាតិអាស៊ីត)។ ដូច្នេះអ្នកអាចទទួលទានពពួកផ្លែឈើទាំងអស់នេះ ដើម្បីធ្វើឱ្យអាការឈឺចុកចាប់ និងក្រហាយក្នុងក្រពះរបស់អ្នកឆាប់បានធូរស្រាល។

ផ្លែឈើដែលសម្បូរជាតិទឹក

៦. ទទួលទានទឹកឱ្យបានច្រើន

ការទទួលទានទឹកឱ្យបានច្រើន អាចជួយកាត់បន្ថយកម្តៅក្រពះ និងអាការក្រហាយពោះបាន។  ទឹកអាចជួយបណ្តេញជាតិពុលចេញពីក្នុងខ្លួន និងធ្វើឱ្យកម្តៅក្នុងរាងកាយថយចុះ ជាពិសេសធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អជាងមុនផងដែរ។

ទទួលទានទឹកឱ្យបានច្រើន

៧.ទឹកដូង

ជាតិអាល់កាឡាំង ដែលមាននៅក្នុងទឹកដូងអាចជួយធ្វើឱ្យរាងកាយទាំងមូល និងក្រពះចុះត្រជាក់ និងកាត់បន្ថយជាតិអាស៊ីតនៅក្នុងក្រពះ។ ដូច្នេះការទទួលទានទឹកដូង អាចជួយសម្រាលអាការក្តៅក្នុងពោះ ឬក្រហាយក្រពះបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

ទឹកដូង

បន្ថែមពីនេះ ដើម្បីកាត់បន្ថយនិងព្យាបាលអាការក្តៅពោះ ឬក្រហាយក្រពះកាន់តែមានប្រសិទ្ធភាព  អ្នកអាចទទួលទានបន្ថែមជាមួយនឹងបន្លែ និងផ្លែឈើដែលមានប្រយោជន៍ដូចជា៖ ពពួកបន្លែបៃតង ផ្លែប៉ោម ទឹកដោះគោ ជាដើម។ ជាពិសេសមិនត្រូវទទួលទានអាហារដែលធ្វើឱ្យក្រពះកាន់តែធ្វើការធ្ងន់ធ្ងរជាងមុនដូចជា៖ ពពួកម្ទេសហឹរ សម្បកឈើអែម ឬយីហ៊ុប (Cinnamon) ខ្ទឹមស ខ្ទឹមបារាំង សាច់ ឈីស សូកូឡា តែ និងអាហារជាច្រើនមុខផ្សេងទៀតដែលធ្វើឱ្យក្តៅក្នុងពោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]