ភ្នំពេញៈ បុរសម្នាក់ត្រូវបាន រថយន្តដឹកដែក កិនបែកក្បាល និងធ្លាយពោះវៀនចេញក្រៅ បន្ទាប់ពីបើកលឿន គេចគំនរសំរាម រួចជ្រុលចង្កូតទៅបុករថយន្ត ដែលធ្វើដំណើរច្រាសគ្នា នៅមុខផ្សារត្រពាំងថ្លឹង ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសដែលអ្នកលក់ដូរ នៅមុខផ្សារត្រពាំងថ្លឹង ម្នាក់បានឲ្យដឹងថា គ្រោះថ្នាក់នេះ កើតឡើងនៅម៉ោង៨ និង៣០ នាទី យប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ នៅចំមុខផ្សារត្រពាំងថ្លឹងតែម្តង។ គាត់បានបន្តទៀតថា ជនរងគ្រោះបាន បើកម៉ូតូក្នុងល្បឿនលឿន ពីលិចទៅកើត តាមផ្លូវ វេងស្រេង ពេលមកដល់មុខផ្សារត្រពាំងថ្លឹង ក៏គេចគំនរសំរាម រួចក៏ជ្រុលចង្កូតទៅបុក ចំរថយន្តដឹកដែកដែលកំពុងធ្វើដំណើរច្រាសទិសគ្នា។

អ្នកដំណើរម្នាក់បានឲ្យដឹងដែរថា "ខ្ញុំបានឃើញម៉ូតូជនរងគ្រោះជ្រុលចង្កូតទៅបុកចំហៀង រថយន្ត ហើយម៉ូតូក៏ខ្ទាតចេញពីរថយន្ត ចំណែកឯជនរងគ្រោះវិញ បានខ្ទាតចូលកង់រថយន្ត ហើយក៏ត្រូវរថយន្តកិនបែកក្បាលខ្ទេច ថែមទាំងធ្លាយពោះវៀនទៀតផង"។

អ្នកដំណើរម្នាក់នោះក៏បានឲ្យដឹងទៀតថា "ហេតុការណ៍នេះ វាធ្វើឲ្យខ្ញុំមានការតក់ស្លុតណាស់ សឹងតែមិនអាចបើកម៉ូតូទៅមុខទៀតកើត ខណៈដែលបានឃើញ ក្បាលបុរសម្នាក់នោះត្រូវ រថយន្តកិនបែកក្បាលខ្ទេចនៅលើចិញ្ជើមផ្លូវយ៉ាងដូចនេះ"។

មន្រ្តីនគរបាលបានឲ្យដឹងថា លោក យ៉ុន មុន អាយុ៣០ឆ្នាំ ត្រូវបានស្លាប់ក្នុងហេតុការគ្រោះថ្នាក់ចរាចរនេះ ដោយឡែកអ្នកបើកបររថយន្ត បានគេចខ្លួនបាត់។

មន្រ្តីនគរបាលបានឲ្យដឹងទៀតថា សពលោក យ៉ុន មុន ត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើ បុណ្យតាមប្រពៃណីនៅឯផ្ទះ ចំណែកឯម៉ូតូរបស់លោក ម៉ាក Step ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Y-1555 រួមនិងរថយន្តដឹកដែកម៉ាក ហ្វុយហ្សូល ពណ៌ស លាយត្រួយចេក ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញ៕

ដោយៈ ហេង សេងឡុង 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]