រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​ទើបនឹង​ទិញ​បាន​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ថ្មី​ៗ ហើយ​គាត់​បាន​ចេះ​បើក​ស្ទើរភ្លើង​បាន​ខំរៀន​បើកបរ​បន្ត​ទៀត ដើម្បី​ឲ្យ​ស្ទាត់ជំនាញ ។ ប៉ុន្តែ​ជា​អកុសល​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចៅស្រី​ខ្លួនឯង​២​នាក់ ដែល​កំពុង​អង្គុយ​លេង​នៅ​តាម​ចិញ្ចើម​ផ្លូវ រុញ​ផ្ទប់​ទៅ​នឹង​របង​ថ្ម បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសស្រាល​ម្នាក់ ហើយ​របង​ថ្ម​បាន​បាក់​អស់​១​ផ្ទាំង បន្ទាប់​មក​គាត់​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។

ចៅស្រីដែលត្រូវជីតាបុកស្លាប់

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវលំ ស្ថិត​នៅ​ក្នុងភូមិ​ឃ្លះ​សណ្តាយ សង្កាត់​ពងទឹក ។ តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ចំណាស់​ខាងលើ​ឈ្មោះ ទី បាន អាយុ​៥២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​កើតហេតុ គាត់​ទើប​ទិញ​បាន​រថយន្ត​១​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AH-៣៧៦៥ ។ បុរស​នេះ​បាន​រៀន​បើកបរ​រថយន្ត​នេះ ហើយ​បាន​ជ្រុល​ទៅ​បុក​ចៅស្រី​ជីដូនមួយ​របស់​ខ្លួនឯង​ម្នាក់ ឈ្មោះ សំណាង ពិសី អាយុ​៥​ឆ្នាំ ជា​សិ​ស្សា​សា​លាម​ត្តេ​យ្យ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួសស្រាល ។

ឡានបង្កហេតុ

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្មេង​ស្រី​រង​គ្រោះ​គឺជា​កូនកំព្រា ដោយ​បុរស​ជា​ឪពុក​របស់​នាង​បាន​ទៅ​មាន​ប្រពន្ធ​ថ្មី​ផ្សេង​ទៀត និង​បាន​ទៅ​រស់នៅ​ឯ​ស្រុក​ផ្សេង​បាត់​ហើយ ចំណែក​ស្ត្រី​ជា​ម្តាយ​បាន​ស្លាប់​ចោល​នាង​បាត់​ទៀត ។ សព្វថ្ងៃ​នាង​បាន​រស់នៅ​ជាមួយ​ម្តាយមីង​ម្នាក់​ទៀត​ឈ្មោះ ថន ស្រី​មុំ អាយុ​៣២​ឆ្នាំ មុខរបរ​នៅ​ក្នុងភូមិ សង្កាត់​កើតហេតុ​ខាងលើ ហើយ​ពេល​នេះ​បែរជា​ជួប​នៅ​គ្រោះ​អកុសល​បែប​នេះ​ទៅ​វិញ ។

សាច់ញាតិ​ក្មេង​ស្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រូវជា​ជីតា​ជីដូនមួយ​នេះ ទើបតែ​ទិញ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​១​គ្រឿង បាន​រយៈពេល​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ ហើយ​គាត់​មិន​ទាន់​ចេះ​បើកបរ​ស្ទាត់ជំនាញ​នៅឡើយ ។ នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​រៀន​បើកបរ​រថយន្ត​នោះ​ដោយ​ខ្លួនឯង គ្មាន​គ្រូ​ដើម្បី​បង្ហាត់បង្រៀន​គាត់​ទេ ទាំង​មិន​មាន​គ្រូបង្រៀន​ឡើយ ដោយ​បាន​បើក​ក្រឡឹង​តាម​ផ្លូវ​លំនៅ​ក្នុង ។ លុះ​បើក​បាន​២​ទៅ​៣​ជុំ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​ខាងឆ្វេង​ដៃ​បុក​ចៅស្រី​ទាំង​២​នាក់​ដែល​កំពុង​អង្គុយ​លេង​ចិញ្ចើម​ផ្លូវ រុញ​ផ្ទប់​នឹង​របង​ថ្ម បណ្ដាល​ឲ្យ​ម្នាក់ និង​រង​របួសស្រាល​ម្នាក់ មិនតែប៉ុណ្ណោះ​បាន​បណ្ដាល​ឲ្យ​បាក់​រលំ​របង​ថ្ម​អស់​១​ផ្ទាំង​ថែម​ទៀត ។

សាកសពកុមារីរងគ្រោះ

ក្រោយ​កើតហេតុ នគរបាល​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​ព្រមទាំង​ឃាត់ខ្លួន​បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​ខាងលើ​រួច​បាន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ បន្ទាប់​មក​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ទីកន្លែងកើតហេតុ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]