អាមេរិក៖ អ្នកវិទ្យាសាស្ត្របានចេញលិខិតមួយព្រមានពិភពលោកពីអនាគតរបស់វា ដែលក្នុងនោះ គេបានប៉ាន់ស្មានពីមហន្តរាយនៃមនុស្សលោកដែលកំពុងតែក្លាយជាការពិតកាន់តែខ្លាំងទៅៗហើយ។

លិខិតដែលចេញលើកដំបូងនៅខែវិច្ឆិកាឆ្នាំមុន ពេលនេះបានទទួលហត្ថលេខាពីអ្នកវិទ្យាសាស្ត្រ ២ម៉ឺននាក់។ ហើយមានមនុស្សជាច្រើនក្នុងពិភពលោកកំពុងមានចំណាប់អារម្មណ៍ទៅលើវា។ អ្នកចេញលិខិតនេះបានអះអាងថាវាកំពុងតែជះឥទ្ធិពលលើគោលនយោបាយប្រទេសជាច្រើន។

ទឹកជំនន់

លិខិតថ្មីនេះជាការកែសម្រួលពីលិខិតមួយដែលបានចេញពី ២៥ឆ្នាំមុន ដែលទទួលបានជិត ២ពាន់ហត្ថលេខា។ គេបាននិយាយថាពិភពលោកបានផ្លាស់ប្ដូរច្រើនណាស់ តាំងពីពេលលិខិតដំបូងបានចេញមក ហើយការផ្លាស់ប្ដូរភាគច្រើនគឺប្ដូរទៅជាអាក្រក់ជាងកាលពីមុន។ 

គ្រោះធម្មជាតិ និងការផ្លាស់ប្ដូរធម្មជាតិកាន់តែអាក្រក់ទៅៗ និងមានប្រភេទសត្វជាច្រើនបានផុតពូជ ការរលាយទឹកកកនៅអង់តាក់ទិកក៏កាន់តែលឿនទៅៗដែរ  ហើយថែមទាំងទឹកសមុទ្រតំបន់ខ្លះក្លាយជាតំបន់ដែលគ្មានអ្វីអាចរស់នៅបានទៀតផងដោយសារការបំពុលខ្លាំងពេក។ 

នៅក្នុងលិខិតនោះ គេបានព្រមានថា មនុស្សលោកកំពុងស្ថិតក្នុងការគំរាមកំហែងពីកង្វះខាតធនធានធម្មជាតិដោយសារកំណើនប្រជាជន។ ហើយអ្នកវិទ្យាសាស្ត្រ និងបណ្ដាញព័ត៌មានមិនបានធ្វើការល្អគ្រប់គ្រាន់ក្នុងការប្រឆាំងវានោះទេ។

លិខិតនោះបន្តទៀតថា បើសិនជាពិភពលោកមិនធ្វើអ្វីមួយក្នុងពេលឆាប់ៗនេះទេ វានឹងមានមហន្តរាយទៅលើធនធានសត្វចម្រុះ ហើយទុក្ខវេទនាសម្រាប់មនុស្សជាតិប្រាកដជាកើតមានឡើងជាមិនខាន។

លិខិតបានបន្តទៀតថា រឿងមួយដែលមនុស្សធ្វើបានល្អនោះគឺស្រទាប់អូហ្សូនមានភាពរឹងមាំជាងមុន ក៏ប៉៉ុន្តែស្ទើរតែអ្វីៗផ្សេងទាំងអស់គឺស្ថិតក្នុងភាពដុនដាបជាងមុន។ ក្នុងពេលយ៉ាងខ្លីខាងមុខនេះ យើងនឹងលែងមានឱកាសបកក្រោយទៀតហើយ បើសិនជាយើងមិនប្ដូរទិសដៅពេលនេះទេ។

គេបានទទូចឲ្យអ្នកវិទ្យាសាស្ត្រនិងអ្នកជំនួញ ប្ដូរពីការផ្ដោតលើការអភិវឌ្ឍ មកការថែរក្សាពិភពលោកវិញ។ ពិភពលោកមានត្រឹមធនធានដែលមានកម្រិតប៉ុណ្ណោះសម្រាប់ការអភិវឌ្ឍប្រភេទមុខជំនួញខ្លះ។

សាស្ត្រាចារ្យ William Ripple មកពីសាកលវិទ្យាល័យរដ្ឋ Oregon ដែលជាអ្នកសរសេរលិខិតនេះបាននិយាយថា ការព្រមានពីអ្នកវិទ្យាសាស្ត្រយើងចំពោះមនុស្សជាតិ ច្បាស់ណាស់បានធ្វើឲ្យមនុស្សទាំងនៅក្នុងសង្គមវិទ្យាសាស្ត្រ​ និងមហាជនភ្ញាក់ខ្លួន៕

រូបតំណាង
ការរលាយទឹកកក
គំនរកាកសំណល់
ការបញ្ចេញឧស្ម័នពីរោងចក្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]