អង់គ្លេស៖ ស្របពេលមនុស្សយន្តកំពុងកាន់កាប់កន្លែងធ្វើការកាន់តែច្រើនទៅៗ មនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាច្រើនក្នុងពិភពលោក បានមើលឃើញដំណោះស្រាយមួយ។

នៅក្នុងគម្រោងសម្រាប់ដោះស្រាយដ៏ធំនោះ គឺការចែកប្រាក់មួយចំនួនសម្រាប់មនុស្សទាំងអស់គ្នាជារៀងរាល់ខែ។ ការសាកល្បងក្នុងទំហំតូចៗមួយត្រូវបានគេធ្វើឡើងនៅបណ្តាប្រទេសមួយចំនួន ហើយពេលបច្ចុប្បន្នប្រទេសស្កុតឡេនកំពុងរៀបគំរោងសាកល្បងខ្នាតធំមួយ។

រូបតំណាង

គម្រោងប្រាក់ខែទូទៅ ឬ Universal Basic Income (UBI) នេះត្រូវបានលើកឡើងដោយមនុស្សល្បីល្បាញជាច្រើនដូចជាលោក Elon Musk,  Sir Richard Branson, និង Mark Zuckerberg ជាដើម។

អ្នកដែលរិះគន់គម្រោងនេះជឿថាវានឹងបំបាក់ទឹកចិត្តមនុស្ស កុំឲ្យរកការងារធ្វើ ប៉ុន្តែអ្នកដែលជឿលើគម្រោងនេះបាននិយាយថា វានឹងជួយដល់ភាពឆ្នៃប្រឌិត និងជួយឲ្យគេហ៊ានបង្កើតជំនួញដោយខ្លួនឯង។

ហើយអ្វីដែលយើងបានឃើញមកពីការសាកល្បងក្នុងសហគមន៍តូចៗពីមុនមកថា អ្នកដែលបានទទួលប្រាក់ទាំងនោះបានបើកក្លិប និងជំនួញតូចៗ ហើយគេថែមទាំងបង្កើតទំនាក់ទំនងរវាងគ្នា និងចូលរួមពិភាក្សារឿងនយោបាយទៀតផង។

គេបានបន្ថែមទៀតថា អស់រយៈពេល៤០ឆ្នាំមកនេះ មូលធននិយមអាចត្រឹមជួយអ្នកមានឲ្យកាន់តែមានទៀតតែប៉ុណ្ណោះ។ ចំណែកអ្នកក្រកាន់តែពិបាកទៅៗ ហើយភាពមិនស្មើភាពគ្នារវាងអ្នកមាននិងអ្នកក្រកាន់តែធំទៅៗផងដែរ។ ក៏ប៉ុន្តែឥឡូវគេអាចដោះស្រាយរឿងនេះបាន ដោយ UBI មានន័យថាមនុស្សគ្រប់គ្នានឹងទទួលប្រាក់ស្មើគ្នាជាប្រចាំ មិនថាអ្នកមាន ឬអ្នកក្រនោះទេ។

មនុស្សពូកែៗនិងមហាសេដ្ឋីជាច្រើនក៏គិតដូចនេះដែរ។ លោក Elon Musk បាននិយាយថា យើងនឹងត្រូវតែធ្វើប្រព័ន្ធ UBI។ វានឹងក្លាយជារឿងដែលចាំបាច់មួយនៅពេលអនាគត។ នៅអនាគតនឹងមានការងារតិចណាស់ដែលមនុស្សយន្តមិនអាចធ្វើល្អជាងមនុស្សនោះ។

លោក​ Elon Musk

Sir Richard បាននិយាយថា មនុស្សទាំងអស់គ្នាគួរតែមានឱកាសក្នុងការធ្វើការនិងលូតលាស់។ ប្រទេសភាគច្រើនអាចមានលទ្ធភាពផ្ដល់តម្រូវការមូលដ្ឋានសម្រាប់ប្រជាជនគេបាន។

Sir Richard Branson

ហើយលោក Zuckerberg បាននិយាយកាលពីឆ្នាំមុនថា យើងគួរតែសាកល្បងធ្វើ UBI ដែលអាចឲ្យមនុស្សចេះហ៊ានសាកល្បងធ្វើអ្វីថ្មីៗដោយមិនចាំបាច់ខ្លាចបាត់បង់់ការងារ និងប្រាក់ចំណូលរបស់គេ។

លោក Mark Zuckeberg

មានការស្ទង់មតិមួយកាលពីឆ្នាំមុនបានបង្ហាញថា ច្រើនជាងពាក់កណ្ដាលនៃប្រជាជនអង់គ្លេសគាំទ្រប្រព័ន្ធ UBI។ ហើយប្រទេសមួយចំនួនដូចជា ហ្វាំងឡង់ដ៏ ហូឡង់ដ៏ និងកាណាដាកំពុងបន្តធ្វើការសាកល្បងប្រព័ន្ធ UBI នេះបន្ថែមទៀត។ ចំណែកឯប្រទេសស្កុតឡេន កំពុងរៀបគម្រោងសាកល្បងខ្នាតធំសម្រាប់ទីក្រុង Glasgow Fife និង Edinburgh របស់គេ។

UBI មិនមែនមានន័យថា គេនឹងឲ្យប្រាក់យ៉ាងច្រើនទៅមនុស្សទាំងអស់គ្នានោះទេ។ ប្រាក់នោះមិនមែនសម្រាប់ទិញផ្ទះ ឬទៅដើរកម្សាន្តទេ គឺវាត្រឹមតែជួយឲ្យមនុស្សអាចរស់បានដោយមិនពិបាកតែប៉ុណ្ណោះ។

ការដែលមិនបារម្ភពីរឿងប្រាក់ខែ អាចទាញសម្ពាធចេញពីមនុស្សទាំងអស់គ្នាបានច្រើន។ មានមនុស្សជាច្រើនចង់បើកជំនួញដោយខ្លួនឯង ក៏ប៉ុន្តែគេមានអារម្មណ៍ថាគេមិនអាចបោះបង់ការងារគេបានទេ។

គេគិតថាយើងនឹងអាចឃើញភាពឆ្នៃប្រឌិតច្រើនជាងមុន។ វានឹងផ្ដល់សេរីភាពឲ្យមនុស្សក្នុងការរកគំនិតថ្មីៗ។

នៅក្នុងការសាកល្បងពីមុនមក យើងបានឃើញថាសុខភាពរបស់មនុស្សទាំងនោះបានប្រសើរឡើង ហើយការទៅមន្ទីរពេទ្យក៏ធ្លាក់ចុះ ទំនាក់ទំនងក្នុងសហគមន៍ក៏មានច្រើនឡើងដែរ។

នេះគឺដោយសារមនុស្សទាំងនោះលែងមានសម្ពាធរឿងប្រាក់ខែទៀតហើយ គេមានសេរីភាពក្នុងការនិយាយជាមួយគ្នាទៅវិញទៅមក។ នេះហើយជាវិធីដែលអាចជួយយើងឲ្យគេចផុតពីមហន្តរាយដែលអាចកើតឡើងដោយសារមនុស្សយន្តយកការងារពីមនុស្សបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]